ប្រែសម្រួលៈវាសនា/ឡុងដ៍៖បណ្តាប្រទេសអ្នកមានទ្រព្យធនកំពុងនាំគ្នាប្រមូលទុកវ៉ាក់សាំងកូវីដ១៩ហួសតំរូវការក្នុងប្រទេសរបស់ខ្លួនខ្ទង់ពាន់លានដូសដោយទុកអោយបណ្តាប្រទេសក្រីក្រជាងប្រញាយគ្នាទទួលឬទិញយកវ៉ាក់សាំងដែលនៅសល់ នៅពេលពិភពលោកស្វះស្វែងបញ្ចប់ឬទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នេះបើតាមសេចក្តីរាយការណ៍មួយចេញដោយពួកអ្នកធ្វើយុទ្ធនាការប្រឆាំងភាពក្រីក្រកាលពីថ្ងៃសុក្រទី១៩កុម្ភៈ។
ក្នុងការវិភាគអំពីកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩បច្ចុប្បន្ន ក្រុមយុទ្ធនាការONE Campaignបាននិយាយថា ប្រទេសអ្នកមានដូចជាអាម៉េរិក និងអង់គ្លេស គួរចែករំលែងវ៉ាក់សាំងហួសតំរូវការរបស់ខ្លួន។
ក្រុមដែលធ្វើយុទ្ធនាការប្រឆាំងភាពក្រីក្រនិងជំងឺអាចបង្ការបានមួយនេះ បាននិយាយថាការខកខានមិនបានធ្វើដូច្នេះ នឹងធ្វើអោយមនុស្សរាប់ពាន់លាននាក់មិនទទួលបានការការពារពីវីរុសបង្កជំងឺកូវីដ១៩ និងអាចអូសបន្លាយពេលការឆ្លងរាលដាលជំងឺនេះថែមទៀត។
របាយការណ៍ពិនិត្យមើលជាពិសេសលើកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗចំនួន៥ រួមមាន Pfizer-BioNTech, Moderna, Oxford-AstraZeneca, Johnson & JohnsonនិងNovavax។វារកឃើញថា មកទល់សព្វថ្ងៃ អាម៉េរិក សហភាពអឺរ៉ុប អង់គ្លេស អូស្ត្រាលី កាណាដា និងជប៉ុន ជាវបានវ៉ាក់សាំងជាង៣ពាន់លានដូសរួចហើយនៅពេលបណ្តាប្រទេសទាំងនេះត្រូវការតែ២,០៦ពាន់លានដូសសំរាប់ប្រជាពលរដ្ឋទាំងអស់របស់គេ។
ជេននី អុតថេនហូហ្វ នាយកគោលនយោបាយONE Campaignបាននិយាយថា« ការលើសតំរូវការយ៉ាងច្រើននេះ តំណាងអោយជាតិនិយមវ៉ាក់សាំង។បណ្តាប្រទេសអ្នកមានរកវ៉ាក់សាំងមកការពារខ្លួនឯងហួសហេតុតែវិធានការនេះនឹងនាំការខាតបង់ធំធេងទៅវិញ។ចាំបាច់មានការកែតំរូវផ្លូវដើរដ៏ធំមួយ បើយើងចង់ការពារមនុស្សរាប់លាននាក់នៅជុំវិញពិភពលោក»។
ការវិភាគបានរកឃើញថា ជាមួយនឹងការផ្កត់ផ្គង់វ៉ាក់សាំងកូវីដ១៩ផ្សេងទៀតនៅក្រោមកម្មវិធីចែកចាយវ៉ាក់សាំងសកលហៅថាCovax និងកិច្ចព្រមព្រៀងទ្វេភាគី វ៉ាក់សាំងលើសតំរូវការដ៏ច្រើននៅប្រទេសអ្នកមានវានឹងអូសបន្លាយពេលការពារប្រជាជនងាយរងគ្រោះនៅតាមប្រទេសក្រីក្រជាង។វាក៏នឹងជាឧបសគ្គនៃការកាត់បន្ថយការស្លាប់ដោយកូវីដ១៩និងការបំប្លែងរូបរបស់វីរុសកូរ៉ូណាថ្មីៗ។
អង្គការសុខភាពពិភពលោកកាលពីថ្ងៃព្រហស្បតិ៍បានទទូចដល់ប្រទេសនានាកុំចែករំលែកវ៉ាក់សាំងទ្វេភាគី(រវាងប្រទេស) តែបរិច្ចាគវាទៅកាន់កម្មវិធីសកលCovaxដើម្បីធានាភាពយុត្តិធម៌៕
មកទល់ពេលនេះ អាម៉េរិក សហភាពអឺរ៉ុប អង់គ្លេស អូស្ត្រាលីនិងជប៉ុន ដែលសុទ្ធជាប្រទេសអ្នកមាន គ្រប់គ្រងវ៉ាក់សាំងកូវីដ១៩ចំនួនជាង៣ពាន់លានដូស