ដោយៈ រ៉ាម៉ន / ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រើប្រាស់ អត្រាតម្លៃសេវាប្រមូលសំរាម និង សំណល់រឹង នៅរាជធានីភ្នំពេញ ដែលកំពុងអនុវត្ត ក្នុងអំឡុងពេលអន្តរកាល សម្រាប់ឆ្នាំ២០២១ នេះ នឹងអនុញ្ញាតឱ្យបុរេទូទាត់ (បង់ប្រាក់ទុកជាមុន Pre-payment) ត្រឹមរយៈពេល ៦ ខែ ដោយចាប់ពីខែមករា ឆ្នាំ២០២១ រហូតដល់ខែមិថុនា ឆ្នាំ២០២១ ។
នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីការអនុវត្តអត្រា ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ដំណាក់កាលអន្តរកាល និងយន្តការបុរេទូទាត់ សម្រាប់ឆ្នាំ២០២១ ដែលសារព័ត៌មានយើង ទទួលបាន នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដែលក្នុងសេចក្តីជូនដំណឹងនេះ មានន័យថាៈ យោងលិខិតលេខ ៤៩៥ សហវ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ទាំងអស់ ជ្រាបថា សម្រាប់ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បន្តប្រើប្រាស់អត្រា តម្លៃសេវាប្រមូលសំរាម និង សំណល់រឹង នៅរាជធានីភ្នំពេញ ដែលកំពុងអនុវត្ត ក្នុងអំឡុងពេលអន្តរកាលនេះ និងអនុញ្ញាតឱ្យបុរេទូទាត់ (បង់ប្រាក់ទុកជាមុន Pre-payment) ត្រឹមរយៈពេល ៦ ខែ ចាប់ពីខែមករា ឆ្នាំ២០២១ រហូតដល់ខែមិថុនា ឆ្នាំ២០២១។
ចំពោះនីតិវិធីនៃ ការបង់សេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ សូមប្រើប្រាស់លេខសំគាល់ អតិថិជន ID (មានក្នុងវិក្កយបត្រអគ្គិសនីកម្ពុជា) តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ជរទូទាត់នៅធនាគារអេស៊ីលីដា, ហត្ថា, កាណាឌីយ៉ា ក.អ, វឌ្ឍនៈ, ប្រៃសណីយ៍កម្ពុជា ក.អ, ABA, WING, AMK, FTB, WB Finance, Prince Bank, CHIP MONG, ស្ថាបនា ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀត ដូចជា EMONEY, TrueMONEY, លីហួរវេរលុយ និង PIPay ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង មកសាលារាជធានីភ្នំពេញ ឬតាមទំព័រហ្វេសប៊ុកផ្លូវការ រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ឬតាមលេខទូរស័ព្ទ ០៨៧ ២៥៨ ៨៣៥។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ នៅរាជធានីភ្នំពេញ មេត្តាជ្រាប និងអនុវត្តតាម សេចក្តីជូនដំណឹងនេះ៕/V