ដោយៈ វង្ស សុភាព/ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នេះថា មេខ្យល់ដែលនាំមនុស្សឆ្លងដែនខុសច្បាប់ គឺប្រឈមមុខនឹងច្បាប់ពាក់ព័ន្ធការរត់ពន្ធមនុស្សខុសច្បាប់ បើសិនជាសមត្ថកិច្ចរកឃើញមានភស្តុតាងច្បាស់លាស់។
រូបថតៈសម្តេចក្រឡាហោម:មេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ គឺជាការត់ពន្ធមនុស្ស
មេខ្យល់ដែលនាំមនុស្សឆ្លងកាត់ព្រំដែនខុសច្បាប់ គឺព្រំដែនកម្ពុជា-ថៃ និងព្រំដែនកម្ពុជា-វៀតណាម ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានចំនួន ៣៥នាក់ គិតចាប់ពីថ្ងៃទី១៣-១៨ ខែកុម្ភៈ។
សម្តេចក្រឡាហោម ស ខេងបានមានប្រសាសន៍បញ្ជាក់ថាសមត្ថកិច្ចនៅតែបន្តធ្វើតទៅទៀតចំពោះការទប់ស្កាត់ប្រជាពលរដ្ឋឆ្លងដែន និងការស្វែងរកមេខ្យល់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ហើយមេខ្យល់នាំប្រជាពលរដ្ឋឆ្លងដែនគឺមិនគោរពគោលការណ៍ របស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល ទាក់ទងការការពារទប់ស្កាត់ជំងឺកូវីដ១៩ និងថែមលើពីការគេចវេះមិនទៅតាមច្បាប់ មិនទៅតាមក្រុមហ៊ុនស្របច្បាប់ គឺចាត់ទុកថា ជាការរត់ពន្ធមនុស្ស អាចចាត់ទុកថា ជាការរត់ពន្ធមនុស្ស។
សូមជម្រាបថា មេខ្យល់នាំប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ដែលសមត្ថកិច្ចចាប់ខ្លួនមានដូចជាៈ ខេត្តបន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ ប៉ៃលិន កំពត ស្វាយរៀង តាកែវនិងខេត្តកោះកុង។មេខ្យល់បានប្រើល្បិចថ្មីដោយនាំមនុស្សឆ្លងដែនខុសច្បាប់ប្រើរូបភាព បន្លំភ្នែកសមត្ថកិច្ច ដោយបានដាក់បង្កប់មនុស្សនៅក្នុងរថយន្តដឹកផ្លែឈើ…៕សរន