ប្រែសម្រួល : កញ្ញាដាលីស ៖ ខ្សែការពាររបស់ក្លិប Bayern Munich និងរបស់ជម្រើសជាតិបារាំង បេនចាមីន ផាវ៉ាត បានធ្វើតេស្តិ៍វិជ្ជមានវីរុសកូរ៉ូណាក្នុងករណីទីបួននៅឯក្លិបនេះកាលពីខែមុន។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ Bayern កាលពីថ្ងៃព្រហស្បតិ៍ទី១៨កុម្ភៈបានឱ្យដឹងថា “កីឡាករវ័យ ២៤ ឆ្នាំរូបនេះមានសុខភាពល្អនិងកំពុងធ្វើចត្តាឡីស័កនៅផ្ទះ”។
ខ្សែការពារស្លាបស្តាំរូបនេះរកបានមួយគ្រាប់គត់នៃការប្រកួត ខណៈដែលក្រុមរបស់គេបានផ្តួលក្រុម Tigres ដើម្បីឈ្នះពានរង្វាន់ Club World Cupនៅប្រទេសកាតាកាលពីសប្តាហ៍មុននិងជាកីឡាករបម្រុងដែលមិនបានដាក់ឱ្យលេងក្នុងលទ្ធផលស្មើ ៣-៣ ជាមួយ Arminia Bielefeld កាលពីថ្ងៃចន្ទ។
Bayern មិនបានបញ្ជាក់ថាតើករណីវិជ្ជមានរបស់ផាវ៉ាតអាចទាក់ទងទៅនឹងខ្សែបម្រើ ថូម៉ាស មូលល័រ ដែលតេស្តិ៍វិជ្ជមានកាលពីសប្តាហ៍មុននៅក្នុងព្រឹត្តិការណ៍ Club World Cup ឬយ៉ាងណានោះទេ។ ម៉ូលល័របានហោះត្រឡប់ទៅទីក្រុងមុយនិចដាច់ដោយឡែកពីក្រុមដែលនៅសេសសល់ហើយបានធ្វើចត្តាឡីស័កនៅផ្ទះ។
ឡេអូន ហ្គោរ៉េតស្កា និង ចាវី ម៉ាទីណេស ទាំងពីរនាក់នេះបានតេស្តិ៍វិជ្ជមានកាលពីខែមុន។ ក្រុម Bayern បាននិយាយថា ពួកគេបានធ្វើការហ្វឹកហាត់បន្ថែមកាលពីថ្ងៃពុធដើម្បីស្តារកាយសម្បទារបស់ពួកគេ។
ក្រុមនាំមុខកំពូលតារាង Bayern នឹងលេងជាមួយក្រុមលេខ ៣ Eintracht Frankfurt ក្នុងក្របខ័ណ្ឌ Bundesliga នៅថ្ងៃសៅរ៍ ហើយបន្ទាប់មកត្រូវជួបជាមួយក្រុម Lazio ក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃទី ២៣ ខែកុម្ភៈ៕
ផាវ៉ាតតេស្តវិជ្ជមានកូវីដ១៩