ដោយៈសុផល/ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានមាន ប្រសាសន៍ថា៖«ការបញ្ជ្រាបការយល់ដឹងពីច្បាប់ចរាចរណ៍នៅកាន់មនុស្សគ្រប់ស្រទាប់ វណ្ណៈនិងសីលធម៌ក្នុងការបើកបរពិត មានសារៈសំខាន់ណាស់ក្នុងការចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមានគោលបំណងធានាសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងការធានាការពារសុខភាព អាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បតិ្ត និងបរិស្ថាន»។
លោកប៉ែន បូរាណ អនុរដ្ឋលេខាធិកាក្រសួងសាធារណការនិងដឹកជញ្ជូននិងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងក្នុងសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីស្តីពីចរាចរណ៍ផ្លូវគោកនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ ២០២១ នាទីស្តីការក្រសួងថា៖ការបញ្ជ្រាបការយល់ដឹងសុីជម្រៅពីច្បាប់ចរាចរណ៍ដល់មនុស្សគ្រប់រូបជាការល្អណាស់ក្នុងការចួលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
លោកបានបញ្ជាក់ថា៖«ច្បាប់គឺជាទម្លាប់ តែមិនមែនជាទម្លាប់អាក្រក់ទេ អ៊ីចឹងបើសិនអ្នកទាំងអស់គ្នាគោរពច្បាប់នៅក្នុងសង្គមមានន័យថានឹងមានចៀសផុតពីបញ្ហាទាំងអស់គ្នា។យ៉ាងណាមិញបើគ្មានច្បាប់នោះនឹងកើតអាណាធិបតេយ្យ។ឧទាហរណ៍៖បើម្នាក់ប្រកាន់ឆ្វេងម្នាក់ប្រកាន់ស្តាំនោះច្បាស់ជាបើកបុកគ្នាមិនខានធ្វើឲ្យក្លាយជាអាណាធិបតេយ្យមិនខាន»។
ជាមួយគ្នានោះដែរ លោកអនុរដ្ឋលេខាធិការក៏បានលើកឡើងថាបញ្ហាដែលចោទឡើងកាលពីឆ្នាំ២០១៩កន្លងបញ្ហាគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីល្បឿននិងការមិនគោរពសិទ្ធិអាទិភាពប៉ុន្តែសម្រាប់ឆ្នាំ២០២០បញ្ហាដែលកើតឡើងលេចធ្លោគឺការមិនគោរពសិទ្ធិជាអាទិភាពដែលជាចំណុចដោះស្រាយ។លោកបានបន្តថា«ថ្ងៃនេះយើងពិនិត្យលើបញ្ហាការមិនគោរពសិទ្ធិអាទិភាពមកសិក្សាឲ្យបានស៊ីជម្រៅហើយយកបញ្ហានេះមកដោះស្រាយ។អ៊ីចឹងយើងជាគ្រូបង្គោលគឺត្រូវរៀនសូត្រពីវាគ្មិនទាំងឡាយដែលបង្ហាញអំពីច្បាប់ចរាចរណ៍ផ្លូវគោក»។លោកបន្ថែមថាសិទ្ធអាទិភាពដែលមានចែងក្នុងច្បាប់ពិតជាមានសារៈសំខាន់ណាស់ព្រោះថាវាបានផ្តល់សិទ្ធិយានយន្តនីមួយៗ។ផ្ទុយទៅវិញអ្នកដែលមិនគោរពច្បាប់នោះនឹងអាចបង្ករឲ្យមានបញ្ហាគ្រោះថ្នាក់កើតឡើងជាមិនខាន។
ជាមួយគ្នានោះដែរលោកអនុរដ្ឋលេខាធិការក៏បានលើកឡើងថាកត្តាសីលធម៌ក៏ជាអាចចូលរួមក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផងដែរ។លោកគូសបញ្ជាក់ថា៖«បើមនុស្សដែលជាអ្នកបើកបរប្រកបដោយសីលធម៌គឺហាក់ដូចជាយើងបានគោរពច្បាប់បាន៥០ទៅ៦០ភាគរយទៅហើយផ្ទុយទៅវិញបើមនុស្ស(អ្នកបើក)មិនមានសីលធម៌មិនគិតពីគេគិតតែយកឈ្នះខ្លួន(ចេះតែបើក)ស្មើនឹងការមិនគោរពច្បាប់ផងដែរ»។
លោកប៉ែន បូរាណ ក៏បានលើកឡើងថាសិក្ខាកាមដែលជាគ្រូបង្គោលមករៀនថ្ងៃនេះនឹងក្លាយជាអ្នករៀនផង និងបង្រៀន នឹងក្លាយជាអ្នកចេះច្បាប់ពាក់ព័ន្ធនឹងចរាចរណ៍។
លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា៖មន្ត្រីដែលវត្តមានចូលរួមវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងយកចំណេះទៅបង្ហាត់បង្រៀនទៅអ្នកផ្សេងទៀត។
លោកបានមានប្រសាសន៍ថា៖សិក្ខាសាលាបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពច្បាប់ស្តីពីចរាចរណ៍ដល់មន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនដែលជាគ្រូបង្គោលដើម្បីយកទៅអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជា ពលរដ្ឋជា អ្នកប្រើប្រាស់ផ្លូវ។
សូមជម្រាបថា៖សិក្ខាសាលានេះ សហការរៀបចំដោយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអង្គការAPISWA៕Ph