ប្រែសម្រួលៈវាសនា/យ៉ាងហ្គោន៖និស្សិតអាយុ២០ឆ្នាំដែលត្រូវគ្រាប់ចំក្បាលក្នុងអំឡុងពេលតវ៉ាប្រឆាំងនឹងរដ្ឋប្រហារកាលពីសប្តាហ៍មុននៅក្នុងរដ្ឋធានីណៃពីដោរបានស្លាប់ នេះបើយោងតាមមិត្តម្នាក់របស់គ្រួសារជនរងគ្រោះ។វាជាការបាត់បង់អាយុជីវិតមនុស្សលើកដំបូងពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងរបបសឹកចាប់តាំងពីយោធាធ្វើរដ្ឋប្រហារកាលពីថ្ងៃ០១កុម្ភៈដែលបង្កអោយមានការតវ៉ាប្រឆាំងនៅទូទាំងប្រទេស។
នាង មីយ៉ា ថ្វេថ្វេ ឃីន ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស២នាក់ដែលរងរបួសធ្ងន់កាលពីថ្ងៃ០៩កុម្ភៈបន្ទាប់ពីប៉ូលិសបាញ់កាំភ្លើង ឧស្ម័នហៀរទឹកភ្នែកនិងទឹកដើម្បីបំបែកហ្វូងបាតុកម្មនៅទូទាំងប្រទេសដែលបណ្តាលអោយរបួសអ្នកប្រឆាំងតវ៉ាយ៉ាងតិច២០នាក់។
រំលឹកថា បាតុកម្មនៅក្រុងណៃពីដោរបានប្រែជាហិង្សានៅពេលកងកម្លាំងសន្តិសុខបាញ់គ្រាប់កាំភ្លើងជ័រទៅលើបាតុករ តែពួកវេជ្ជបណ្ឌិតក្រោយមកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា យ៉ាងហោចណាស់មនុស្ស២នាក់រងរបួសធ្ងន់ដោយត្រូវគ្រាប់កាំភ្លើងពិត។
កាលពីថ្ងៃសុក្រ មន្ត្រីពេទ្យម្នាក់បានអះអាងការស្លាប់របស់នាងនៅម៉ោង១១ព្រឹក និងថាបុគ្គលិកពេទ្យស្ថិតក្រោមការគាបសង្កត់ជាខ្លាំងចាប់តាំងពីជនរងគ្រោះចូលដេកពេទ្យ។
នៅសប្តាហ៍នេះដែរ អ្នកនាំពាក្យយោធា បានបញ្ជាក់អះអាងថានាងមីយ៉ា ថ្វេថ្វេ ឃីន បានត្រូវគ្រាប់ និងអាជ្ញាធរនឹងធ្វើការស៊ើបអង្កេត។
ការស្លាប់របស់និស្សិតស្រីនេះកើតឡើងចំពេលចំនួនអ្នកប្រឆាំងតវ៉ានៅទូទាំងមីយ៉ាន់ម៉ា បានកើនដល់រាប់សែននាក់ចាប់តាំងពីយោធាដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលកាលពីថ្ងៃ១កុម្ភៈ៕
សពស្ត្រីត្រូវគ្រាប់ចំក្បាលត្រូវបាននាំចេញពីមន្ទីរពេទ្យនៅក្រុងណៃពីដោរកាលពីថ្ងៃ១៩កុម្ភៈ
ពួកនិស្សិតកាន់រូបនាងមីយ៉ា ថ្វេថ្វេ ឃីន