ដោយៈ សុផល / ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានអនុញ្ញាតឱ្យ លោកស្រី ម៉ារៀ អ៊ែមើលីតា ស៊ី.អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរសាទរ ជូនចំពោះលោកជំទាវ ម៉ារៀ អ៊ែមើលីតា ស៊ី. អាគីណូ ដែលត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋហ្វីលីពីន តែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្តេចវិបុលសេនាភក្តី មានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូត របស់លោកស្រី ឯកអគ្គរដ្ឋទូត នឹងបន្តខិតខំលើកកម្ពស់ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ឱ្យកាន់តែល្អប្រសើរ បន្ថែមទៀត ដើម្បីជាគុណប្រយោជន៍ ដ៏សំខាន់ សម្រាប់ប្រជាជននៃ ប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។
ក្នុងឱកាសនោះ លោកស្រី ម៉ារៀ អ៊ែមើលីតា ស៊ី. អាគីណូ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានអនុញ្ញាត ឱ្យចូលជួបសម្តែងការគួរសម នាពេលនេះ។ លោកស្រី ឯកអគ្គរដ្ឋទូត បានសន្យាថា ក្នុងអាណត្តិបេសកកម្មការទូត របស់លោកស្រី នៅព្រះរាជាណាចក្រកម្ពុជា លោកស្រី នឹងខិតខំប្រឹងប្រែងបន្តពង្រឹងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេស លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យវិនិយោគ ដើម្បីជាផលប្រយោជន៍ សម្រាប់ប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរ ឡើងថែមទៀត។
លោកស្រី ឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភា ជ្រាបថា ក្នុងបេសកកម្មការទូត របស់លោកស្រី គឺផ្តោតសំខាន់លើការជួយជំរុញ ឱ្យមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រជាជន នៃប្រទេសទាំងពីរ ពីព្រោះ ចាប់តាំងពីការចាប់ផ្តើម នៃទំនាក់ទងការទូត នៃប្រទេសទាំងពីរ ទំនាក់ទំនងទៅវិញទៅមក រវាងប្រជាជន នៃប្រទេសទាំងពីរ មានតាំងពីយូរលង់ណាស់មក។
លោកស្រី ឯកអគ្គរដ្ឋទូត បានសន្យាថា នឹងខិតខំចូលរួមចំណែក ក្នុងការអភិវឌ្ឍធនធានមនុស្ស នៅព្រះរាជាណាចក្រកម្ពុជា ពីព្រោះ កត្តាធនធានមនុស្ស មានសារសំខាន់ណាស់ សម្រាប់ជួយអភិវឌ្ឍន៍ ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើន។ ក្រៅពីនេះ ប្រទេសហ្វីលីពីន បានផ្តល់អាហាររូបករណ៍ ដល់និស្សិតកម្ពុជា ទៅសិក្សាវិស័យវិទ្យាសាស្ត្រ និងវិស័យផ្សេងៗទៀត នៅប្រទេសហ្វីលីពីន។ លោកស្រី ក៏បានសន្យាផងដែរថា នឹងខិតខំប្រឹងប្រែង ស្វែងរកអាហារូបករណ៍ បន្ថែមទៀត សម្រាប់និស្សិតកម្ពុជា ព្រមទាំងសហការ រៀបចំវគ្គបណ្តុះបណ្តាល តាមរយៈស្ថាប័នអប់រំ នៅព្រះរាជាណាចក្រកម្ពុជា។
លោកស្រី ឯកអគ្គរដ្ឋទូត បានគួសបញ្ជាក់ អំពីទំនាក់ទំនង អន្តរសភា ជាពិសេសសភា នៃប្រទេសទាំងពីរ តែងមានការផ្លាស់ប្តូរ គណៈប្រតិភូ គ្នាទៅវិញទៅមក។ នាពេលខាងមុខ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ នៅឆ្នាំ២០២១ និងមហាសន្និបាត អន្តរសភាអាស៊ាន (AIPA) លើកទី៤៣ នៅឆ្នាំ២០២២ ព្រមទាំងការរៀបចំ ការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣។ លោកស្រី សូមគាំទ្រ និងអញ្ជើញភាគី ហ្វីលីពីន ចូលរួមក្នុងព្រឹតិ្តការណ៍សំខាន់ៗ ទាំងអស់នេះផងដែរ។
លោកស្រី ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថាៈ នៅឆ្នាំ២០២២ ខាងមុខនេះ គឺជាខួបលើកទី៦០ នៃទំនាក់ទំនងការទូត នៃប្រទេសហ្វីលីពីន-កម្ពុជា។ លោកស្រី បានត្រៀមខ្លួនជាស្រេច ដើម្បីសហការ ជាមួយនឹងភាគីពាក់ព័ន្ធ ក្នុងការរៀបចំ ពិធីអបអរសាទរខួប លើកទី៦០ នៃទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ឱ្យបានកាន់តែ អធិកអធម។ ជាមួយគ្នានេះ លោកស្រី ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយប្រជាជន ហ្វីលីពីន ដែលកំពុងស្នាក់ នៅប្រទេសកម្ពុជា ដែលបានបង្កើតសភាពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ ហើយបន្ទាប់ពីជំងឺកូវីដ១៩ នេះ ផុតរលត់ទៅ សភាពាណិជ្ជកម្មនេះ នឹងខិតខំពង្រឹងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ ទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវ សេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើន ឥតឈប់ឈរ។ ការរីកចម្រើន និងទំនាក់ទំនងដ៏ល្អនេះ ស្តែងឡើង តាមរយៈការផ្លាស់ប្តូរ ដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ននានា នៃប្រទេសទាំងពីរ។
សម្តេចវិបុលសេនាភក្តី បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលហ្វីលីពីន ចំពោះការផ្តល់អាហារូបករណ៍ ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា ឱ្យបានទៅសិក្សា ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅតាមសកលវិទ្យាល័យនានា នៅប្រទេសហ្វីលីពីន។ សម្តេច ក៏បានសម្តែងនូវសចេក្តីរីករាយ ចំពោះការបង្កើត សភាពាណិជ្ជកម្ម ហ្វីលីពីន នៅព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗ កន្លងទៅនេះ។ សម្តេចសង្ឃឹមថា បន្ទាប់ពីបញ្ចប់ជំងឺកូវីដ ១៩ យន្តការនេះ នឹងបន្តដំណើរការ ដែលនឹងជួយជំរុញ និងលើកកម្ពស់បន្ថែមទៀត ដល់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទសទាំងពីរ។
ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា ក៏បានស្នើដល់លោកស្រី ឯកអគ្គរដ្ឋទូត ជួយចលនា និងលើកទឹកចិត្តអ្នកទេសចរ និងអ្នកវិនិយោគិន ហ្វីលីពីន មកបណ្តាក់ទុនវិនិយោគ នៅប្រទេសកម្ពុជា និងជួយជំរុញការផ្លាស់ប្តូរ ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ បន្ថែមទៀត ដើម្បីជាគុណប្រយោជន៍ សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
សម្តេចវិបុលសេនាភក្តី បានថ្លែងអំណរគុណ ដល់ស្ថានទូតហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានជួយរួមចំណែក លើកកម្ពស់ការអភិវឌ្ឍ ធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តាមរយៈការផ្តល់គ្រូបង្រៀន បណ្តុះបណ្តាល ភាសាអង់គ្លេស ដល់មន្ត្រី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងពេលកន្លងទៅនេះ។ សម្តេចសង្ឃឹមថាស្ថានទូតហ្វីលីពីននឹងបន្តគាំទ្រលើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពភាសាអង់គ្លេស និងជំនាញនានាៗ ដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានាពេលខាងមុខបន្ថែមទៀត។
សម្តេចវិបុលសេនាភក្តីបានគូសបញ្ជាក់ថា សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ នាខែតុលា ឆ្នាំ២០២១ និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ នៅឆ្នាំ២០២២។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា បានស្នើសុំការគាំទ្រ និងអញ្ជើញសភាហ្វីលីពីន ចូលរួមក្នុងកិច្ចប្រជុំទាំងអស់នេះ។ តាមរយៈលោកស្រី ឯកអគ្គរដ្ឋទូត សម្តេចប្រធានព្រឹទ្ធសភា បានផ្តាំផ្ញើនូវការសួរសុខទុក្ខ ដោយសេចក្តីគោរពរាប់អាន ដ៏ខ្ពង់ខ្ពស់ជូនចំពោះ ឯកឧត្តមប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានត្រៀមខ្លួន នឹងធ្វើកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងលោកស្រី ឯកអគ្គរដ្ឋទូត និងស្ថានទូតហ្វីលីពីន ប្រចាំព្រះរាណាចក្រកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូន លោកស្រី ឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ ក្នុងព្រះរាជាណាចក្រកម្ពុជា៕/V.mara