Home ព័ត៌មានជាតិ សង្គម បណ្ឌិត​សង្ឃ​:...

បណ្ឌិត​សង្ឃ​: មធ្យោបាយ​តែមួយគត់ ដើម្បី បណ្តុះ​ការចូល​ចិត្ត​អាន គឺ​ចាប់ផ្តើម​អាន​

ដោយ​: មេសា / ភ្នំពេញ​: គ្រប់គ្នា​សុទ្ធតែ​បានដឹងហើយថា ការអាន​នាំមក​នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ក្រៃលែង ប៉ុន្តែ​ត្រូវបាន​ទទួលស្គាល់ថា ក្តី​ស្រឡាញ់ និង ទម្លាប់ នៃ ការអាន​នៅក្នុង​សង្គម​ខ្មែរ នៅមានកម្រិត​នៅឡើយ ពោលគឺ​នៅមាន​មនុស្ស​ជាច្រើន មិនទាន់​ចូលចិត្ត​អាន​នៅឡើយ ហេតុនេះ​នៅពេល​សួ​ថា តើ​ត្រូវ​ធ្វើយ៉ាងណា ដើម្បី បណ្តុះ​ចិត្តគំនិត​ឱ្យចូល​ចិត្ត​អាន ព្រះ​មុនី​កោសល បណ្ឌិត យ៉​ន សេង យៀ​ត ព្រះ​សាកលវិទ្យាធិការរង នៃ ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ បានផ្តល់​អនុសាសន៍​យ៉ាង​សាមញ្ញ​ថា “ ការអាន ប្រសិនបើ​យើង​មិនមាន​ទម្លាប់​អាន ទេ យើង​មុខជា​មិន​ចូលចិត្ត​ឡើយ ។ ហេតុនេះ​យើង​ត្រូវបង្កើត​ទម្លាប់​អាន ហើយ ដើម្បី បង្កើត​ទម្លាប់​អាន មាន​មធ្យោបាយ​មាន​តែមួយ​ប៉ុណ្ណោះ គឺ​ចាប់ផ្តើម​អាន ហើយ​អាន​នូវ​អ្វីដែល​យើង​ចូលចិត្ត ដូចជា​ផ្នែក​អក្សរសិល្ប៍ ប្រវត្តិសាស្ត្រ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ឬ វិទ្យាសាស្ត្រ​ជាដើម ហើយ​អាន​ទៅតាម​ចំនួន​ដែល​ខ្លួន​យើង​ចូលចិត្ត ។ បន្ទាប់មក យើង​នឹង​ចូលចិត្ត​អាន ហើយ​បន្តិច​ម្តងៗ យើង​នឹង​ក្លាយទៅជា​អ្នកអាន​ដ៏​ទូលំទូលាយ “ ។

ព្រះ​មុនី​កោសល បណ្ឌិត យ៉​ន សេង យៀ​ត ព្រះ​សាកលវិទ្យាធិការរង នៃ ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ មាន​ព្រះ​ថេរ​ដីកា​ទៅកាន់​សមណ​និស្សិត និង និស្សិត នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ នៅក្នុង​បាឋកថា​ប្រចាំខែ (រូបភាព៖ មេសា)

​ព្រះមហា​សមណៈ បណ្ឌិត យ៉​ន សៀង​យៀ​ត ផ្តល់​អនុសាសន៍​បែបនេះ នៅក្នុង​បាឋកថា​ប្រចាំខែ​របស់​ពុទ្ធិ​កសកល​វិទ្យាល័យ​ព្រះសីហនុ​រាជ នា​ព្រឹក​ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ ហើយ​បើតាម​ព្រះមហា​សមណៈ​បណ្ឌិត យ៉​ន សៀង​យៀ​ត ដដែល ចំពោះ​និស្សិត​ដែល​សិក្សា​នៅ​ឆ្នាំ​ទី ១ គួរ​អាន​សៀវភៅ​ឱ្យបាន​យ៉ាងហោចណាស់ ៥០ ក្បាល​ក្នុង ១ ឆ្នាំ ។​

​ព្រះ​ភិ​ក្ខ យ៉​ន សៀង​យៀ​ត ពន្យល់ថា តាមពិត​ការអាន គឺ​ធ្វើឱ្យ​យើង​កាន់តែ​ស្រឡាញ់​ការអាន​នៅពេលដែល​យើង​ដឹងថា យើង​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ការអាន ធ្វើឱ្យ​យើង​យល់ដឹង​ទូលំទូលាយ​នូវ​អ្វីដែល​នៅក្នុង​ខ្លួន​យើង និង ក្រៅ​ខ្លួន​យើង ហាក់ដូចជា​យើង​កំពុង​នៅក្នុង​ចំណោម​ពួក​វិ​ញ្ជូ​ជន ( អ្នកប្រាជ្ញ​) ហើយ​ការអាន​មានលទ្ធភាព​នាំ​យើង​ឱ្យចូល​ទៅដល់​ពិភព​ដាច់ដោយឡែក​មួយ​ដែល​យើង​មិនអាច​ទៅដល់​បាន ។​

​អំ​ណាន ត្រូវបាន​ទទួលស្គាល់​ជាស​កល​ថា​គឺជា​សូចនាករ ឬ ជា​កត្តា​វាស់វែង​ដ៏​មាន​សុក្រឹតភាព​បំផុត​មួយ នៃ កម្រិត​ជឿនលឿន​របស់​ប្រជាជាតិ​មួយ ពោលគឺ​ភាពជឿនលឿន​របស់​ប្រជាជាតិ​មួយ តែងតែមាន​ការអាន​ជាដំបូង ជា​កណ្តាល និង ខាងចុង ពោលគឺ​មិនអាច​ផ្តាច់​ចេញពី​ការអាន​ឡើយ ។

​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​អំ​ណាន​នៅ កម្ពុជា ត្រូវបាន​មើលឃើញថា មាន​សម្ទុះ​ខ្លាំងក្លា​គួរឱ្យកត់សម្គាល់ ជាក់ស្តែង​នៅក្នុង​ពិធី​ពិ​ព័រ​ណ៌​សៀវភៅ​ប្រចាំឆ្នាំ​ថ្នាក់ជាតិ​ម្តងៗ មាន​អ្នក​ចូល​កើន​ឡើងជា​លំដាប់ គឺ​ចាប់​ប្រមាណ​ជា ៥ ពាន់​នាក់ ជាង ១ ម៉ឺន​នាក់ ជាង ៤ ម៉ឺន​នាក់ ជាង ១០ ម៉ឺន នាក់ និង រហូតដល់​ជិត ២០ ម៉ឺន​នាក់ គឺជា​ចំនួន ដែល​ពុំ​ធ្លាប់មាន​ឡើយ នៅក្នុង​កំណត់ត្រា​ពិ​ព័រ​ណ៌​នានា​នៅ​ប្រទេស កម្ពុជា ហើយ​សៀវភៅ​នៅក្នុង​ពិធី​ពិ​ព័រ​ណ៌​ទាំងនោះ​ទៀតសោត ក៏ត្រូវ​បានទទួល​ស្គាល់​ថា លក់ដាច់​ខ្លាំង​ណាស់ដែរ ហើយ​ប្រការនេះ ក៏​គឺជា​ការបញ្ជាក់​ផងដែរ​ថា ចំពោះ​អ្នក​ទាំងឡាយណា ដែល​មិនបាន​អាន គឺ​ត្រូវគេ​ដើរចោល​ហើយ ។ ទោះយ៉ាងណា វិស័យ​អំ​ណាន​នៅ កម្ពុជា ក៏ត្រូវ​បានទទួល​ស្គាល់​ពី​អ្នកធ្វើការ​លើ​វិស័យនេះ​ផងដែរ​ថា នៅមានកម្រិត​នៅឡើយ បើ​ធៀប​ទៅនឹង​បណ្តា​ប្រទេសជិតខាង ។ នេះ មិនទាន់​ប្រៀបធៀប​ទៅនឹង​វិស័យ​អំ​ណាន​នៅ​បណ្តា​ប្រទេស​ជឿនលឿន​នៅឡើយ​ផង៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular