Home ព័ត៌មានជាតិ សន្តិសុខ រថយន្តស្ទូច​ដ...

រថយន្តស្ទូច​ដឹក​សសរ​បុកគ្រឹះ បើក​បុក​និង​កិន​យុវជន​ម្នាក់​បែកក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម​

ដោយៈ​សម្បត្តិ​/​ភ្នំពេញៈ រថយន្តស្ទូច​ដឹក​សសរ​បុកគ្រឹះ​មួយគ្រឿង បាន​បើក​បុក និង​កិន​យុវជន​ម្នាក់​បែកក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម នា​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃ ត្រង់​ថ្ងៃទី​១៩ ខែ កុម្ភៈ ឆ្នាំ​២០២១ នៅតាម​បណ្តោយ​មហាវិថី​ឈ្នះ ឈ្នះ ចំណុច​មុខ​វត្ត​កប់​ស្រូវ ក្នុងភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​យុវជន​ដែល​បាន​ស្លាប់​មានឈ្មោះ ឈាន ឈឺ​ន​ហឺ អាយុ​១៨​ឆ្នាំ មាន​លំនៅ​ភូមិ​វិហារ​សួគ៌​ត្បូង ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ជិះ​ម៉ូត​ម៉ាក MSX ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GA-3144 ចំណែក​រថយន្ត​បង្ក​ជា​រថយន្តស្ទូច​ដឹក​សសរ​បុកគ្រឹះ ម៉ាក NISSAN ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ភ្នំពេញ 3A-2888 ដោយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ យុវជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្តស្ទូច​មួយគ្រឿង បាន​ឡើង​ចេញពី​ផ្លូវ​បេតុង​មកពី​ទិស​ខាងត្បូង ហើយ​បាន​ជ្រុល​ទៅបុក​ម៉ូតូ និង​កិន​យុវជន​នេះ បែកក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។

​បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​អ្នកបើករថយន្ត​បាន​បើក​គេច​បាន​ព្យាយាម​បើ​គេច និង​បត់​ចូល​តាមផ្លូវ​លំបាន​ប្រមាណ​កន្លះ​គីឡូម៉ែត្រ ក្នុងភូមិ​កប់​ស្រូវ​ធំ មាន​រោងការ​មួយ​កណ្តាលផ្លូវ ក៍បាន​ឈប់​រថយន្ត​រត់គេចខ្លួន​បាត់ ដោយ​បន្សល់ទុក​តែ​រថយន្ត​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​វាស់វែង​យក​វត្ថុតាង​ទាំង​២ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ចំណែក​សាកសព​សមត្ថ​កិច្ចទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​សាច់ញាតិ​ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular