Home ព័ត៌មានសំខាន់ៗ ផែនការ​សម្រាប...

ផែនការ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង​ប្រកបដោយ​ភាពរស់រវើក និង​និរន្តរភាពនៅខេត្តមណ្ឌលគិរី ត្រូវបាន​ទទួលយក​

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី បាន​ឯកភាព​ទទួលយក​ផែនការ​រៀបចំ​ដែនដី​ខេត្តហើយ​នេះ​ជា​កំណត់សម្គាល់ ប្រវត្តិសាស្ត្រ​មួយ​ដែល​ខេត្តមណ្ឌលគិរី មាន​ផែនការ​រៀបចំ​ដែនដី​របស់ខ្លួន​ជា​លើកដំបូង​។ ក្នុង​កិច្ចប្រជុំ​ទទួលយក​ផែនការ​នេះ មាន​វត្តមាន​ចូលរួម​ពី​តំណាង​មកពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សមាជិក​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី ទីភ្នាក់ងារ​សហរដ្ឋ​អាម៉េរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​(USAID)​អង្គការ​WWF​កម្ពុជា​និង​ក្រុម​អ្នកជំនាញ​បច្ចេកទេស​កសាង​ផែនការ​រៀបចំ​ដែនដី​ផងដែរ​។​

​នៅមុន​កិច្ចប្រជុំ​ដើម្បី​ឯកភាព​ទទួលយក​ផែនការ​រៀបចំ​ដែនដី​នេះ ភាគី​ពាក់ព័ន្ធ​មកពី​ក្រសួង​ផ្សេងៗ មន្ទីរជំនាញ​ថ្នាក់​ខេត្ត ការិយាល័យ​រដ្ឋបាល​ស្រុក​ឃុំ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​និង​វិស័យ​ឯកជន​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​សម្រេច​ចុងក្រោយ​ស្តីពី​ផែនការ​រៀបចំ​ដែនដី​នៅ​ថ្ងៃទី ១៧ ខែកុម្ភៈ​ក​កន្លងទៅ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រស់់​អង្គការ​WWF​ដែ​ផ្សព្វផ្សាយ​កាលពី​ព្រហស្បតិ៍​បាន​ឲ្យ​ដឹងថា​ការបង្កើត​ផែនការ​រៀបចំ​ដែនដី ជា​ដំណើរ​ការដែល​មានការ​ចូលរួម​ពី​ពហុភាគី និង​ត្រូវបាន​ផ្តួចផ្តើមឡើង​នៅ​ខែមករា ឆ្នាំ ២០១៧​ដោយមាន​ការបង្កើតឡើង​នូវ​រចនា សម្ព័ន្ធ​អភិបាលកិច្ច ក្រោម​ការគាំទ្រ​ថវិកា​ពី​សហភាព​អ៊ឺរ៉ុប (EU)​។ ការបង្កើត​ផែនការ​រៀបចំ​ដែនដី ត្រូវបាន​ចាប់ផ្តើម​នៅ​ខែ តុលា ឆ្នាំ ២០១៨ ក្រោម​ការគាំទ្រ​ថវិកា​ពី​គម្រោង​គាំទ្រ​ដែនជម្រកសត្វព្រៃ​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាម៉េរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ តាមរយៈ​អង្គការ WWF កម្ពុជា​។ ដំណើរ​ការកសាង​ផែនការ​រៀបចំ​ដែនដី បាន​អនុវត្ត​ដោយ​ក្រុម​អ្នកជំនាញ​ប​ចេ្ច​ក​ទេស រួមមាន ក្រុមការងារ​ស្នូល​រៀបចំ​ផែនការ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី ក្រុម​ទីប្រឹក្សាបច្ចេកទេស​ដែល​ជ្រើសរើស​ដោយ​អង្គការ WWF កម្ពុជា និង​បុគ្គលិក​ជំនាញ​របស់ អង្គការ WWF កម្ពុជា​។

​លោក​បណ្ឌិត ម៉េង ប៊ុណ្ណា​រិ​ទ្ធ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រៀបចំ​ដែនដី​និង​នគរូបនីយកម្ម​និង​ជា​អគ្គលេខាធិការរង​នៃ គណៈកម្មាធិការ​រៀបចំ​ដែនដី​និង​នគរូបនីយកម្ម​ថ្នាក់ជាតិ​បាន​មានប្រសាសន៍ថា​“​ផែនការ​រៀបចំ​ដែនដី​នេះ​គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​ខេត្តមណ្ឌលគិរី​ដែល​មិន​ត្រឹមតែ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​និង​ការអភិវឌ្ឍ​នៅក្នុង​យុគសម័យ​នៃ​ភាវូបនីយកម្ម​ថ្នាក់​តំបន់​និង​សកលភាវូបនីយកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ផ្តល់​ឲ្យ​នូវ​ទិសដៅ​ជា​យុទ្ធសាស្ត្រ​ដើម្បី​កំណត់​ទម្រង់​នៃ​ការអភិវឌ្ឍ​ដែនដី​ខេត្ត​ក្នុង​រយៈពេល ២០​ឆ្នាំ​ខាងមុខ​។​លោក​បាន​បន្ថែមទៀតថា​“​ដូច​បានធ្វើ​សេចក្តីសន្និដ្ឋាន​រួម​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យល់​ចុងក្រោយ​កាលពី​ម្សិលមិញ ខ្ញុំ​ទទួលស្គាល់ថា​ផែនការ​រៀបចំ​ដែនដី​បាន​គិតគូរ​ពិចារណា​រាល់​កង្វល់​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ដំណើរ​ការកសាង​ផែនការ ដូច្នេះហើយ​ភាពសម្បូរ​បែប​នៃ​សម្បត្តិ​ធម្មជាតិ​និង​វប្បធម៌​មូលដ្ឋាន​គឺជា​ចំណុចកណ្តាល​នៃ​ផែនការ​នេះ​។ ខ្ញុំ​សង្ឃឹម​ថ​រដ្ឋបាលខេត្ត​និង រដ្ឋបាល​ចំណុះ​ខេត្ត​នឹង​ប្រើ​ផែនការ​រៀបចំ​ដែនដី​នេះ​ជា​ឧបករណ៍​នាំ​ផ្លូវ​សម្រាប់​ដំណើរការ​អភិវឌ្ឍ​នាពេល​អនាគត​របស់​ខេត្ត​។​”

​ផែនការ​រៀបចំ​ដែនដី គឺជា​ឯកសារ​យុទ្ធសាស្ត្រ​គោលនយោបាយ​សំខាន់​មួយ​ដែល​ផ្តល់នូវ​ចក្ខុវិស័យ​និង​គោលដៅ​អភិវឌ្ឍ​រយៈ ពេល​វែង​សម្រាប់​រយៈពេល ២០ ឆ្នាំ​ខាងមុខ (២០២១-២០៤០) ក៍​ដូចជា​ផ្តល់​ទិសដៅ​ជាក់លាក់​សម្រាប់​ការអភិវឌ្ឍ​ដែនដី​ខេត្ត ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព​ដែល​ផ្សារភ្ជាប់​នឹង​ការអភិរក្ស​។ ផែនការ​រៀបចំ​ដែនដី​ត្រូវបាន​បង្កើតឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​កើនឡើង​រប​ស់​សហគមន៍​មូលដ្ឋាន បញ្ហា​ប្រឈម​នៃ​ការអភិវឌ្ឍ និង​ការប្រែប្រួល​នៃ​ប្រព័ន្ធ​បរិស្ថាន វប្បធម៌ និង​សេដ្ឋកិច្ចសង្គម​នៅក្នុង​ខេត្ត​។​

 

​លោក​ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ខេត្ត មាន​ក្តី​សាទរ​ចំពោះ​ការចូលរួម​យ៉ាងសកម្ម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ រួមមាន​អាជ្ញាធរ​ថ្នាក់​ខេត្ត ថ្នាក់មូលដ្ឋាន សហគមន៍​មូលដ្ឋាន អង្គការក្រៅរដ្ឋាភិបាល​ម្ចាស់ជំនួយ​អ្នកជំនាញ​ប​ចេ្ច​ក​ទេស​និង​វិស័យ​ឯកជន​ដែល​សម្រេចបាន​នូវ​លទ្ធផល​នៃ​ការបង្កើត​ផែនការ​រៀបចំ​ដែនដី​នេះ​។ លោក​បាន​មានប្រសាសន៍​បន្ថែមថា “​ផែនការ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី​មាន​ទិសដៅ​ផ្តល់​ឥទ្ធិពល​លើ​ការសម្រេចចិត្ត និង​កសាង​ភាពជា​ម្ចាស់​រួមគ្នា​លើ​ការអភិវឌ្ឍ​ប្រកបដោយ​តុល្យភាព​រវាង​ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្ត​ភាព ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការទទួលបាន​នូវ​សេវាសាធារណៈ​ប្រកបដោយ​សមធម៌​” ។​

​លោកស្រី ហា​ញ ងូ​យ​យេន​(Hanh Nguyen) នាយក​បេសកកម្ម​ស្តីទី របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាម៉េរិក សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ បាន​មានប្រសាសន៍ថា​“​ទីភ្នាក់ងារ​សហរដ្ឋ​អាម៉េរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​សង្ឃឹមថា​ផែនការ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី នឹងត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​យុទ្ធសាស្ត្រ​មួយ​ដើម្បី​តម្រង់​ទិសដៅ​ជា​អាទិភាព​សម្រាប់​ការអភិវឌ្ឍ​និង​ការអភិរក្ស​ខេត្ត​ដ៏​ស្រស់ស្អាត​មួយ​នេះ តាមរយៈ​ការដោះស្រាយ​តម្រូវការ​បច្ចុប្បន្ន និង​ការធានាបាន​នូវ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ប្រកបដោយ​និរន្ត​ភាព​រយៈពេល​វែង និង​មានការ​បំ​ភាយ​ឧស្ម័ន​កម្រិត​ទាប​”​។​

​ផែនការ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី គឺជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធិភាព​និង​មានការ​ទទួលខុសត្រូវ និង​តុល្យភាព​នៃ​ការបែងចែក​ប្រើប្រាស់​ដីធ្លី​ធនធានធម្មជាតិ​និង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកទេស​និង​សង្គម​ដោយ​ផ្អែកលើ​តម្រូវការ​ជាក់ស្តែង របស់​ខេត្ត និង​គោលការណ៍​ច្បាប់ ការចូលរួម និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ពី​គ្រប់​ស្ថាន​ប័ន​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​ចំណែក​លោក​សេង​ទៀក​នាយក​អង្គការ​WWF​កម្ពុជា​បាន​មានប្រសាសន៍ថា​“​នវានុវត្តន៍​ចម្បងៗ​បំផុត​នៅក្នុង​វិធីសាស្ត្រ​គ្រប់គ្រង​តំបន់​ទេសភាព គឺ​ការទទួលស្គាល់​នូវ​តម្រូវការ​ដើម្បី​ដោះស្រាយ​អន្តរ​កម្ម​ដ៏​សាំញ៉ាំ​នៃ​វិសាលភាព​ការប្រើប្រាស់​ដែនដី​រួមទាំង​ការយល់ដឹង​អំពី ស្ថាប័ន​និង​អាកប្បកិរិយា​របស់​មនុស្ស​ក្នុង​នៅ​ទីនោះ​ផងដែរ​”​។ លោក សេង ទៀក បាន​បន្ថែមទៀតថា “​អង្គការ WWF កម្ពុជា ត្រៀមខ្លួន​ជាស្រេច​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ក្នុងការ​រៀបចំ​ផែនការ​ប្រើប្រាស់​ដីធ្លី​ប្រកបដោយ​និរន្ត​ភាព​ដើម្បី​ថែរក្សា​ការពារ​ជីវៈចម្រុះ​សម្បូរបែប​នៅក្នុង​ខេត្តមណ្ឌលគិរី​”៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular