Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​រឿង​ទឹក​នៅ​ប...

​រឿង​ទឹក​នៅ​បី​ស្រុក ដោះស្រាយ​ចប់ បន្ទាប់ពី​អភិបាល ខេត្តកំពង់ចាម ចុះ​ដល់​មូលដ្ឋាន​

​ដោយៈ ប​.​ខុន / ភ្នំពេញៈ ទំនាស់​រឿង​ទឹក សម្រាប់ធ្វើ​ស្រូវប្រាំង នៅក្នុង​ស្រុក​ជើងព្រៃ ស្រុក​បាធាយ និង​ស្រុក​កងមាស ដែល​ប្រជាពលរដ្ឋ បាន​លើកគ្នា​ទៅ​តវ៉ា ដល់​សាលាខេត្ត​កំពង់ចាម កាលពី​ថ្ងៃទី​១៧​ខែកុម្ភៈ បាន​ដោះស្រាយ​ចប់ សព្វគ្រប់​ហើយ នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ បន្ទាប់ពី​លោក​អភិបាល ខេត្តកំពង់ចាម បាន​ចុះ​ដល់​មូលដ្ឋាន ជាមួយ​អភិបាលស្រុក ពាក់ព័ន្ធ​ទាំងបី រួមជាមួយ​មន្ត្រីឃុំ និង​សហគមន៍​ប្រើប្រាស់​ទឹក ឱ្យមាន​ការយោគយល់​គ្នា និង​មានទឹក សម្រាប់​ប្រើ​ទាំងអស់គ្នា រួចមក​។​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ បន្ទាប់ពី​ត្រឡប់​មកពី ពិនិត្យ​បញ្ហា​ទំនាស់ ដោយសារ​ទឹក សម្រាប់ ធ្វើ​ស្រូវប្រាំង​ប្រដេញទឹក នៅក្នុង​ស្រុក​ជើងព្រៃ ស្រុក​បាធាយ និង​ស្រុក​កងមាស ថាៈ បញ្ហា​ដែល​កើតមាន​ជាច្រើន ឆ្នាំ​មកហើយ​នោះ បាន​ដោះស្រាយ ចប់សព្វគ្រប់ ហើយ​ពេលនេះ បាន​ស្រុះស្រួល​គ្នា​វិញ ហើយ​ក្រោយពី​បាន​ហៅ​អភិបាលស្រុក​ទាំងបី មេឃុំ និង​សហគមន៍​ប្រើប្រាស់ ទឹក​មក​ធ្វើការ​ពិនិត្យ ដល់​កន្លែង មាន​បញ្ហា​ជាមួយគ្នា​។​

​វិវាទ​ទឹក​នៅក្នុង​ស្រុក​ទាំងបី ខាងលើនេះ លោក អ៊ុន ចាន់​ដា បានបញ្ជាក់​ថាៈ យើង​បានធ្វើការ​ដោះស្រាយ ពីរ បី ថ្ងៃ​មកហើយ ដោយ​ទទួលបាន​លទ្ធផល​ល្អ ជា​បន្តបន្ទាប់ ក្រោយពី​បានសម្រេច​ឱ្យ​ដាក់​ថែម​លូ ទំហំ ០,៨០ ម៉ែត្រ ចំនួន​ពីរ​ខ្សែ​បន្ថែម នៅ​ទំនប់​ស្ទឹង​ឆ្វេង និង​ថ្ងៃនេះ បានសម្រេច​ឱ្យ​ដាក់លូ ទំហំ​មុខកាត់ ១ ម៉ែត្រ មួយ​ខ្សែ​ទៀត នៅ​ទំនប់​អន្លង់​ជ្រៃ ធ្វើយ៉ាងណា ក្នុង​រយៈពេល ៥ ថ្ងៃ ឱ្យ​ទឹក​ស្រក់​ចុះ​បាន​មួយ ម៉ែត្រ​ទៀត ដើម្បីឱ្យ​អ្នកមាន​ដីស្រែ នៅ​បឹង​ជ្រោយ អាច​សាបព្រោះ​បាន និង​រក្សា​ទឹក​ទុក សម្រាប់​ប្រើប្រាស់​បន្ត ក្នុង​រដូវប្រាំង​នេះ​។​

​លោក អ៊ុន ចាន់​ដា បាន​និយាយ​ឱ្យដឹងទៀតថាៈ ប្រជាពលរដ្ឋ និង​អាជ្ញាធរ ដែល​ពីមុន មិនបាន​យល់​គ្នា​នោះ ពេលនេះ បាន​ស្រុះស្រួល​គ្នា​ហើយ បន្ទាប់ពី​បានធ្វើការ​រួមគ្នា នៅថ្ងៃនេះ ឯកភាពគ្នា​ឱ្យមាន​ទឹក​ប្រើប្រាស់​ទាំងអស់​។​

​លោក ផេ​ន សុផល អភិបាលស្រុក​បាធាយ ដែល​ចុះ​ធ្វើការ​ដោះស្រាយ​ការងារ ខាងលើ ២ ថ្ងៃ មកហើយ ជាមួយនឹង​មន្ត្រី​ជំនាញ​នោះ បាន​និយាយ​ឱ្យដឹងថា ទឹក បាន​ស្រក​ច្រើន ហើយ​នៅ​កំណាត់​ស្ទឹង ក្នុង​ឃុំ​ច្បារអំពៅ តែ​ផ្នែក​ខាងលើ នៃ​ឃុំ​នេះ នៅ​ស្រក​យឺត ដោយសារ​មាន​ទំនប់​មួយទៀត ដែលមាន​លូ តែមួយ​ខ្សែ និង​ត្រូវដាក់ ថែម​លូ​ថ្មី​មួយ​ខ្សែ​ទៀត ទំហំ​១​ម៉ែត្រ តាម​ការសម្រេច​របស់ លោក​អភិបាលខេត្ត​។ នៅតាម​ស្ទឹង​នេះ ក្នុងស្រុក​ជើងព្រៃ មាន​ទំនប់​ដី កាត់​ស្ទឹង ច្រើន​កន្លែង ដែល​ប្រជាជន បានធ្វើ​ឡើង សម្រាប់​ឆ្លង​យានយន្ត ដើម្បី​ដឹក​កសិផល ដោយ​ដាក់លូ មិនបាន​សមស្រប​ធ្វើឱ្យ​ទឹក​ស្រក​ចុះ​យឺត ។ ទំនប់​បែបនេះ មានតែ​នៅក្នុង រដូវប្រាំង ដល់​ខែវស្សា ទឹក​លិច​ខូច​ទៅវិញ​អស់ ។ ជារួម ការដោះស្រាយ របស់លោក​អភិបាលខេត្ត នៅថ្ងៃនេះ ប្រជាពលរដ្ឋ ទទួលយកបាន ដោយ​រីករាយ​គ្រប់គ្នា​ហើយ​។​

​រំលឹក​ឱ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ប្រជាពលរដ្ឋ ប្រមាណ​ជា ២០០ នាក់ មកពី​ឃុំ​ផ្តៅ​ជុំ​, សូ​ទិ​ប​, ព្រៃ​ចា​, រាយប៉ាយ ស្រុក​ជើងព្រៃ បាន លើកគ្នា​ទៅ​តវ៉ា​នៅខាងមុខ សាលាខេត្ត​កំពង់ចាម រឿង​ទឹក​លិច​ខ្លាំង មិនអាច​ធ្វើស្រែ​ប្រាំង​បាន សូមឱ្យ​អាជ្ញាធរខេត្ត ជួយ​រក​ដំណោះស្រាយ ចំពោះ​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ច្បារអំពៅ ស្រុក​បាធាយ បាន​បិទ​ទឹក នៅ​ផ្នែក​ខាងក្រោម ធ្វើឱ្យ​ពួកគាត់ នៅ​ខាងលើ មិនអាច​ធ្វើស្រែ​ប្រាំង​បាន​៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular