Home ព័ត៌មានជាតិ មជ្ឈមណ្ឌល​សូត...

មជ្ឈមណ្ឌល​សូត្រ​ខ្មែរ បានទទួល​សម្ភារៈ​ពិសោធន៍​ទំនើប​ចំនួន​២​គ្រឿង​សម្រាប់​បម្រើ​ដល់​ការស្រាវជ្រាវ​

ដោយៈ​សុផល​/​ភ្នំពេញ​៖ មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានទទួល​សម្ភារៈ​ពិសោធន៍​ទំនើប​ចំនួន ២​គ្រឿងសម្រាប់​បម្រើ​ដល់​ការស្រាវជ្រាវ និង​សម្រេច​ជោគជ័យលើ​ចំណី​សិប្ប និម្មិត​និង​ការ​បង្កាត់​ពូជ​ថ្មីៗ​កាន់តែ​ល្អ​បន្ថែមទៀត​។​ជាមួយគ្នានេះដែរ​និស្សិត​ជីវសាស្ត្រ​ចំនួន​៥​រូប​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដែl​បាន​ចូលរួម​យ៉ាងសកម្ម​ដោយ​ស្ម័គ្រចិត្ត​ក្នុងការ​បំពេញការងារ​ក្នុង​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​ក៏បាន​ទទួល​អាហារូបករណ៍​លើ​ការសិក្សា​ទាក់ទង​នឹង​វិស័យ​សូត្រ​។​សម្ភារៈ​ពិសោធន៍​ទំនើប​ចំនួន​២​គ្រឿង​និង​អាហារូបករណ៍​នេះ ផ្តល់​ដោយ​ធនាគារ​ស៊ី​អាយ​អឹម​ប៊ី​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១​ម្សិលមិញ​នេះ​។

​សូត្រ​ខ្មែរគឺជា​អត្តសញ្ញាណនិង​បេតិកភណ្ឌ​ជាតិ ដែលមាន​ប្រវត្តិនិង​វប្បធម៌​យូរលង់​ណាស់​មក ហើយ ក្នុង​ជីវភាព​ប្រជាជន​ខ្មែរ ដែល​អាច​ច្នៃ​ជា​សម្លៀកបំពាក់​ដ៏​មានតម្លៃ ក៏ដូចជា​សម្ភារៈ​តុបតែង ក្នុង​កម្មវិធី​ប្រពៃណី​នានា​ផងដែរ​។បច្ចុប្បន្នបើតាម​របាយការណ៍រ​បស់​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ ប្រទេស​កម្ពុជា​បាន​នាំចូល​សូត្រ ពី​ក្រៅប្រទេស រហូតដល់៩៩%ខណៈដែល​សូត្រ​ក្នុងស្រុកអាច​ផ្គត់ផ្គង់​ទីផ្សារបាន​ត្រឹម​ប្រមាណ១%ប៉ុណ្ណោះ​។ ដូច្នេះ​ការលើកកម្ពស់ លើ​កត្តា​បច្ចេកទេស សម្ភារៈ​ទំនើប ការចិញ្ចឹមនិង​ការ ថែទាំ​ដង្កូវនាង ដែលជា​វត្ថុធាតុដើម​ចម្បង ក្នុងការ​បង្កើត​សរសៃសូត្រ​ឲ្យ​បានល្អ តាម​តម្រូវការ​ទីផ្សារ និង​មាន​គុណភាព​ខ្ពស់ ដើម្បី​លើកស្ទួយ​វិស័យ​សូត្រ​ខ្មែរ ក៏ដូចជា​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា សិប្បកម្ម​សូត្រ​ខ្មែរ និង​សេដ្ឋកិច្ចជាតិ​ជារួម​ផងដែរ​។​

​លោក​ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ CIMB បានបង្ហាញ​ចំណាប់អារម្មណ៍​ថា​៖ «​ខ្ញុំ​មាន​មោទនភាព និង​ក្តី​សោមនស្ស​រីករាយ​ក្រៃលែង ដែល​បានដឹងថា មជ្ឈមណ្ឌល​សូត្រ​ខ្មែរ បាន​កសាង​គ្រឹះ​យ៉ាងរឹងមាំ សម្រាប់​វិស័យ​សូត្រ ក្នុងការ​ស្រាវជ្រាវ​ផលិតផល​ពូជ​ដង្កូវនាង ដែលមាន​សុខភាព​ល្អ រហូតដល់​ជាង ២០​ពូជដើម្បី​ទទួលបាន​ទិន្នផល​សូត្រ​ខ្ពស់​ក៏ដូចជា​ស្រាវជ្រាវ​អភិវឌ្ឍ​ពូជ​ដើម​មន​ដែល ជា​ចំណី​ធម្មជាតិ​ព្រមទាំង​ចំណី​សិប្ប​និ​មិ​ត្ម​សម្រាប់​ដង្កូវនាង​ផងដែរ​។​ដូច្នេះ​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា សម្ភារៈ​ពិ​សោ​ន៍​ទំនើបដែល​ធនាគារស៊ី​អាយ​អិ​ម​ប៊ីប្រគល់ជូន​នា​ថ្ងៃនេះនឹង​បង្ក​ភាព​កាន់តែ​ងាយស្រួល ដល់​ការស្រាវជ្រាវ និង​សម្រេច​ជោគជ័យ លើ​ចំណី​សិប្បនិម្មិត និង​ការបង្កា​ត​ពូជ​ថ្មីៗ​កាន់តែ​ល្អ​បន្ថែម ទៀត​ផងដែរ​»​។​

​ជាមួយគ្នានេះ​លោក ប៊ុន យីន បាន​ផ្សាភ្ជាប់​អត្ថន័យ​នៃ​ការអភិវឌ្ឍ​ពូជ​ដង្កូវនាង​ទៅនឹង​កត្តា​ធនធាន មនុស្ស​ដូចជា​សិស្សានុសិស្ស​និង​និស្សិត​ដែលជា​កម្លាំងចលករ​ស្នូល​ដ៏​រឹងមាំ ក្នុងការ​បន្ត​នូវ​គំនិត​ផ្តួច ផ្តើម និង​ធានា​ការអភិវឌ្ឍ​នេះ​បាន​ស្ថិត​ឋេ​រ​ចេរកាល​រាងរហូត​។ លោក​បាន​ជូនពរ​ដល់​ក្មួយៗ​និស្សិត​អាហា​រូ​បណ៍​ផ្នែក​ជីវសាស្ត្រ​ទាំង​៥​រូប​បន្ត​ខិតខំ​សិក្សា នៅក្នុង​ថ្នាក់រៀន និង​អនុវត្ត​ផ្ទាល់ នៅក្នុង​មជ្ឈ មណ្ឌល​សូត្រ​ខ្មែរ រួច​ផ្តល់​ត្រឡប់​ជូន​មជ្ឍមណ្ឌល​វិញ ក្រោយពេល​បញ្ចប់​ការសិក្សា ដើម្បី​ឲ្យ​វិស័យ​សូត្រ​ខ្មែរ​មានការ​លូតលាស់ និង​គង់​វង់​យូរអង្វែង​។​

​ក្នុងនាម​ជា​អ្នក​ផ្តួចផ្តើម​បង្កើត​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​ បណ្ឌិត ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ និង​សាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ បាន​ថ្លែងថា​៖«​មកដល់ពេលនេះ យើង ​បាន​កសាង​គ្រឹះ​រឹងមាំ​មួយ​ហើយដែល​យើង​មាន​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​នេះធនធានមនុស្សបច្ចេកទេ​ស និង​សម្ភារៈ​ទំនើបដើម្បី​បន្តការងារ​អភិវឌ្ឍ​បន្ថែមទៀតហើយ​គោលបំណង​របស់​យើង​ធំគឺ​មិនមែន​ត្រឹម​តែ​ថ្នាក់​សាលា​ឡើយ តែ​ជា​គោលដៅ​ថ្នាក់ជាតិក្នុងការ​ស្តារ​វិស័យ​សូត្រ​ខ្មែរ​យើង​ឡើងវិញដោយ​យើង​​ត្រូវការ​ការចូល​រួមទាំង​អស់​គ្នា​។ ឥឡូវនេះ គោលដៅ​ចម្បង​របស់​យើង គឺ​បង្កើត​គុណភាព និង​ផលិត​ភាព​ខ្ពស់ នៃ​ដង្កូវនាង ក្នុងការ​ផលិត​ផលស​រ​សៃ​សូត្រ​។ ក្រៅពី​ការ​បង្កាត់​ពូជ​ដង្កូវនាង ដែល​អាច​ផលិត​សរសៃសូត្រ​វែង​ជាង​មុន យើង​ក៏​កំពុង​សិក្សា​លើ​ការបង្កើត​ចំណី​សិប្បនិម្មិត ដើម្បី​ធ្វើ​ឲ្យ​ដង្កូវ​នាង​មាន​សុខ​ភាពល្អ គ្មាន​ជំងឺ គ្មាន​ការ​ងាប់​ច្រើន និង​កាត់បន្ថយ​កម្លាំង​ពលកម្ម​។ ដូច្នេះ​សម្ភារៈ​ពិសោធន៍​ទំនើប ដែល​ធនាគារ CIMB ឧបត្ថម្ភ​នាពេលនេះ នឹង​ជួយ​ដល់​ការស្រាវជ្រាវ​របស់​យើង ក្នុងការ​សម្រេចបាន​ចំណី​សិប្បនិម្មិត នាពេល​អនាគត​»​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​បណ្ឌិត ម៉ី កល្យាណ ក៏បាន​សម្តែង​ការថ្លែងអំណរគុណ ដល់​ធនាគារ​CIMB​ដែល​បាន​ចូលរួម​ស្តារ​វិស័យ​សូត្រ​ខ្មែរ​ជាមួយនឹង​មជ្ឈមណ្ឌល​សូត្រ​ខ្មែរហើយ​ឧបត្ថម្ភ​នូវ​សម្ភារៈ​​ពិសោធន៍​ទំនើប ស្របតាម​តម្រូវការនិង​ទាន់ពេលវេលា​។​មិនតែប៉ុណ្ណោះ​លោក​បណ្ឌិត​ក៏មាន​ក្តី​សោម​នស្ស​រីករាយ​ផងដែរ​ដោយ​និស្សិត​ជីវសាស្ត្រ​៥​រូប ដែល​បម្រើ​ការងារ​ដោយ​ស្ម័គ្រចិត្ត ក្នុង​មជ្ឈមណ្ឌល​សូត្រ​ខ្មែរទទួលបាន​ការលើកទឹកចិត្តជាមួយនឹង​ការផ្តល់ជូន​អាហារូបករណ៍​សិក្សាពី​ធនាគារCIMB​។​

​លោក​បណ្ឌិត​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​កាន់តែ​ច្រើនឡើងពី​ដៃគូ​ឯកជននិង​អង្គការ​នានា ដែល​មាន​បេះដូង ក្នុងការ​ស្តារ​វិស័យ​សូត្រ​ខ្មែរ ដែលជា​អត្តសញ្ញាណ វប្បធម៌ សង្គម និង​វប្បធម៌​របស់​យើង​។​សព្វថ្ងៃនេះ​មាន​ផ្នែក​ឯកជន​កាន់តែ​ច្រើនឡើង​បាន​ចូលរួម​ជាមួយនឹង​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​ក្នុង​ការ​ចិញ្ចឹម​​ដង្កូវនាង​និង​ដាំ​មន​ដែលជា​ចំណី​ដង្កូវនាង ដោយ​ក្នុងនោះ​មាន​សាខា​សហគមន៍​កសិករ នៅ​តាម​បណ្តា​ខេត្ត​សក្តានុពល​នានា រួមមាន​ខេត្តកំពង់ស្ពឺ មណ្ឌលគិរី​និង​បាត់ដំបង​ជាដើម​។​ហើយ​នឹង​មាន​ខេត្ត​ជាច្រើន​បន្តទៀត ដែល​បាន​ចាប់អារម្មណ៍ និង​មាន​បេះដូង និង​ការប្តេជ្ញាចិត្ត​ខ្ពស់ ចូលរួម​ជាមួយនឹង​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​៕ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular