ដោយៈជាសីហៈ/ភ្នំពេញៈក្រោយការអំពាវនាវនឹងជំរុញឲ្យមានរោងចក្រកែច្នៃផលិតផលពីជ័រកៅស៊ូជាបន្តបន្ទាប់ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានប្រកាសថា មានគម្រោងមួយកំពុងតែស្នើសុំបើក រោងចក្រ ធ្វើសំបកកង់យានយន្ត ។ ប្រភពពីក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានអះអាងថាតាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន“CARTTIRECO.,LTD”គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ។
ប្រភពដដែលបានអះអាងថា តាមការគ្រោងទុក រោងចក្រនេះនឹងមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។
កន្លងមកកម្ពុជាក៏ធ្លាប់មានរោងចក្រធ្វើសំបកកង់យានយន្តនេះជាបន្តបន្ទាប់ផងដែរប៉ុន្តែបានដួលរលំទោះបីជាកម្ពុជានៅពេលនេះជាប្រទេសដែលកំពុងតែមានផលិតផលកសិឧស្សាហកម្មដែលបម្រើឲ្យ ឧស្សាហកម្មសំបកយានយន្តនេះ គឺកៅស៊ូស្រាប់ក៏ដោយ ៕.mara