ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវឲ្យប្រជាជនកម្ពុជាគ្រប់រូប,ដៃគូអភិវឌ្ឍន៍និង តួអង្គពាក់ព័ន្ធទាំងអស់សកម្មចូលរួមអនុវត្តគោលនយោបាយស្តីពីការ«គ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនឆ្នាំ២០២០-២០៣០»និងប្រកាន់ខ្ជាប់នូវកាតព្ធកិច្ចជាពលរដ្ឋល្អ ក្នុងការចូលរួមថែរក្សាអភិរក្សបរិស្ថានក្រោមពាក្យស្លោក«កម្ពុជាស្អាតផ្តើមចេញពីយើងម្នាក់ៗ»ដែលជាបុរេលក្ខខណ្ឌកំណត់ភាពជោគជ័យនៃសមរភូមិកែទម្រង់និងការដ្ឋានការងារថ្មីមួយនេះ ។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តនូវ «គោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនឆ្នាំ២០២០-២០៣០» ។ គោលនយោបាយនេះមានចក្ខុវិស័យរួមចំណែកធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាកាន់តែមានបរិ ស្ថានស្អាតការរស់នៅប្រកបដោយផាសុខភាព សុខុមាលភាពនិងសោភ័ណភាពទាក់ទាញសមស្របនឹងកំណើននៃ នគរូបនីយកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័សនិងមានគោលបំណងរៀបចំបង្កើតនិងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនមានលក្ខណៈទំនើបគ្រប់ជ្រុងជ្រោយដោយគិតគូរពីប្រសិទ្ធភាពសេដ្ឋកិច្ចលទ្ធភាពធនធានហិរញ្ញវត្ថុនិរន្តរភាពបរិស្ថាននិងទិដ្ឋភាពសង្គម ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរនៅក្នុងអារម្ភ កថាចុះថ្ងៃទី១៦ ខែ កុម្ភៈ ២០២១នៃការដាក់ចេញឱ្យអនុវត្តគោលនយោបាយស្តីពីការ«គ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ២០២០-២០៣០» នេះថា៖«រាជរដ្ឋាភិបាលមានភាពចាំបាច់ត្រូវដាក់ចេញឱ្យអនុវត្តនូវ “គោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន២០២០-២០៣០”ដែលមានចក្ខុវិស័យរួមចំណែកធ្វើឲ្យព្រះរាជាណាចក្រ កម្ពុជាកាន់តែមានបរិស្ថានស្អាត ការរស់នៅប្រកប ដោយផាសុកភាព សុខុមាលភាព និងសោភ័ណភាពទាក់ទាញសមស្របទៅនឹងកំណើននគរូបនីយកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ចដ៏ឆាប់រហ័សនិងមានគោលបំណងរៀបចំ បង្កើត និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម សំណល់ រឹងទីប្រជុំជនមានលក្ខណៈទំនើប,គ្រប់ជ្រុងជ្រោយ,ដោយគិតគូរអំពីប្រសិទ្ធភាពសេដ្ឋកិច្ច,លទ្ធភាពធនធានហិរញ្ញ វត្ថុ, និរន្តរភាពបរិស្ថាន និងទិដ្ឋភាពសង្គម» ។
សម្តេចតេជោ ហ៊ុន សែន បន្តថា៖ជាការពិតណាស់ការដែលគ្រាន់តែបង្កើតបាននូវប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាពនិងភាពគ្រប់ជ្រុង ជ្រោយ គឺនៅមិនទាន់មានភាពគ្រប់គ្រាន់នៅឡើយទេសម្រាប់បុព្វហេតុនៃកិច្ចគាំពារបរិស្ថាននិងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្នប៉ុន្តែជាចាំបាច់ត្រូវមានការចូល រួមយ៉ាងសកម្មប្រកបដោយស្មារតីភ្ញាក់រលឹកនិងការទទួលខុសត្រូវខ្ពស់, ការផ្លាស់ប្តូរឥរិយាបថ, ទម្លាប់, របៀបរបបរស់នៅ, របៀបរបបនៃការធ្វើអាជីវកម្ម-ផលិតកម្មព្រមទាំង ការយល់ដឹងរបស់គ្រប់តួអង្គនិងភាគីពាក់ព័ន្ធទាំងអស់ដែលជាអ្នកបង្កើតសំរាម សំណល់រឹងទីប្រជុំជនដោយត្រូវអនុវត្តគោលការណ៍សកល៣អ៊ែ (3Rs): កាត់បន្ថយ (Reduce) ប្រើប្រាស់ឡើងវិញ Reuse) និង កែច្នៃ (Recycle) ហើយត្រូវចាត់ទុកថា “សំណល់ជាធនធាន” រីឯ “អ្នកបង្កើតសំរាមមានកាតព្វកិច្ចបង់ថ្លៃសេវា” ។
សម្តេចតេជោ ហ៊ុន សែន បន្តថា៖រាជរដ្ឋាភិបាលនឹងតាមដានដោយយកចិត្តទុកដាក់លើដំណើរការអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នេះ ដែលអាចចាត់ទុកបានថា ជាសមរភូមិកែទម្រង់ថ្មីមួយតាមរយៈ យន្តការតាមដានត្រួតពិនិត្យ, កែតម្រូវនិងវាយតម្លៃលើការអនុវត្តដើម្បីធានាប្រសិទ្ធភាព, ប្រសិទ្ធផល និង តម្លាភាពនៃការអនុវត្តដែលជាផ្នែកដ៏សំខាន់ក្នុងការធានាតុល្យភាពរវាងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការគាំពារបរិស្ថានព្រមទាំងការឆ្លើយតបទៅនឹងទស្សនវិស័យ ស្តីពីនិរន្តរភាពបរិស្ថានទីក្រុងដែលបាននិងកំពុងអនុវត្តក្នុងតំបន់អាស៊ានក៏ដូចជាការរួមចំណែកដល់ការងារប្រឡងប្រណាំងទីក្រុងស្អាតនៅថ្នាក់ជាតិនិងក្រោមជាតិផងដែរ។
តាមរយៈការអនុវត្តគោលនយោបាយនេះរាជរដ្ឋាភិបាលរំពឹងថាចាប់ពីពេលនេះដល់ឆ្នាំ២០៣០ ខាងមុខសំរាម សំណល់រឹងទីប្រជុំជនគ្រប់ប្រភេទនឹងត្រូវបានញែក, វេចខ្ចប់ , ទុកដាក់, សម្អាត, ប្រមូល, ដឹកជញ្ជូន, ប្រើប្រាស់ និងកែច្នៃ ព្រមទាំងធ្វើប្រព្រឹត្តិកម្មតាមបច្ចេកវិទ្យាប្រកបដោយអនាម័យនិងសុវត្ថិភាព បរិស្ថាន ។ ជាមួយគ្នានេះផងដែរ ការអនុវត្តគោលនយោបាយនេះនឹងជួយលើកតម្កើងនូវសុខុមាលភាពប្រជាជន, លើកកម្ពស់និងកែលម្អសោភ័ណភាពទីប្រជុំជន, រាជធានី, ក្រុងនិងស្រុកឱ្យកាន់តែមានភាព ទាក់ទាញថែមទៀតជាពិសេសលើកស្ទួយកិត្យានុភាពជាតិស្របតាមពាក្យស្លោក “កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ” ។
សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការណែនាំឱ្យក្រសួង-ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវអភិក្រមការងារ ប្រកបដោយបុរេសកម្ម និងសកម្មក្នុងស្មារតីទទួ លខុសត្រូវខ្ពស់ដើម្បីធានាបាននូវភាពជោគជ័យនៃការអនុវត្តគោលនយោបាយនេះ ។ រាជរដ្ឋាភិបាលនឹងផ្តល់ការលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធដែលនឹងរួមចំណែកដោះ ស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងសំរាមសំណល់រឹងទីប្រជុំជននេះ។ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើប្រជាជនកម្ពុជាគ្រប់រូប,ដៃគូអភិវឌ្ឍន៍និងតួអង្គ ពាក់ព័ន្ធទាំងអស់សកម្មចូលរួមអនុវត្តគោលនយោ បាយនេះនិងប្រកាន់ខ្ជាប់នូវកាតព្ធកិច្ចជាពលរដ្ឋល្អក្នុងការចូលរួមថែរក្សា អភិរក្សបរិស្ថានក្រោមពាក្យស្លោក«កម្ពុជាស្អាត ផ្តើមចេញពីយើងម្នាក់»ដែលជាបុរេលក្ខខណ្ឌកំណត់ភាពជោគជ័យនៃសមរភូមិកែទម្រង់និងការដ្ឋានការងារថ្មីមួយនេះ ។
ប្រទេសកម្ពុជាបានបង្កើតសំរាមប្រមាណ ៤ លានតោនក្នុងមួយឆ្នាំៗឬប្រមាណជាង១ម៉ឺនតោនក្នុងមួយថ្ងៃក្នុងនោះ ៦៥% ជាសំណល់សរីរាង្គ ២០%ជាសំណល់ប្លាស្ទិកនិងនៅសេស សល់ជាសំណល់រឹងនិងសំណល់ផ្សេងទៀតហើយ ក្នុងចំណោមសំរាមទាំង អស់មានសំរាមត្រឹមតែ៥១%ប៉ុណ្ណោះដែលត្រូវបានយកទៅចាក់ទៅទីលានចាក់សំរាម ក្រៅពីនោះ ត្រូវបានគេបោះចោលយ៉ាងអណាធិបតេយ្យតាមដងផ្លូវក្នុងប្រភពទឹកនិងខ្លះទៀតត្រូវបានដុតជាដើម ។ អត្រាកំណើននៃសំរាមនៅកម្ពុជាមានប្រមាណជិត១៥% ក្នុងមួយឆ្នាំហើយការកើនឡើងនេះដោយសារកំណើនប្រជាជនកំណើននៃការប្រើប្រាស់ទំនិញច្រើន ឥរិយាបទនៃការវេចខ្ចប់ទំនិញរបស់ប្រជាពលរដ្ឋមានការផ្លាស់ប្តូរ ការកែច្នៃសំណល់សំរាមនៅមានកម្រិតនិងការញែកសំរាមទៅតាមប្រភេទសំរាមនៅមានកម្រិត។ បច្ចប្បន្នកម្ពុជាមានទីលានចាក់សំរាមនៅទូទាំងប្រទេសចំនួន ១០៦ កន្លែង ខណៈនៅមានស្រុកនិងក្រុងចំនួន ៧៩ នៅពុំទាន់មានទីលានចាក់សំរាមនៅឡើយដែលធ្វើឲ្យស្ថានភាពគ្រប់គ្រងសំរាមនៅតាមទីក្រុងនិងស្រុកទាំងនោះនៅពុំទាន់មានភាពល្អប្រសើរនៅឡើយ៕