ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ដោយមានការយកចិត្តទុកដាក់ ខ្ពស់បំផុតរបស់លោក ឃួង ស្រេង នៅរាជធានីភ្នំពេញ មានមណ្ឌលសម្រាប់ធ្វើចត្តាឡីស័ក ចំនួនជាង ៤០ កន្លែង ស្ថិតនៅក្នុងចំនួន ៨ ខណ្ឌ ចំណុះឱ្យរាជធានីភ្នំពេញ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរាលដាលចូលទៅក្នុងសហគមន៍។
នេះបើតាមការលើកឡើង របស់លោក ឧត្តមសេនីយ៍ គិន សុធី ស្នងការរងនគរបាល រាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំបន្ទាន់មួយ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយមានការចូលរួម ពីអភិបាលខណ្ឌទាំង១៤ និងមន្ត្រីនៃមន្ទីរជំនាញ ដើម្បីដាក់ចេញផែនការ ពង្រឹងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ គិន សុធី បានបញ្ជាក់ឲ្យដឹងថាៈ នៅរាជធានីភ្នំពេញ មានមណ្ឌលចត្តាឡីស័ក ចំនួន ៤១ កន្លែង ស្ថិតនៅក្នុងខណ្ឌចំនួន ៨ ចំណុះឱ្យ រាជធានីភ្នំពេញ ក្នុងនោះ មានទាំងសណ្ឋាគារសុខា មណ្ឌលចត្តាឡីស័ក របស់រាជធានីភ្នំពេញ ដែលស្ថិតជិតមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌព្រែកព្នៅ មណ្ឌលចត្តាឡីស័ក ចាក់អង្រែលើ មណ្ឌលចត្តាឡីស័ក នៅក្នុងមន្ទីរពេទ្យរុស្ស៊ី ហើយក្នុងចំណោម មណ្ឌលចត្តាឡីស័កទាំងនេះ យើងបានប្រើប្រាស់កម្លាំង ចំនួន ៤០២ នាក់ ក្នុងនោះប៉ូលិសអន្តរាគមន៍ ចំនួន ៧០ នាក់ ក្រៅពីនោះគឺ ជាសមត្ថកិច្ច នៅតាមមូលដ្ឋាន ខណ្ឌនីមួយៗ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះ បានលើកឡើងថាៈ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីរំលឹកឱ្យមាន ការប្រុងប្រយ័ត្នឡើងវិញ ដោយសារថា មកដល់ពេលនេះ ប្រជាពលរដ្ឋ ហាក់ដូចជាលែង មានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ហើយ។ ដូច្នេះក្នុងនាមអាជ្ញាធរដែនដី ទាំង១៤ ខណ្ឌ កម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ត្រូវបន្តចុះណែនាំ ផ្សព្វផ្សាយជាប្រចាំ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមការពារទប់ស្កាត់ជំងឺកូវីដ-១៩ ឡើងវិញ ខណៈដែរ កាលពីមុនយើង អនុវត្តបានល្អ ហើយប្រជាពលរដ្ឋ ក៏បានចូលរួមយ៉ាងសកម្ម ជាមួយយើងផងដែរ ដែលធ្វើឱ្យយើង អាចគ្រប់គ្រងបាននូវ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩នេះ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ដែរថាៈ កិច្ចប្រជុំនេះ យើងនឹងពិភាក្សារកចំណុចគន្លឹះ រកចំណុចចន្លោះប្រហោង ដើម្បីយើងយកចំណុចទាំងនោះ មកបំពេញបន្ថែម និងអនុវត្តអោយចំគោលដៅ ក្នុងកិច្ចការពារ នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩នេះ៕/V