ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នគរបាលជំនាញខេត្ត និងស្រុកស្វាយចេក បានឃាត់ខ្លួនមេខ្សល់ ចំនួន ២ នាក់ , អ្នកដឹកជញ្ជូន ១នាក់ និងពលករ ចំនួន ៤ នាក់ទៀត នៅលើរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា កាមរី (បាឡែន) កាលពីម៉ោង ៨និង១៥នាទី យប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខខ្លោងទ្វារផ្លូវចូល ភូមិតេជោភ្នំឆ័ត្រ ស្ថិតក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងករណីរត់ពន្ធមនុស្ស ប៉ុនប៉ងឆ្លងដែន ខុសច្បាប់ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថាៈ អនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យនោះ កម្លាំងនគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋានខេត្ត និងនគរបាល នៃអធិការដ្ឋានស្រុកស្វាយចេក បានឈានដល់ឃាត់ខ្លួន មុខសញ្ញាខាងលើ។
លោកបានបន្តថាៈ អ្នកបើកបររថយន្ត ឈ្មោះ ហ៊ីង ពេជ្រ ភេទប្រុស អាយុ ៤៣ ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងរថយន្តម៉ាកតូយ៉ូតា កាមរី (បាឡែន) ពណ៌ឆ្លូញ សេរី ២០០២ ពាក់ស្លាកលេខ បាត់ដំបង 2A.8587 ។ នៅក្នុងរថយន្ត មានពលករខ្មែរ ចំនួន៤នាក់ (ស្រី២នាក់) គឺៈ ១.ឈ្មោះ ម៉ៃ រ៉ុង ភេទប្រុស អាយុ ៤៣ ឆ្នាំ និង ២.ឈ្មោះ កិន ឡា ភេទស្រី អាយុ ៣៦ ឆ្នាំ។ ទាំង២នាក់ រស់នៅភូមិអំពៅដៀប ឃុំជ្រួយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ ៣.ឈ្មោះ ផុន ម៉េត ភេទប្រុស អាយុ ២០ ឆ្នាំ និង៤.ឈ្មោះ គង់ ចាន់ណាត ភេទស្រី អាយុ ២៣ ឆ្នាំ។ ទាំង២នាក់នេះ រស់នៅភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
លោក ជា ស្លូញ បានបន្តទៀតថាៈ ក្រោយពីឃាត់ និងសួរនាំអ្នកបើករថយន្ត និងពលករ ទាំង៤នាក់នោះ កម្លាំងសមត្ថកិច្ច ក៏បានបន្តឃាត់ខ្លួន មុខសញ្ញាជាមេខ្សល់បានចំនួន ២ នាក់ នៅលើផ្លូវជាតិលេខ៥៨ ខាងជើងភូមិក្តឹបថ្ម ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ មេខ្យល់ ២នាក់នោះ គឺៈ ១. ឈ្មោះ ចាំ ណុយ ភេទប្រុស អាយុ ៣៤ ឆ្នាំ និង២. ឈ្មោះ សរ វិត ភេទប្រុស អាយុ ២២ ឆ្នាំ។ ជនសង្ស័យទាំង២នាក់ រស់នៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យ ជាមេខ្សល់ អ្នកដឹកជញ្ជូន និងពលករខាងលើ ត្រូវបានកំពុងធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាល ស្រុកស្វាយចេក និងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត រួចត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ៕/V