ទៀប , ព្កុល , ស្វាយចន្ទី​, អង្កាម , ឈ្ងប់​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ទៀប​

​នាមសព្ទ​

​ឈ្មោះ​ឈើ​ដំណាំ​ពួក​មាក់បាត ជា​ដំណាំ​មាន​ដើម​ទាបៗ ល្មម​បេះ​ផ្លែ​បាន​ដោយ​ងាយ​, ផ្លែ​ទុំ​ប្រើ​ជា​បង្អែម​ស្រស់​, ទៀប​មាន ៣ ប្រភេទ​គឺ ទៀបបាយ ឬ​ទៀបសាច់ជ្រាយ មាន​ផ្លែ​ទុំ​សាច់​ជ្រាយ ងាយ​រលេះ មាន​រសផ្អែម​ឈ្ងុយឆ្ងាញ់​; ទៀបស្វិត ឬ ទៀបសាច់ស្វិត មាន​ផ្លែ​ប៉ុនគ្នា​នឹង​ទៀបបាយ​ដែរ ប៉ុន្តែ​មាន​សាច់​ស្វិត មិន​ងាយ​រលេះ ទុក​បានយូរ ជាង​ទៀបបាយ មាន​រសផ្អែម​ខ្សោយ​បន្តិច ជាង​ទៀបបាយ​; ទៀបបន្លា ឬ​ទៀបទេស មាន​ផ្លែ​ធំ​ច្រឡោ មានពក​ខ្ពស់ៗ ស្ទើរនឹង​ហៅថា​បន្លា​ក៏បាន ប៉ុន្តែ​មិន​ស្រួច​ដល់​មុត​ដៃ​ទេ ផ្លែ​ទុំ​មាន​សាច់​ជ្រាយ មាន​រសជូរ​បន្តិចៗ បើ​ដាំ​នៅ​ដី​ល្អ មិនសូវ​ជូរ​ប៉ុន្មាន​ទេ​; ទៀប​នេះ​មានពូជ​ដំបូង​មកពី​បរទេស គេ​ច្រើន​ហៅថា​ទៀបបារាំង​; តាម​ទម្លាប់​ខ្មែរ​, បើ​ពូជ​ដំណាំ ឬ​របស់​អ្វីដែល​មកពី​បរទេស គេ​ច្រើនតែ​ហៅថា . . . ទេស ដូចជា : ក្ទម្ពទេស​, ចេកទេស​, ដំឡូង​ទេស​, សេះទេស​, សំបួរទេស​, សំពត់​ទេស ជាដើម​, ទៀបបន្លា នេះ​អ្នកខ្លះ​គេ​ក៏​ហៅ ទៀបទេស ដែរ ។​

​អាយតនិបាត​

​ជិត​, ក្បែរ​
​ម៉ោង ៤ ទៀបភ្លឺ​, ផ្ទះ​ទៀប​គ្នា ។​

​ព្កុល​

​នាមសព្ទ​

( បា​. ពកុល ) ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​ផ្កា​ល្អិតៗ មាន​ព័ណ៌​លឿង មាន​ក្លិនក្រអូប​ឈ្ងុយឆ្ងាញ់ ទោះបី​ស្ងួត​ក្រៀម​ហើយក៏​នៅតែ​ក្រអូប​ដែរ​
​ផ្កា​ព្កុល​ជ្រុះ​ក្រាល​គួរ​រើស​យកមក​ដោត​ក្រង​ថ្វាយ​ព្រះ ។​

​ស្វាយចន្ទី​

(—​ចាន់ទី​)

​នាមសព្ទ​

​ឈ្មោះ​ឈើ​មួយ​ប្រភេទ ស្លឹក​ខ្ចី​ប្រើ​ជា​របោយ ឬ​ជា​អន្លក់​បាន​, ​ផ្លែ​លៀន​ចុង​គ្រាប់ លេច​ចេញមក​ខាងក្រៅ វេលា​ទុំ​មាន​ក្លិនក្រអូប​ឆួល​ឆ្ងិត​បន្តិច មាន​ជ័រ​បន្តិចៗ ប្រើការ​ញាំ​បរិភោគបាន​, ​បើ​គេ​ចេះ​ផ្សំ​គ្រឿង​ញាំ មាន​ជីវជាតិ ឆ្ងាញ់​ពីសា​គ្រាន់បើ​ដែរ​, ​ជា​ដំណាំ​មិនសូវ​រើស​ដី​, ​សម័យ​បច្ចុប្បន្ននេះ គ្រាប់ស្វាយចន្ទី​ស្ងួត​មានតម្លៃ គួរ​ប្រជាពលរដ្ឋ​ពេញចិត្ត​ដាំ​ឲ្យ​បាន​ច្រើនឡើង ព្រោះ​ជា​សេដ្ឋកិច្ច​បន្ទាប់បន្សំ​មួយ​ប្រភេទ ក្នុងប្រទេស​កម្ពុជា​យើង​ដែរ​
​គ្រាប់ស្វាយចន្ទី​លីង​មាន​រស​ឈ្ងុយឆ្ងាញ់ សម្រាប់​បរិភោគ​មុន នាំ​ឲ្យ​ការបរិភោគ​ភោជនាហារ​មាន​រស​ឆ្ងាញ់​ជាង​ធម្មតា ( អ្នកស្រុក​ខ្លះ​ហៅ ខ្យូ​វ គេ​និយាយថា ដើម​ខ្យូ​វ​, ​ផ្លែ​ខ្យូ​វ​, ​គ្រាប់​ខ្យូ​វ ) ។​

​អង្កាម​

​នាមសព្ទ​

​សំបក​គ្រាប់ស្រូវ​ដែល​របក​ចេញ​, សំបក​អង្ករ​
​គំនរ​អង្កាម ។​
​ឈ្មោះ​ជីរ​មួយ​ប្រភេទ ដុះ​វារ​លើដី ស្លឹក​តូចៗ មូលៗ ក្លិនប្រហើរ​ឈ្ងុយឆ្ងាញ់​
​ជីរអង្កាម​ប្រើ​ជា​គ្រឿង​ជ្រក់​, ជា​គ្រឿង​ញាំ​, ភ្លា ឬ ជា​របោយ​, ជា​អន្លក់ ។​

​ឈ្ងប់​

​កិរិយាវិសេសន៍​

​ដែលមាន​ក្លិនក្រអូប​ងំ​ឆ្អិត​
​ក្រអូប​ឈ្ងប់​, ធុំ​ឈ្ងប់ ។ ឈ្ងុយ​ឈ្ងប់ ឈ្ងុយ​ងំ​ខ្លាំង ។​

​គុណសព្ទ​

​ដែលមាន​ក្លិនក្រអូប​ងំ​ឆ្អិត​
​ក្រអូប​ឈ្ងប់​, ធុំ​ឈ្ងប់ ។ ឈ្ងុយ​ឈ្ងប់ ឈ្ងុយ​ងំ​ខ្លាំង ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular