ថៃ​ប្រគល់​រថយន្ត​គិលានសង្គ្រោះ និង​សម្ភារៈប្រើប្រាស់​វេជ្ជសាស្ត្រ ដល់​មន្ទីរពេទ្យ ២ នៅ​ខេត្តបន្ទាយមានជ័យ

ដោយៈ ភ្នំ​ស្វាយ / ស្រះកែវ -ថៃៈ​ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ថៃ (​ថៃ​កាៈ Thai International Cooperation Agency: TICA) តាមរយៈ​រដ្ឋបាល និង​មន្ទីរ​សុខា​ភុ​ិ​បាល ខេត្ត​ស្រះកែវ ប្រទេស​ថៃ បានផ្ដល់​អំណោយ រថយន្ត​គិលានសង្គ្រោះ ទំនើប​១​គ្រឿង និង​សម្ភារៈប្រើប្រាស់ វេជ្ជសាស្ត្រ ជូន​មន្ទីរពេទ្យបង្អែក ក្រុង​ប៉ោយប៉ែត និង​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព កម្ពុជា ជប៉ុន មង្គល​បូរី ។​

​ពិធី​ប្រគល់​-​ទទួល បានធ្វើ​នៅ​បន្ទាយ​កង​ទាហាន ប្រាណ​ឈុតខ្មៅ វរ​សេនា​តូច​លេខ​២ ជាប់​ច្រក​តំបន់​ណង​ព្រឺ ឃុំ​ណង​ព្រឺ ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ទល់មុខ​ច្រក​តំបន់​ម៉ាឡៃ កាលពី​រសៀល ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ ។​

​លោក កៀត​ទិ​ស័ក ច័ន្ទ​ត្រា អភិបាលខេត្ត​ស្រះកែវ តំណាង TICA , លោក ថា​រុន វីរៈ​សែន​ស៊ុ​ង ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ស្រះកែវ និង​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ត្រីរាជការ​សុ​ី​វិល ជំនាញ​សុខាភិបាល កងកម្លាំង យ៉ាងច្រើន បាន​ចូលរួម​ក្នុង​ពិធី​នោះ​។​

​លោក​អភិបាលស្រុក​អារញ្ញ​ប្រាថេត បាន​ស្វាគមន៍ និង​រំលឹក​ពី​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ល្អ រវាង​ស្រុក ក្រុង និង​ខេត្ត ទាំងពីរ ។​

​លោក ថា​រុន វីរៈ​សែន​ស៊ុ​ង ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ស្រះកែវ បាន​ថ្លែងថាៈ យោង​អនុស្សរណៈ​យោគយល់​គ្នា រវាង​ក្រសួងសុខាភិបាល​ថៃ និង កម្ពុជា ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ បានកំណត់ អនុវត្ត​នូវ​គម្រោង​ជាច្រើន នៃ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​២ និង​បណ្តា​ខេត្ត​ជាប់​ព្រំដែន ក្នុងនោះ នាពេលនេះ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អន្តរជាតិ​ថៃ បានផ្តល់​កញ្ចប់​ថវិកា ចំនួន ១.៣៤៥ លាន​បាត (​ប្រាក់​ថៃ​) សម្រាប់​ទិញ​សម្ភារៈប្រើប្រាស់ វេជ្ជសាស្ត្រ សម្រាប់​ផ្តល់ជូន មន្ទីរពេទ្យ​ខេត្ត​មិត្តភាព កម្ពុជា ជប៉ុន មង្គល​បូរី និង​ថវិកា ២,៥ លាន​បាត​ទៀត សម្រាប់​ទិញ​រថយន្ត​គិលានសង្គ្រោះ ទំនើប​១​គ្រឿង និង​បំពាក់​បរិ​ធាន​ពេទ្យ ផ្តល់ជូន​មន្ទីរពេទ្យបង្អែក ក្រុង​ប៉ោយប៉ែត ។​

​លោក​វេជ្ជបណ្ឌិត ឡេ ចន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តបន្ទាយមានជ័យ បាន​ថ្លែងថាៈ ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​មន្ទីរ​សុខាភិបាល នៃ​ខេត្ត​បន្ទាយ​មា​ជ័យ ខេត្ត​ស្រះកែវ ហើយ​ទទួល​អំណោយ នាពេលនេះ ក្នុង​បរិបទ នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីត​១៩ និង​ជំងឺឆ្លង​ដទៃទៀត ។ វា​នឹង​បាន​ជួយ​ដល់ សេចក្តីត្រូវការ របស់​សុខាភិបាល ខេត្តបន្ទាយមានជ័យ លើ​ការពង្រឹង​ប្រព័ន្ធ បញ្ជូន​អ្នកជំងឺ ក្នុង​ខេត្ត និង​ឆ្លងដែន ព្រមទាំង​ប្រសិទ្ធភាព បច្ចេកទេស​វេជ្ជសាស្ត្រ ។​

​លោក​បាន​បន្តថា កន្លងមក លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ វិស័យ​សុខាភិបាល នៃ​ខេត្ត​ទាំង​២ មានៈ ១. ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង ។ ២.​ការលើកកម្ពស់​សមភា​ព នៃ​មន្ទីរពេទ្យ​ដៃគូ ។ ៣.​ការបញ្ជូន​អ្នក​ជម្ងឺ​ឆ្លងដែន ។​
​ក្នុងនោះដែរ ក្នុង​កិច្ចសហប្រតិបត្តិការ ៣ ឆ្នាំ (២០១៧-២០១៩) មានការ​បញ្ជូន​អ្នកជំងឺ​គ្រុនចាញ់ ការបណ្តុះបណ្តាល អ្នកស្ម័គ្រចិត្ត តាម​ព្រំដែន ការផ្តល់​រថយន្ត និង​បរិក្ខារ​ពេទ្យ ដល់​មន្ទីរពេទ្យបង្អែក ក្រុង​ប៉ោយប៉ែត និង​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព កម្ពុជា ជប៉ុន មង្គល​បូរី ការអភិវឌ្ឍ​សេវា​សុខភាព ការបណ្តុះបណ្តាល​មន្ត្រី​ពេទ្យ គិលានុបដ្ឋាក ឆ្មប​។​

​ការ​ទស្សនកិច្ច​សិក្សា របស់​ក្រុមគ្រូពេទ្យ​ថៃ នៅ​មន្ទីរពេទ្យ​ដៃគូ​។ ការពង្រឹង​សមត្ថភាព គ្រូពេទ្យ ទាំង​២​ភាគី និង​ការបន្ត​គម្រោង ជួយ​ដល់​មន្ទីរពេទ្យបង្អែក ស្រុក​អូរជ្រៅ និង ស្រុក​ព្រះនេត្រព្រះ​។ ការជួសជុល​អគារ​វះកាត់ និង​ការបំពាក់​ម៉ា​សុ​ី​ន ត្រួតពិនិត្យ​ជំងឺ នៅ​មន្ទីរពេទ្យបង្អែក ក្រុង​ប៉ោយប៉ែត ។​ល​។​

​លោក កៀត​ទិ​ស័ក ច័ន្ទ​ត្រា អភិបាលខេត្ត​ស្រះកែវ និង​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង សុន្ទរកថា ក្នុង​ខ្លឹមសារ​តែមួយ ដោយ​ថ្លែងអំណរគុណ ដល់​រាជរដ្ឋាភិបាល ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អន្តរជាតិ ថៃ មន្ទីរ​សុខាភិបាល និង​ក្រុមការងារ នៃ​ភាគី​ទាំង​២ ដែល​ឈានដល់​ប្រគល់ ទទួល អំណោយ​រថយន្ត​គិលាន សង្គ្រោះ និង​សម្ភារៈប្រើប្រាស់​វេជ្ជសាស្ត្រ ដល់​មន្ទីរពេទ្យបង្អែក ក្រុង​ប៉ោយប៉ែត និង​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព កម្ពុជា ជប៉ុន មង្គល​បូរី​នេះ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular