ដោយៈ ភ្នំដែក / ព្រះវិហារៈ ម្ចាស់ទីតាំងសិប្បកម្មកែច្នៃឈើ និងគ្រឿងសង្ហារឹម ដ៏ធំមួយ នៅមុខរង្វង់មូលស្រអែម ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលសមត្ថកិច្ច បានចុះបង្ក្រាប កាលពីពេលថ្មីៗនោះ ពេលនេះ បានចូលខ្លួន ព្រមទទួលការបង់ពិន័យ ទៅតាមច្បាប់អន្តរកាលហើយ។
លោក វុធ សាវី ព្រះរាជអាជ្ញារង នៃតុលាការ ខេត្តព្រះវិហារ បានថ្លែងឱ្យប្រព័ន្ធព័ត៌មានដឹង នៅរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះថាៈ ម្ចាស់ទីតាំងសិប្បកម្មកែច្នៃឈើ និងរោងសន្និធិលក់គ្រឿងសង្ហារឹម ដោយខុសច្បាប់ នៅមុខរង្វង់មូលស្រអែម ដែលបង្ក្រាបកន្លងមកនោះ ឥឡូវ បានព្រមចូលខ្លួន ទៅបង់ប្រាក់ពិន័យ ទៅតាមច្បាប់ អន្តរកាល ហើយ។
លោកព្រះរាជអាជ្ញារង បានថ្លែងបញ្ជាក់ថាៈ ចំពោះថវិកាប៉ុន្មាន ដែលម្ចាស់ទីតាំងសិប្បកម្ម ព្រមបង់ មិនទាន់ដឹងចំនួន ច្បាស់លាស់ នៅឡើយទេ ដោយពេលនេះ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ផ្នែកជាំក្សាន្ត និងសង្កាត់រដ្ឋបាល ព្រៃឈើកន្ទួត កំពុងធ្វើកិច្ចការនេះ ជាមួយគ្នា។
លោក វុធ សាវី បានគូសបញ្ជាក់ទៀតថាៈ ” ទោះបីម្ចាស់ទីតាំងសិប្បកម្មកែច្នៃឈើ និងគ្រឿងសង្ហារឹមនេះ បានយល់ព្រមបង់ប្រាក់ពិន័យ ទៅតាមច្បាប់អន្តរកាល ក៏ដោយ ក៏ម្ចាស់ទីតាំងនេះ មិនអាចបើកទ្វារលក់ដូរ ឬកែច្នៃ បានទៀតដែរ បើសិនមិនបានធ្វើច្បាប់ អនុញ្ញាតគ្រប់គ្រាន់”៕/V