ប្រែសម្រួលៈវាសនា/តៃប៉ិះ ៖ កងកម្លាំងអាកាសតៃវ៉ាន់កាលពីថ្ងៃសុក្រទី១៩កុម្ភៈបានប្រញាប់ប្រញាល់បញ្ជូនសារព្រមាននិងត្រៀមកាំជ្រួចការពារដែនអាកាសនៅពេលយន្តហោះប្រយុទ្ធចិនចំនួន៨គ្រឿងបានហោះចូលក្នុងអ្វីដែលអាជ្ញាធរតៃវ៉ាន់អះអាងថាតំបន់ការពារដែនអាកាសប៉ែកនិរតីរបស់ខ្លួននៅក្នុងការបង្ហាញសកម្មភាពយោធាមួយទៀតនៅជុំវិញកោះសេរីនិយមនេះ។
ចិនប៉េកាំង ដែលចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន កន្លងមកបាននិយាយថាខ្លួនឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា «ការគប់គិតសមគំនិតគ្នា»រវាងរដ្ឋាភិបាលក្រុងតៃប៉ិះនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលជាខ្នងបង្អែកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏ធំរបស់តៃវ៉ាន់។
ក្រសួងយោធាតៃវ៉ាន់ បាននិយាយថា យន្តហោះ J-16ចំនួន៤គ្រឿង និង JH-7ចំនួន៤គ្រឿង ព្រមទាំងយន្តហោះសង្គ្រាមអេឡិចត្រូនិចមួយគ្រឿងបានហោះជិតកោះប្រាតាស អ៊ីស្លង់ ដែលកាន់កាប់ដោយតៃវ៉ាន់ នៅចុងសមុទ្រចិនខាងត្បូង។«កងទ័ពអាកាសបានបញ្ជូនសារព្រមាន ដូចជាព្រមានតាមវិទ្យុទាក់ទង និងបញ្ជូនប្រព័ន្ធកាំជ្រួចការពារអាកាស ទៅតាមដានចលនារបស់ពួកវា»។
តាមពិតយន្តហោះចិនបានហោះចូលជ្រុងភាគនិរតីនៃតំបន់នេះស្ទើររាល់ថ្ងៃ តែការបង្ហាញកម្លាំងក្នុងចំនួនច្រើនមានតែកាលពីថ្ងៃ២៤មករានៅពេលយន្តហោះចិន១២គ្រឿងបានបង្ហាញខ្លួននៅតំបន់នេះ។
នៅមុនការប្រកាសអំពីសកម្មភាពនៃយន្តហោះចិនបន្តិច តៃវ៉ាន់បានធ្វើការរុះរើមន្ត្រីសន្តិសុខជាន់ខ្ពស់មួយចំនួន រួមមានរដ្ឋមន្ត្រីយោធាដើម្បីជួយជំរុញការធ្វើទំនើបកម្មយោធានិងកិច្ចខិតខំខាងចារកម្ម។
ប្រធានាធិបតីកោះតៃវ៉ាន់ បានសន្យាការពារកោះនេះ និងបានដាក់ការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធជាអាទិភាពមួយ រួមមានការបង្កើតកងនាវាមុជទឹកថ្មីមួយ ទិញយន្តហោះF-16ថ្មីពីអាម៉េរិកនិងធ្វើអោយប្រសើរឡើងនាវាចម្បាំងរបស់តៃវ៉ាន់៕
យន្តហោះចិនធុន J-16 និងJH-7ព្រមទាំងយន្តហោះសង្គ្រាមអេឡិចត្រូនិចបានហោះជិតកោះប្រាតាស អ៊ីស្លង់ ដែលកាន់កាប់ដោយតៃវ៉ាន់កាលពីថ្ងៃសុក្រ