ដោយៈ គង់ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជួយអន្តរាគមន៍បន្ទាន់ បើកលំហមុខទឹក បានធំទូលាយជាងមុន ដើម្បីសម្រួលឱ្យប្រជាពលរដ្ឋ ស្រុកចំនួន បី បានបង្កបង្កើនផលស្រូវប្រាំង លើផ្ទៃដី ប្រមាណ ២.០០០ ហិកតា។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានប្រាប់ឱ្យដឹង នៅថ្ងៃទី១៩ កុម្ភៈថា ក្នុងនាមគណៈអភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធ ដើម្បីចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយ និងត្រួតពិនិត្យប្រព័ន្ធស្រោចស្រព ដំណាំស្រូវប្រាំង ជូនប្រជាពលរដ្ឋ ស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកកងមាស។
លោកប្រធានមន្ទីរ បានឱ្យដឹងថាៈ ក្នុងនោះ ផ្ទៃដីប្រមាណ ២.០០០ ហិកតា ដែលជួបប្រទះបញ្ហាទឹក មានឃុំសូទិព្វ ឃុំផ្តៅជុំ ឃុំព្រៃចារ ស្រុកជើងព្រៃ , ឃុំច្បារអំពៅ ស្រុកបាធាយ និងឃុំព្រែកកុយ ស្រុកកងមាស ដោយសម្រេចទម្លាក់ កម្ពស់ទឹក មួយម៉ែត្រ ក្នុងផ្ទៃបឹង គឺចាប់ពីបឹងជ្រោយ ស្រុកជើងព្រៃ។
លោក វិបុល បានបន្ថែមថាៈ ចាត់វិធានការបន្ទាន់ គឺបើកមុខទឹកបន្ថែម ឱ្យមានលំហធំជាងមុន ដោយបន្ថែមលូចំនួន ពីរ ខ្សែនៅចំណុចទំនប់អន្លង់ជ្រៃ និងចំនួនពីរខ្សែទៀត នៅទំនប់ស្ទឹងឆ្វេង ក្នុងឃុំច្បារអំពៅ ស្រុកបាធាយ។
លោកបានបន្តថាៈ ប្រតិបត្តិការបើកមុខទឹក ជូនប្រជាពលរដ្ឋនេះ ធ្វើឡើង បន្ទាប់ពីអាជ្ញាធរខេត្ត ទទួលបានរបាយការណ៍ ពីអាជ្ញាធរមូលដ្ឋាន និងសំណូមពរ របស់ប្រជាពលរដ្ឋ ឃុំសូទិព្វ ឃុំផ្តៅជុំ និងឃុំព្រៃចារ ស្រុកជើងព្រៃ កាលពីថ្ងៃទី ១៨ កុម្ភៈ កន្លងទៅនេះ៕/V