ប្រែសម្រួល : កញ្ញាដាលីស/បាល់ទាត់ ៖ លីកកំពូលអឺរ៉ុបចុងសប្តាហ៍នេះវិលត្រឡប់មកទៀតហើយនៅអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និង បារាំង។ ៣ គូនៅលីកកំពូលអង់គ្លេសនឹងត្រូវលើកយកមកវិភាគ ក្នុងនោះមាន Southampton vs Chelsea, Liverpool vs Everton និង Arsenal vs Manchester City ។
ក្រុមដែលរំពឹងឈ្នះនៅចុងសប្តាហ៍នេះរួមមាន Man U, Dortmund, Leverkusen, Leipzig, Atl. Madrid, Real Madrid, Barcelona, Sevilla, Roma, Juventus និង Lille ។
– EPL : [13] Southampton vs Chelsea [4] ៖ តោខៀវកំពុងស្វះស្វែងប៉ះប៉ូវទម្រង់លេងដ៏អន់របស់ខ្លួននៅសម័យដឹកនាំរបស់លោកហ្វ្រែង ឡាំផាត។ តាំងពីការមកដល់របស់លោកថូម៉ាស ធូខល់ ក្រុមចាប់ផ្តើមលេងជាមួយគ្នាបានល្អឡើងវិញ ហើយកីឡាករទិញថ្មីដែលលេងមិនកើត ចាប់ផ្តើមលេងល្អបណ្តើរៗហើយ។
បច្ចុប្បន្ន Chelsea ឈរនៅលេខ៤ និងដាក់គោលដៅយកកៅអី Champions League រដូវកាលក្រោយ។
តែទោះយ៉ាងណា ក្រុមញញួរធំ West Ham និងក្រុមការពារតំណែងជើងឯក Liverpool កំពុងដេញតាមពីក្រោយប្រកៀកប្រកិត។
ក្រឡេកមើលទម្រង់លេង តោខៀវកំពុងបន្តឈ្នះឥតឈប់ឈរ ហើយទំនងនឹងបន្តឈ្នះទៀតនៅថ្ងៃសៅរ៍នេះ។ មូលហេតុលើកឡើងដូច្នេះគឺមកពីពួកគេប៉ះក្រុមកំពុងអន់បំផុតនៅក្នុងលីកកំពូលអង់គ្លេសគឺ ព្រះម៉ែម៉ារី Southampton។
Southampton កំពុងដើរលើវិថីចាញ់ៗជាប់គ្នាជាច្រើនប្រកួត និងរបូតគ្រាប់បាល់ទាំងផ្លូនៗ។ លើសពីនេះទៀត កូនក្រុមរបស់លោកធូខល់មានកំណត់ត្រាល្អដូចផ្កានៅទឹកដីរបស់ព្រះម៉ែម៉ារី។
យើងរំពឹងតោខៀវឈ្នះយ៉ាងតិច ២ គ្រាប់ឡើងទៅ។
– EPL : [6] Liverpool vs Everton [7] ៖ ក្រុមការពារតំណែងជើងឯកបានសារភាពបោះបង់ចោលការប្រជែងពានហើយ ហើយឥឡូវនេះផ្តោតសំខាន់លើចំណាត់ថ្នាក់កំពូលទាំង៤។ រឿងរ៉ាវត្រូវតែដូច្នេះហើយ ព្រោះថាហង្សក្រហមបានបាត់បង់កីឡាករសំខាន់ពីមួយប្រកួតទៅមួយប្រកួតដោយសាររបួស។
សព្វថ្ងៃ ពួកគេឈរនៅលេខ៦ ហើយខ្សែការពារដែលតែងតែរឹងមាំដូចមហាកំផែងចិន ឥឡូវទន់ខ្សោយដូចរបងឈើពុក។ លើសពីនេះទៀត ទឹកដី Anfield ដែលធ្លាប់តែគេខ្លាចរអារ ឥឡូវប្រែជាកន្លែងដែលក្រុមល្មមៗចូលមកសន្សំពិន្ទុត្រឡប់ទៅផ្ទះវិញ។
អ្វីដែលសំខាន់ ថ្ងៃសៅរ៍នេះពួកគេស្វាគមន៍គូប្រជែងក្នុងក្រុងតែមួយគឺក្រុមស្ករគ្រាប់ Everton ដែលអាចនឹងដាក់សម្ពាធថែមទៀតលើហង្សក្រហម។
តែទោះយ៉ាងណា ក្រុមស្ករគ្រាប់ក៏កំពុងជួបទម្រង់លេងឡើងចុះមិនទៀងដែរ។ ពួកគេក៏របូតគ្រាប់បាល់ច្រើនៗ និងលេងម្តងខ្លាំងម្តងខ្សោយនាប៉ុន្មានប្រកួតចុងក្រោយ។
ក្រុមស្ករគ្រាប់មិនមានប្រវត្តិល្អទេពេលប៉ះហង្សក្រហមនៅប៉ុន្មានប្រកួតចុងក្រោយ ប៉ុន្តែយោងលើស្ថានភាពបច្ចុប្បន្ន ក្រុមទាំងពីរអាចបញ្ចប់ទៅត្រឹមស្មើគ្នា (២-២)។
– EPL : [10] Arsenal vs Manchester City [1] ៖ ក្រុមមេឃខៀវ Man City អាចនឹងកត់ត្រាឯតទគ្គកម្មថ្មី ឈ្នះ ១៨ លើកជាប់គ្នា នៅពេលធ្វើដំណើរទៅទីក្រុងឡុងដ៍ដើម្បីប្រកួតជាមួយកាំភ្លើងធំ Arsenal នៅថ្ងៃអាទិត្យ។
ក្រុមដែលរំពឹងឈ្នះពាន Premier League មួយនេះមាន ១០ ពិន្ទុដាច់លើកំពូលតារាង ក្រោយឈ្នះងាយៗលើ Everton កាលពីពាក់កណ្តាលសប្តាហ៍ ហើយនឹងត្រូវប៉ះកាំភ្លើងធំ ដែលទើបខកចិត្តនៅក្នុងការប្រកួតទល់នឹង Benfica ក្នុងទីក្រុងរ៉ូមក្នុងក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍។
លោកមីគែល អាតិតា បានដាក់ក្រុមឈុតធំដដែលៗមិនបានផ្លាស់ប្តូរជាយូរមកហើយ ហើយថ្ងៃប៉ះមេឃខៀវ ក៏រំពឹងដាក់កីឡាករដដែលលេងជាបន្ត។ តែដំណឹងល្អគឺថាកីឡាករ ថូម៉ាស ផាទី នឹងត្រឡប់ពីរបួសចូលក្នុងក្រុមវិញ។
មេឃខៀវរំពឹងមានវត្តមានរបស់អ៊ីលកាយ ហ្គាន់ដូហ្គាន ក្រោយអវត្តមានពេលឈ្នះ Everton ខណៈខេវិន ដេប្រូន ក៏បានត្រឡប់ពីរបួសកាលពីពាក់កណ្តាលសប្តាហ៍ផងដែរ។
ដោយហេតុថាកាំភ្លើងធំលេងមិនសូវល្អនិងរបូតគ្រាប់បាល់ច្រើន ហើយមេឃខៀវកំពុងស្វែងរកជ័យជម្នះជាប់គ្នាលើកទី១៨ យើងរំពឹង City ឈ្នះកាំភ្លើងធំយ៉ាងតិច ២ គ្រាប់៕
តារាងការប្រកួតលីកអឺរ៉ុបចុងសប្តាហ៍ ៖