ប្រែសម្រួល : កញ្ញាដាលីស៖នៅក្នុងសុន្ទរកថាដ៏មានឥទ្ធិពលមួយកាលពីថ្ងៃសុក្រដើម្បីស្វះស្វែងធ្វើឱ្យសហរដ្ឋអាម៉េរិកក្លាយជាមេដឹកនាំលោកខាងលិចឡើងវិញប្រឆាំងនឹងអ្វីដែលលោកហៅថាជាការរំលោភជាសកលលើលទ្ធិប្រជាធិបតេយ្យ ប្រធានាធិបតីចូ បៃដិនបានប្រកាសថា “សម្ព័ន្ធមិត្តឆ្លងសមុទ្រអាត្លង់ទិកត្រឡប់មកវិញ” ។
សុន្ទរកថានៅក្នុងសន្និសីទសន្តិសុខក្រុងមុយនិចប្រចាំឆ្នាំ ដែលធ្វើឡើងតាមវីដេអូដោយសារតែជំងឺរាតត្បាតកូវីដ១៩ បានធ្វើឡើងស្របពេលអធិការបតីអាល្លឺម៉ង់ អេនជេឡា មឺគែលស្វាគមន៍ការវិលត្រឡប់ទៅរក “ពហុភាគីនិយម” ឡើងវិញ បន្ទាប់ពីការប្រឈមមុខគ្នាជាច្រើនឆ្នាំជាមួយលោកប្រធានាធិបតីដូណាល់ ត្រាំ។
ថ្លែងសុន្ទរកថាអន្ដរជាតិដ៏សំខាន់លើកដំបូងរបស់គាត់ស្តីពីនយោបាយការបរទេសចាប់តាំងពីបានក្លាយជាប្រធានាធិបតីកាលពីខែមករាលោកបៃដិននិយាយថាសម្ព័ន្ធមិត្តជាប្រពៃណីរបស់សហរដ្ឋអាម៉េរិកគួរតែមានទំនុកចិត្តលើការដឹកនាំរបស់ទីក្រុងវ៉ាស៊ីនតោន។
លោកបាននិយាយពីសេតវិមានថា “ខ្ញុំសូមផ្ញើសារយ៉ាងច្បាស់ទៅកាន់ពិភពលោកថា អាម៉េរិកត្រឡប់មកវិញហើយ។ សម្ព័ន្ធមិត្តឆ្លងសមុទ្រអាត្លង់ទិកត្រឡប់មកវិញហើយ”។
លោកបាននិយាយថា “សហរដ្ឋអាម៉េរិកប្តេជ្ញាភ្ជាប់ទំនាក់ទំនងជាមួយអឺរ៉ុបដើម្បីពិគ្រោះជាមួយអ្នក និងទទួលបានជំហររបស់យើងជាអ្នកដឹកនាំប្រកបដោយទំនុកចិត្តត្រឡប់មកវិញ”។
លោកបៃដិន ដែលមុននេះបាននិយាយទៅកាន់មេដឹកនាំមកពីក្រុមប្រទេសប្រជាធិបតេយ្យមានស្តុកស្តម្ភ G7 បាននិយាយថា រដ្ឋបាលរបស់លោកសង្កត់ធ្ងន់លើការកសាងសម្ព័ន្ធភាពជាថ្មីម្តងទៀត ដែលផ្ទុយពីគោលនយោបាយឯកោនិយមនិងការប្រព្រឹត្តមិនសមរម្យរបស់លោកត្រាំចំពោះដៃគូអាម៉េរិក។
លោកបៃដិននិយាយថាកម្លាំងសមូហភាពគឺជាមធ្យោបាយតែមួយគត់ដើម្បីទទួលជោគជ័យនៅពេលការប្រកួតប្រជែងទូទាំងពិភពលោករវាងលទ្ធិប្រជាធិបតេយ្យនិងអត្ថាធិបតេយ្យកំពុងស្ថិតក្នុង “ចំណុចឆ្លុះបញ្ចាំង”។
លោកបៃដិននិយាយថា “នៅក្នុងកន្លែងជាច្រើនរួមទាំងនៅអឺរ៉ុបនិងសហរដ្ឋអាម៉េរិក វឌ្ឍនភាពប្រជាធិបតេយ្យកំពុងរងការវាយប្រហារ។ ប្រវត្តិវិទូនឹងពិនិត្យនិងសរសេរអំពីពេលវេលានេះ។វាជាចំណុចឆ្លុះបញ្ចាំងមួយ។ ហើយខ្ញុំជឿថាជាមួយរាល់វត្តមានរបស់ខ្ញុំ លទ្ធិប្រជាធិបតេយ្យត្រូវតែឈ្នះ”៕
លោកបៃដិនថាសម្ព័ន្ធមិត្តឆ្លងសមុទ្រអាត្លង់ទិកត្រឡប់មកវិញ