ប្រែសម្រួល : កញ្ញាដាលីស ៖ កំណត់ត្រាតុលាការនៅទីក្រុងឡូសអែនជេឡេសកាលពីថ្ងៃសុក្រទី១៩កុម្ភៈបានបង្ហាញថា នាងគីម កាដាសៀនវេសបានប្តឹងសុំលែងលះពីលោកកេនយ៉េ វេស បន្ទាប់ពីរៀបការ ៧ ឆ្នាំ។
អ្នកទាំងពីរបានចំណាយពេលវេលាតិចតួចនៅជាមួយគ្នាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយលោកវេសអាយុ ៤៣ ឆ្នាំនិយាយថាគាត់ចំណាយពេលវេលាច្រើនបំផុតនៅផ្ទះរបស់គាត់នៅរដ្ឋវ៉ាយអូមីង រីឯនាងកាដាសៀន អាយុ ៤០ ឆ្នាំបានជ្រើសរើសស្នាក់នៅទីក្រុងឡូសអែនជេឡេស ។
គូស្នេហ៍នេះបានភ្ជាប់ចំណងអាពាហ៍ពិពាហ៍នៅឯពិធីដ៏ធំមួយនៅទីក្រុងផ្លរិន ប្រទេសអ៊ីតាលីក្នុងខែឧសភាឆ្នាំ ២០១៤ ។
ពួកគេធ្លាប់រាប់អានគ្នារាប់ឆ្នាំមុនរៀបការ ក្នុងពេលដែលលោកវេសបានលេចមុខនៅក្នុងរឿងភាគ “Kourtney And Kim Take New York” ឆ្នាំ ២០១០។
ពួកគេបានចាប់ផ្តើមទាក់ទងគ្នាក្នុងឆ្នាំ ២០១២ ខណៈពេលដែលនាងកាដាសៀននៅជាភរិយាស្របច្បាប់របស់កីឡាករបាល់បោះអាជីព គ្រីស ហាំព្រី។
ពួកគេបានស្វាគមន៍ការចាប់កំណើតកូនស្រីដំបូងរបស់ពួកគេឈ្មោះន័រ វេស ក្នុងខែមិថុនាឆ្នាំ ២០១៣ មុនពេលបន្តមានកូន ៣ នាក់ទៀតគឺកូនស្រីឈ្មោះឈីកាហ្គោ និង កូនប្រុសឈ្មោះ សេន និង សាម៕
កេនយ៉េ វេស និង គីម កាដាសៀន នឹងត្រូវលែងលះគ្នា