ប្រែសម្រួល : កញ្ញាដាលីស ៖ យោធាចិនបាននិយាយកាលពីថ្ងៃសុក្រទី១៩កុម្ភៈថាទាហានរបស់ខ្លួនបួននាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅព្រំដែនភ្នំខ្ពស់មួយជាមួយកងកម្លាំងឥណ្ឌាកាលពីឆ្នាំមុន ដែលនេះជាលើកដំបូងហើយដែលទីក្រុងប៉េកាំងទទួលស្គាល់ជាសាធារណៈថាភាគីរបស់ខ្លួនមានអ្នករបួសនិងស្លាប់នៅក្នុងឧបទ្ទវហេតុដ៏សាហាវបំផុតរវាងប្រទេសយក្សអាស៊ីទាំងពីរក្នុងរយៈពេលជិត ៤៥ ឆ្នាំ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រីហួ ឈុនយីងនិយាយថា ការប្រកាសដែលធ្វើឡើងក្នុងរយៈពេលជាង ៦ ខែបន្ទាប់ពីការប្រយុទ្ធគ្នាបង្ហូរឈាមដោយកណ្តាប់ដៃទល់កណ្តាប់ដៃគួរតែជួយដល់សាធារណជនទូទាំងពិភពលោកបានយល់ពីការពិតនិងអ្វីដែលត្រូវអ្វីដែលខុសនៃឧបទ្ទវហេតុនេះ។
ប៉ុន្តែការពន្យារពេលប្រកាសនេះក៏ហាក់ឆ្លុះបញ្ចាំងផងដែរពីវប្បធម៌ដ៏ជ្រាលជ្រៅនៃការរក្សាភាពសម្ងាត់របស់យោធាក៏ដូចជាការព្រួយបារម្ភអំពីលទ្ធភាពផ្ទុះវិវាទក្នុងស្រុកនិងអន្តរជាតិពីការបង្ហូរឈាមនេះ។
ភ្លាមៗបន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីមិថុនាឆ្នាំ ២០២០ នៅលើជួរភ្នំខ្ពស់មួយនៅជ្រលងភ្នំហ្គាល់វ៉ាន់ក្នុងតំបន់ឡាដាក់ ឥណ្ឌាបានប្រកាសថាខ្លួនបានបាត់បង់ទាហានចំនួន ២០ នាក់នៅក្នុងសមរភូមិ ដែលប្រើតែកណ្តាប់ដៃ ដំបង ដុំថ្ម និងអាវុធកែច្នៃកំប៉ិកកំប៉ុកផ្សេងទៀត ដើម្បីបញ្ចៀសការបាញ់កាំភ្លើង។
គេក៏ជឿថាចិនមានអ្នកស្លាប់និងរបួសច្រើនដែរ ប៉ុន្តែចិនមិនបានផ្តល់ព័ត៌មានលម្អិតទេ ដោយនិយាយថា ខ្លួនមិនចង់បង្កភាពតានតឹងបន្ថែមទៀត។
ការប្រកាសថាខ្លួនបានបាត់បង់ទាហាននេះបានកើតឡើងខណៈដែលភាគីទាំងពីរបានដកទ័ពចេញអស់ពីទីតាំងដើមរបស់ខ្លួន បន្ទាប់ពីមានការចរចាជាច្រើនលើក៕
ទាហាចិន៤នាក់ស្លាប់ក្នុងការប៉ះទង្គិចជាមួយទាហានឥណ្ឌាកាលពី៦ខែមុន។រូបភាពក្នុងទូរទស្សន៍ចិនកាលពីថ្ងៃសុក្របង្ហាញទិដ្ឋភាពប្រឈមមុខគ្នារវាងទាហានចិនិងឥណ្ឌានៅលើជួរភ្នំខ្ពស់មួយនៅជ្រលងភ្នំហ្គាល់វ៉ាន់ក្នុងតំបន់ឡាដាក់កាលពីថ្ងៃ១៥មិថុនា ឆ្នាំ២០២០