Home ព័ត៌មានជាតិ សន្តិសុខ បុរសម្នាក់ បា...

បុរសម្នាក់ បានរងរបួសធ្ងន់ ដោយសារជិះម៉ូតូជ្រុល ទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍

ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសម្នាក់ បានរងរបួសធ្ងន់ ដោយសារជិះម៉ូតូ ជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ ពីចំហៀង កាលពីវេលាម៉ោងជាង ១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវវេងស្រេង កែងផ្លូវសេះស ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តក្រឡុកស៊ីម៉ង់ត៍ ក្បាលពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 5A -2218 ធ្វើដំណើរតាមបណ្ដោយ ផ្លូវវេងស្រេង ទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ ក៏បត់ឆ្វេង ទៅផ្លូវសេះស ស្របពេលនោះ ក៏មានម៉ូតូមួយគ្រឿង ម៉ាកហុងដា MSX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GA-8654 ជិះដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយ ផ្លូវវេងស្រេង ទិសដៅពីខាងកើត ទៅខាងលិច ក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ ពីចំហៀងក្បាលរថយន្ត ខាងស្ដាំ ពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូ រងរបួសធ្ងន់ និងម៉ូតូរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសាមុយ របស់មន្ទីពេទ្យឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកតៃកុងរថយន្ត ក្រឡុកស៊ីម៉ង់ត៍ ក៏ចុះពីលើរថយន្តគេចខ្លួនបាត់ ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅជំនាញចរាចរណ៍ ខណ្ឌមានជ័យ ឲ្យចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយគ្នា ពេលក្រោយ ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular