ដោយៈ គ្រញូង / បាត់ដំបង: បុរសម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ និង ២នាក់ទៀត រងរបួសធ្ងន់ស្រាល ២នាក់ ដោយសាររថយន្ត បុកជាមួយម៉ូតូ ២ គ្រឿង។ ហេតុការណ៍នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លោក ហេង បារាំង អធិការនគរបាល ស្រុកភ្នំព្រឹក បានឲ្យដឹងថាៈ ជនរងគ្រោះដល់ស្លាប់ ជាអ្នកបើកម៉ូតូ មានឈ្មោះ ភោគ បញ្ញា ភេទប្រុស អាយុ ១៦ ឆ្នាំ មានលំនៅ នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ចំណែកអ្នករបួសធ្ងន់ ឈ្មោះ ជា សុជាតិ ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (អ្នករួមដំណើររបួសធ្ងន់មិនពាក់មួកសុវត្ថិភាព ទាំង២នាក់)។ រីឯអ្នករបួសស្រាល ជាអ្នកបើកម៉ូតូ១គ្រឿងទៀត ឈ្មោះ វ៉ាត ឧត្តម ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ។ ដោយឡែក អ្នកបើកបររថយន្ត មានឈ្មោះ ងិន ប្រុស ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិថ្លុកសង្កែ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សាក្សី បានប្រាប់សមត្ថកិច្ច ដែលចុះទៅវាស់វែងថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿង ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បើកចេញពីផ្លូវលំឡើង មកផ្លូវជាតិមិនប្រុង ប្រយ័ត្ន ក៍ទៅបុកម៉ូតូ ២ គ្រឿង ដែលជិះមកពីទិសខាងជើង ទៅខាងត្បូង ។ ក្នុងនោះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ សេរី២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AM 5877 ជិះគ្នា ២នាក់ បណ្តាលឲ្យម្នាក់ ស្លាប់នៅនឹងកន្លែង និងអ្នករួមដំណើរ របួសធ្ងន់ និងម៉ូតូ១ គ្រឿងទៀត ជិះម្នាក់ឯង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ សេរី២០២១ ពាក់ស្លាកលេខ បាត់ដំបង 1AM 5890 ( របួសស្រាល មិនពាក់មួកសុវត្តិភាព)។
លោកអធិការ បានបន្តថាៈ អ្នករបួសទាំង ២នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុក សំពៅលូន។ ចំណែកអ្នកស្លាប់ ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។ រីឯអ្នកបើករថយន្តបង្ក និងមធ្យោបាយទាំងបីគ្រឿង ត្រូវបញ្ជូនទៅការិយាល័យ ចរាចរណ៍ផ្លូវគោកខេត្ត ចាត់ការតាច្បាប់៕/V-PC