ដោយៈ សរិទ្ធ / ស្វាយរៀងៈ បុរសជាសន្តិសុខឯកជនម្នាក់ បានស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ដោយសារម៉ូតូបុកម៉ូតូ ពេញទំហឹង កាលពីវេលាម៉ោង ៩និង៥០នាទី យប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៣៩ និង ១៤០ ស្ថិតក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ច បានអោយដឹងថាៈ បុរសដែលស្លាប់មាន ឈ្មោះ កូវ រិទ្ធី អាយុ ៣២ ឆ្នាំ មុខរបរ សន្តិសុខ រស់នៅភូមិអង្គស្វាយ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូ ម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1V 6472 ខូចខាត យ៉ាងដំណំ។ ចំណែកភាគីបង្កហេតុមានឈ្មោះ ប៉ាង វាសនា អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1N-2523 ។
អ្នកភូមិ បានអោយដឹងថាៈ មុនកើតហេតុ មានបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1N-2523 នៅលើផ្លូវជាតិលេខ១ ក្នុងទិសដៅពីខាងកើត ទៅខាងលិច មិនប្រកាន់ស្ដាំ ស្រាប់តែទៅបុកម៉ូតូម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1V 6472 ជិះម្នាក់ឯងយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិទាំងយប់។
ក្រោយកើតហេតុ អ្នករងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច បញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែក ស្រុកស្វាយទាប។ ចំណែកសាកសព បានប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។ រីឯមធ្យោបាយ ធ្វើដំណើរម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចវាស់វែង និងអូស យកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកស្វាយទាប ដើម្បីដោះស្រាយ ពេលក្រោយតាមច្បាប់៕/V-PC