Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋបាល​រាជធា...

រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​ជួសជុល​សំបុកមាន់ លើ​កំណាត់​មហាវិថី ព្រះ​នរោត្តម មុននឹង​អនុវត្តតាម​គម្រោង ដោយ​អ៊ុត​កៅស៊ូ AC

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ជួសជុល សំបុកមាន់ មហាវិថី​ព្រះ​នរោត្តម មុននឹង​អនុវត្តតាម​គម្រោង ដោយ​ធ្វើការ​អ៊ុត​កៅស៊ូ AC កម្រាស់ ០,៥ សង់ទីម៉ែត្រ ដើម្បី​ដាក់ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​ងាយស្រួល ជាង​មុន និង​ដើម្បី លើក​សោភ័ណភាព រាជធានី​ភ្នំពេញ អោយ​កាន់តែ​ស្រស់បំព្រង ។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានដាក់​ផែនការ ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ទីរជំនាញ បន្ត​យកចិត្តទុកដាក់ ជា​បន្តបន្ទាប់ ពី​បញ្ហា​ការ​ខូច​ផ្លូវត្រូវ​ធ្វើការ​ជួសជុល បន្ទាន់ ជង្ហុក​សំបុកមាន់ ការកកស្ទះ​ចរាចរណ៍ និង​រៀបចំ​សណ្ដាប់ធ្នាប់​នៅតាម​បណ្ដា មហាវិថី​តូចធំ និង​ផ្លូវ​តូចៗ​មួយចំនួន ក្នុង​មូលដ្ឋាន​ទាំង ១៤ ខណ្ឌ ដើម្បី​កាត់បន្ថយ​ការ កកស្ទះ​ចរាចរណ៍​។ សម្រាប់​មូលដ្ឋាន​ខណ្ឌដូនពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង ដំណើរការ អ៊ុត​កៅស៊ូ ប្រភេទ AC ចំនួន ១៦ ខ្សែ ដែល​រង​ការខូចខាត ត្រូវ​ជួសជុល​ជង្ហុក សំបុកមាន់ និង​អ៊ុត​កៅស៊ូ​ឡើងវិញ​។​

​ជាក់ស្ដែង នៅពេលនេះ ក្រុមការងារ បាននិងកំពុង​សកម្ម​ភាព ជួសជុល​សំបុកមាន់ ហើយ​ចាក់​អ៊ុត​កៅស៊ូ AC នៅ​បណ្តោយ​មហាវិថី ព្រះ​នរោត្តម ចាប់ពី​រង្វង់​មូល​រមណីយ ដ្ឋា​ន​វប្បធម៌ ប្រវត្តិសាស្ត្រ​វត្តភ្នំ រហូត​រង្វង់​មូល​វិមានឯករាជ្យ​។ បន្ទាប់ពី​ជួសជុល​សំបុក មាន់​រួចរាល់ មន្ត្រី​ជំនាញ នឹង​អនុវត្តតាម​គម្រោង ដោយ​ធ្វើការ ចាក់​អ៊ុត​កៅស៊ូ AC កម្រាស់ ០,៥ សង់ទីម៉ែត្រ ដើម្បី​ដាក់ឱ្យ​បងប្អូន ប្រជាពលរដ្ឋ ធ្វើដំណើរ​ងាយស្រួល​ជាង​មុន និង​ដើម្បី​លើក​សោភ័ណភាព ទីក្រុង​ផងដែរ​។​

​សូមបញ្ជាក់ថាៈ គម្រោង​ជួសជុល​ផ្លូវ​អ៊ុត​កៅស៊ូ ប្រភេទ AC កម្រាស់ ០,៥ សង់ទីម៉ែត្រ នេះ​ជា​គម្រោង ថវិកា​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​គំនិត​ផ្ដួចផ្ដើម របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​លោក​តែងតែ​យកចិត្តទុកដាក់​អំពី​ការងារ​អភិវឌ្ឍន៍ មូលដ្ឋាន ក្នុង​គោលបំណង លើកកម្ពស់​ជីវភាព និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង មួយកម្រិត​ទៀត​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular