ដោយៈ ប.ខុន / ភ្នំពេញៈ វិសម្ពាធ ធីឌី (TD) នៅក្នុងសមុទ្រប៉ាស៊ីហ្វិក ខាងកើត ប្រទេស ហ្វីលីពីន បានវិវត្តទៅជាព្យុះទី១ មានឈ្មោះ ឌូចៀន (DUJUAN) សម្រាប់ឆ្នាំ២០២១ ដោយមានដំណើរកាត់ប្រទេសហ្វីលីពីន ចូលមកក្នុងសមុទ្រចិនខាងត្បូង នៅដើមសប្តាហ៍ ក្រោយនេះ តែមិនទាន់ឃើញមានសញ្ញាណ ឥទ្ធិពលអ្វីមកលើប្រទេសកម្ពុជា នៅឡើយទេ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ថាៈ វិសម្ពាធ ធីឌី (TD ) នៅក្នុងសមុទ្រប៉ាស៊ីហ្វិក ខាងកើតប្រទេសហ្វីលីពីន ច្រើនថ្ងៃមកហើយបានវិវត្តទៅជា ព្យុះទី១ មានឈ្មោះ ឌូចៀន (DUJUAN) សម្រាប់ឆ្នាំ ២០២១ ដោយមានដំណើរកាត់ ប្រទេសហ្វីលីពីន ចូលមកក្នុងសមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ព្យុះនេះ ស្ថិតនៅលើ ប្រទេសហ្វីលីពីន រហូតដល់ថ្ងៃច័ន្ទទី ២២ ខែកុម្ភៈ ទើបឆ្លងចូល ក្នុងសមុទ្រចិន ខាងត្បូង ដោយមានដំណើរឡើងទៅលើ (ទិសខាងជើង) ហើយថយឥទ្ធិពល ទៅជាវិសម្ពាធវិញ នៅក្នុងសមុទ្រចិនខាងត្បូង ដោយបង្កឱ្យមាន ភ្លៀង ធ្លាក់ច្រើន នៅលើប្រទេសហ្វីលីពីន។
លោក ចាន់ យុត្ថា បានបញ្ជាក់ថាៈ ព្យុះទី១នេះ នៅចំពោះមុខ មិនទាន់ឃើញមានឥទ្ធិពលអ្វី មកលើប្រទេសកម្ពុជា នៅឡើយទេមន្ត្រីជំនាញរបស់ក្រសួង កំពុងធ្វើការតាមដាន យ៉ាងយកចិត្តទុកដាក់ បើមានអ្វីប៉ះពាល់ ដល់ប្រទេសកម្ពុជា ពីព្យុះនេះ ក្រសួង នឹងធ្វើការជូនដំណឹង នៅពេលបន្ទាប់៕/V-PC