ប្រែសម្រួលៈវាសនា៖រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានអំពាវនាវអោយមេដឹកនាំយោធាមីយ៉ាន់ម៉ាអត់ធ្មត់កុំប្រើអំពើហិង្សានិងបោះបង់អំណាច ក្រោយការស្លាប់អ្នកប្រឆាំងតវ៉ាវ័យក្មេងម្នាក់ ដែលកំពុងបង្កជាកំហឹងប្រឆាំងរបបសឹកនសប្រទេសនេះ។
ភាគច្រើននៃប្រទេសមីយ៉ាន់ម៉ាបានផ្ទុះការតវ៉ាប្រឆាំងរដ្ឋប្រហារ ចាប់តាំងពីពួកឧត្តមសេនីយ៍ដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសាន ស៊ូជី កាលពីថ្ងៃ០១កុម្ភៈ។កងកម្លាំងសន្តិសុខបានឆ្លើយតប ជាមួយនឹងការបង្កើនកម្លាំង ពង្រាយទ័ពទប់ទល់នឹងបាតុកម្មអហិង្សា បាញ់ឧស្ម័នបាញ់ទឹក និងថែមទាំងបាញ់កាំភ្លើងលើអ្នកប្រឆាំងតវ៉ាថែមទៀត។
ការថ្កោលទោសអំពើហិង្សាខ្លាំងជាងគេចេញពីអាម៉េរិកដោយរដ្ឋមន្ត្រីការបរទេស អ៊ែនថូនី ប្លិងកិន បានពិភាក្សាជាមួយប្រទេសសម្ពន្ធមិត្តនៅប៉ុន្មានថ្ងៃមកនេះ ដើម្បីមានចម្លើយតបអន្តរជាតិដ៏មាំទាំមួយ។
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបាននិយាយថា«យើងសូមអំពាវនាវសាជាថ្មីអោយយោធាមីយ៉ាន់ម៉ាអត់ធ្មត់កុំប្រើអំពើហិង្សាលើអ្នកប្រឆាំងតវ៉ាដោយសន្តិវិធី។យើងនឹងធ្វើការជាមួយដៃគូនិងសម្ពន្ធមិត្តដើម្បីគាបសង្កត់យោធាមីយ៉ាន់ម៉ាអោយដូរចំណាត់ការរបស់ខ្លួន»។
វេជ្ជបណ្ឌិតម្នាក់នៅក្រុងណៃពីដោរ កាលពីថ្ងៃសុក្របានបញ្ជាក់អះអាងការស្លាប់មនុស្សម្នាក់លើកដំបូងក្រោយរងរបួសក្នុងអំឡុងតវ៉ាប្រឆាំងយោធាកាលពីសប្តាហ៍មុន។និស្សិត មីយ៉ា ថ្វាត ថ្វាត ឃាំង អាយុ២០ឆ្នាំ ត្រូវបានបាញ់ចំក្បាលក្នុងអំឡុងពេលតវ៉ាប្រឆាំងនៅក្រុងណៃពីដោរកាលពីសប្តាហ៍មុន។
សូមបញ្ជាក់ថា មនុស្សជិត៥៥០នាក់ហើយត្រូវបានចាប់ខ្លួនក្រោយរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ក្នុងចំណោមអ្នកចាប់ខ្លួនចុងក្រោយរួមមានកម្មករផ្លូវដែក បុគ្គលិករដ្ឋការស៊ីវិលនិងបុគ្គលិកធនាគារដែលធ្វើកូដកម្មការងារ ដើម្បីប្រឆាំងរដ្ឋប្រហារ៕
និស្សិត មីយ៉ា ថ្វាត ថ្វាត ឃាំង បានក្លាយជានិម្មិតរូបនៃការតស៊ូប្រឆាំងភាពផ្តាច់ការនៅមីយ៉ាន់ម៉ា