ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ មុខសញ្ញាពាក់ព័ន្ធករណីនាំយកចេញ ដោយមិនស្រប ច្បាប់ សម្រាប់ឆ្លងដែន (នាំមនុស្សឆ្លងដែនខុសច្បាប់) ប្រុស ស្រីចំនួន ៣នាក់ កាលពី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួន ទៅ សាលាដំបូងខេត្ត ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ ។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារ ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាៈ ជនសង្ស័យទាំង ៣ នាក់ នោះមានៈ ១-ឈ្មោះ ឈឿត ឈៀត ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ , ២-ឈ្មោះ ប៉ុន សារឿត ភេទប្រុស អាយុ ៥៥ ឆ្នាំ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និង៣-ឈ្មោះ អ៊ុន សំអាត ហៅ យាយញី ភេទស្រី អាយុ ៤២ ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកស្រី បានបន្តថាៈ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួល ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយ មានជ័យ កម្លាំងនគរបាល បានចាប់ខ្លួនជនទាំង ៣ នាក់ កាលពីម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ពាក់ព័ន្ធនឹងករណីនាំយកចេញ ដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន (នាំមនុស្សឆ្លងដែនខុសច្បាប់) ទៅធ្វើការ នៅប្រទេសថៃ ។
ជនសង្ស័យទាំង ៣ នាក់ បានសារភាពថាៈ ពួកខ្លួនពិតជាបានដឹកជញ្ជូនពលករដោយ ខុសច្បាប់ ទៅប្រគល់ឱ្យមេខ្សល់ ឈ្មោះ ណយ ភេទស្រី អាយុ ៤០ ឆ្នាំ នៅភូមិចំណុចបឹង ត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ។
កម្លាំងនគរបាលការិយាល័យ បានបំពេញសំណុំរឿង បញ្ជូនមុខសញ្ញាពាក់ព័ន្ធទៅសាលា ដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕/V-PC