ដោយៈ ស៊ាថាំង / ភ្នំពេញៈ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្តុ បានជំរុញឲ្យមន្ត្រីគយ និងរដ្ឋាករ នៅច្រកទ្វារព្រំដែន ត្រពាំងផ្លុង ពង្រឹងសកម្មភាព ការងាររបស់ខ្លួន លើការគៀរគរប្រមូលចំណូល ឲ្យកាន់តែប្រសើរ និងត្រូវយកចិត្តទុកដាក់ សហការឲ្យបានល្អ ជាមួយអង្គភាព ពាក់ព័ន្ធនានា ដើម្បីទប់ស្កាត់ ឲ្យមានប្រសិទ្ធភាព នូវការរត់ពន្ធខុសច្បាប់ផ្សេងៗ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានចុះពិនិត្យគម្រោង សាងសង់ស្ថានីយ៍ ត្រួតពិនិត្យកុងតឺន័រ និងការសម្ពោធការិយាល័យ ទីស្នាក់ការគយ និងរដ្ឋាករត្រពាំងផ្លុង ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងឱកាសនោះ លោកបានមានប្រសាសន៍ថាៈ ការសម្ពោធដាក់ឲ្យប្រើប្រាស់ ការិយាល័យថ្មីនេះ គឺជាការរៀបចំឲ្យមានកន្លែង សំរាប់ធ្វើការសមរម្យ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងការបំពេញការងារគយ និងរដ្ឋាករ កាន់តែល្អប្រសើរឡើង, ដូច្នេះមន្ត្រី គយទាំងអស់ ដែលបំពេញការងារ នៅតាមច្រកទ្វារនេះ ត្រូវខិតខំបំពេញការងារតាមតារាង លំហូរ នៃនីតិវិធី ដោយប្រកាន់យកអភិក្រម បួនយ៉ាង គឺការអនុវត្តការងារប្រកបដោយ វិជ្ជាជីវៈ, អនុវត្តការងារជាក្រុម, ប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងមិនត្រូវមើលរំលង កំហុសខ្លួនឯង ជាពិសេសត្រូវមានកិច្ចសហការការងារ ឲ្យបានយ៉ាងជិតស្និទ្ធរវាងអង្គភាព ក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធ ដទៃទៀតនៅក្នុងមូលដ្ឋាន របស់ខ្លួន ដើម្បីជំរុញអនុវត្តន៍ការងារ ប្រកបដោយប្រសិទ្ធភាព ។
លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងបន្ថែមថាៈ ក្រោមការដឹកនាំ ប្រកបដោយគិតិបណ្ឌិត ប្រកបដោយភាពឈ្លៀសវៃ ប៉ិនប្រសព្វ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យ នៅគ្រប់ហេដ្ឋានរចនាសម្ព័ន្ធ មិនថាទីក្រុង ឬនៅតាមជនបទនេះឡើយ ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថាៈ ក្រៅពីគោលការណ៍ ខាងលើ, នៅក្នុងស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩ កម្ពុជា បានអនុវត្តវិធានការ និងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ បានល្អប្រសើរ ដែលបញ្ហាទាំងនេះ បានកើតចេញពីការយកចិត្តទុកដាក់ ប្រកបដោយ ភាពម៉ឹងម៉ាត់ និងហ្មត់ចត់ របស់សម្តេចតេជោ ពិសេសការអនុវត្តនូវវិធានការសុខាភិបាល តាមរយៈការវាស់កំដៅ ពាក់ម៉ាស់ការពារ និងរក្សាគម្លាតសង្គម និងមានការចូលរួមគាំទ្រ របស់ប្រជាជន ដោយស្នាក់នៅក្នុងផ្ទះ និងមិនចេញទៅក្រៅ នៅពេលដែលមិនចាំបាច់ ជាពិសេស រាជរដ្ឋាភិបាល បានកំពុងអនុវត្តន៍ ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដើម្បីជួយសង្គ្រោះ ដល់ជីវិតប្រជាជន ការដោះស្រាយការងើបឡើងវិញ នៃសេដ្ឋកិច្ចជាតិ និងជំរុញការទាក់ទាញ អ្នកវិនិយោគ ឲ្យមកបណ្តាក់ទុន នៅកម្ពុជា ឲ្យកាន់តែច្រើន ខណៈកម្ពុជា គឺជាប្រទេសមួយ មានសក្តានុពល និងភាពអនុគ្រោះគ្រប់បែបយ៉ាង ដល់ការវិនិយោគ ។
លោក អ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុង លើកឡើងឲ្យដឹងថាៈ ចំពោះការអនុវត្តចំណូល តាមរយៈការអនុវត្តផែនការ សកម្មភាពប្រចាំឆ្នាំរបស់អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានកសាងឡើង តាមយុទ្ធសាស្ត្រកំណែទម្រង់ និងទំនើប កម្មគយ និងយុទ្ធសាស្ត្រ កៀរគរចំណូល រយៈពេលមធ្យម ២០១៤-២០១៨ នោះ ការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុង បានសម្រេចជោគជ័យ ក្នុងការប្រមូលចំណូលគយ និងរដ្ឋាករ តាមបញ្ញត្តិជាធរមាន ជាបន្តបន្ទាប់ ។ ចំណែកការងារបង្ការ និងបង្ក្រាបបទ ល្មើសគយ ការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុង បានខិតខំបំពេញការងាររបស់ខ្លួន ក្នុងការទប់ស្កាត់ និងបង្ក្រាប តាមគ្រប់រូបភាព ទាំងមធ្យោបាយដឹកជញ្ជូន ការចរាចរ ចែកចាយតាមអាជីវកម្មដ្ឋាន ឃ្លាំង និងផ្ទះស្នូកទំនិញ ជាក់ស្តែង នាពេលកន្លងមក ការិយាល័យបានបង្ក្រាបមុខទំនិញ មួយចំនួនដូចជា ស្រា ម៉ូតូ និងសម្លៀកបំពាក់ ជាដើម។ ទន្ទឹមនេះ ការិយាល័យ តែងយកចិត្តទុកដាក់ ទប់ស្កាត់ជាប់ជាប្រចាំ រាល់បទល្មើសផ្សេងៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រួមទាំងតាមច្រករបៀងផងដែរ ៕/V-PC