Home ព័ត៌មានសំខាន់ៗ បើ​នៅតែ​មិនមា...

បើ​នៅតែ​មិនមាន​ភ្លៀង ធ្លាក់ចំ​តំបន់​អាង ២ ខែ​ទៀត អស់​ទឹក​ប្រើ នៅ​វាលរេញ​

ដោយៈ ប​.​ខុន / ភ្នំពេញៈ អាជ្ញាធរខេត្ត​ព្រះសីហនុ សម្តែង​ការព្រួយបារម្ភ ពី​ការខ្វះ​ទឹកស្អាត សម្រាប់​ប្រើប្រាស់ នៅ​ទីប្រជុំជន​វាលរេញ ជាថ្មី​ម្តងទៀត ប្រសិនបើ​ក្នុង​រយៈពេល ពីរ​ខែ​ខាងមុខ នៅតែ​មិនមាន​ភ្លៀង ធ្លាក់ចំ​តំបន់​អាងទឹក​ទៀត​នោះ​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹងថាៈ បើ​នៅតែ​មិនមាន ភ្លៀង ចំ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង នៃ​អាង​ស្តុក​ទឹក​វាលរេញ រយៈពេល​ពីរ ខែ​ទៀត​នោះ​បញ្ហា​ខ្វះ ទឹកស្អាត សម្រាប់​ប្រើប្រាស់ នៅ​ទីប្រជុំជន​វាលរេញ នឹង​កើត មាន​ឡើង​ទៀតហើយ​។​

​លោក ហេង សោភ័ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​ថាៈ ទីប្រជុំជន វាលរេញ នឹងខ្វះ​ទឹកស្អាត​ប្រើប្រាស់ ដូច​រដូវប្រាំង ឆ្នាំ​២០២០ បើ​ក្នុង​រយៈពេល​ពីរ​ខែ​ទៀត មិនមាន​ភ្លៀង​កក់ខែ ចំ​តំបន់​អាង​ស្តុក​ទឹក ទេនោះ​។​

​ប្រធាន​មន្ទីរ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ទីប្រជុំជន​វាលរេញ កាលពី​រដូវប្រាំង ឆ្នាំ​២០២០ ខ្វះ​ទឹកស្អាត​ប្រើប្រាស់ រហូតដល់​ទៅ​ពីរ​ខែ នាំឱ្យមាន​ការសាងសង់ អាង​ស្តុក​ទឹក​ថ្មី​បន្ថែម តែ​អាង​នោះ បាន​បាក់​ទំនប់ បន្ទាប់ពី​មាន​ជំនន់​ទឹកភ្លៀង នៅ​ចុងរដូវ និង​ទប់​ជាប់​វិញ ពេល​ភ្លៀង​ស្បើយ ទៅហើយ មិន​រក្សា​ទឹក​ទុក​ដូច​ការចង់បាន ចំ​នួ ៤០ ម៉ែត្រគូប​។​

​លោក ហេង សោភ័ណ​រិ​ទ្ធ បានបញ្ជាក់​ថាៈ អាង​ស្តុក​ទឹក​នេះ មាន​ភ្លៀង​ល្មម ក៏​អាចមាន ទឹក​ពេញ​ដែរ តែ​ភ្លៀង​កន្លងទៅ មិន​ចំ​តំបន់​ផ្ទៃ​រង របស់​អាងទឹក​នេះ​ទេ​។ ពីមុន អាងទឹក​នេះ មាន​សមត្ថភាព​ស្តុក​ទឹក មាន​ត្រឹមតែ ២០ ម៉ែត្រគូប តែដោយសារ​តម្រូវ ការ​ទឹក​ប្រើប្រាស់ កើនឡើង គេ​បាន​បង្កើន​ដល់ ៤០ ម៉ែត្រ​។ ទឹក​ក្នុង​អាង នៅពេលនេះ សល់​កម្ពស់​ប្រមាណ​ជា ៥ ម៉ែត្រ ដោយ​ក្នុង​មួយថ្ងៃ ស្រក​ចុះ ០,០៥ ម៉ែត្រ​។ ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក ប្រជុំជន​វាលរេញ កំពុង​រៀបចំ​បុក​អណ្តូង ចំនួន​ពីរ​បន្ថែម សម្រាប់​ជំនួយ​ពេល​ទឹក ក្នុង​អាង​អស់​។ អណ្តូង​មួយ ទំហំ​បី​តឹក ដែល​អណ្តូង​នីមួយៗ អាច បូមទឹក​បាន ២០ ម៉ែត្រគូប ក្នុង​មួយ​ម៉ោង​។​

​តាម​របាយការណ៍​រប​ស់ ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត ប្រជុំជន​វាលរេញ បានបង្ហាញ​ឱ្យឃើញ ថាៈ បរិមាណ​ទឹក​ផលិត ក្នុង​មួយថ្ងៃ សរុប ៦៦០ ម៉ែត្រគូប សម្រាប់​ផ្គត់ផ្គង់​អ្នកប្រើប្រាស់ ទឹកស្អាត ចំនួន ១.៨៨១ អតិថិជន​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ​ថាៈ នៅ​រដូវប្រាំង​ឆ្នាំ ២០២១ នេះ អាច​នឹងមាន​ភ្លៀង​កក់ខែ ជា​បន្តបន្ទាប់ និង​រដូវវស្សា ឆាប់​ចូលមក​ដល់ គឺ​ដូច​ការជូនដំណឹង ស្តីពី​អាកាសធាតុ សម្រាប់​រដូវប្រាំង ឆ្នាំ ២០២១ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular