ភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានលើកឡើងថា «ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា គឺដើម្បីបម្រើឲ្យការងារបង្ការបង្ក្រាប គ្រឿងញៀន និងរក្សាបាននូវព័ត៌មានរបស់ជនល្មើស ដែលធ្លាប់ប្រព្រឹត្តបទល្មើសនោះ»។
ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បាន ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុប លទ្ធផល ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា (Database System) គ្រប់គ្រងបទ ល្មើសគ្រឿងញៀន ប្រចាំឆ្នាំ២០២០ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅអគ្គស្នងការដ្ឋាន នគរបាលជាតិ ។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងនូវការលើកសរសើរដល់បណ្តាស្នងការដ្ឋាន រាជធានី-ខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងកិច្ចការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា (Database System) គ្រប់គ្រងបទល្មើសគ្រឿងញៀន ។
នាយអគ្គស្នងការរងនគរបាលជាតិ ក៏បានលើកទឹកចិត្តជូនរង្វាន់ដល់បណ្តាស្នងការដ្ឋាន រាជធានី-ខេត្ត ដែលមានស្នាដៃ និងឲ្យដាក់បញ្ចូលក្រុមបញ្ចូលទិន្នន័យនេះ ទៅក្នុងការចូល រួមក្នុងកិច្ចប្រតិបត្តិការផងដែរ ដើម្បីឲ្យពួកគេបានការលើកទឹកចិត្តបន្តទៀត ។
ដើម្បីឲ្យការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាមានប្រសិទ្ធបន្ថែមទៀត នាយឧត្តម សេនីយ៍ ម៉ក់ ជីតូ បានដាក់ចេញនូវទិសដៅបន្ត ចំនួន៤ចំណុច ដែលរួមមានៈ
១-បន្តធ្វើបច្ចុប្បន្នភាព (UPDATE) ប្រព័ន្ធបច្ចេកទេស (Database System) មានដូចជា ៖ មុខងារស្គេនមុខ និងបង្កើត APP STORE និង PLAY StORE សម្រាប់ប្រើប្រាស់លើ ទូរស័ព្ទដៃ
២-បង្កើនការបញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀន ស្គេនខ្ចៅដៃជនល្មើសទៅក្នុងប្រព័ន្ធ បច្ចេកទេសឲ្យបាន១០០%(អនុវត្តជាប្រចាំ)។
៣-ធ្វើរបាយការណ៍បូកសរុបលទ្ធផលអនុវត្តលើកប្រព័ន្ធបច្ចេកវិទ្យាប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំជូនថ្នាក់ដឹកនាំ ។
៤-ត្រៀមបន្តបើកវគ្គបណ្តុះបណ្តាលខ្លីៗបន្ថែម ដល់មន្ត្រីជំនាញដែលគ្រប់គ្រងប្រព័ន្ធ បច្ចេកទេស (Database System) នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ។
នាឱកាសនោះនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បាន ប្រគល់កុំព្យូទ័រ និងឧបករណ៍ស្កេនខ្ចៅដៃ ជូនស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជាលើកចុងក្រោយ សរុប ៤០គ្រឿង ផងដែរ ៕/PC