Home ព័ត៌មានអន្តរជាតិ រុស្ស៊ី​ចូលខ្...

រុស្ស៊ី​ចូលខ្លួន​ជួយ​ដល់​ដំណើរការ​សន្តិភាព​អា​ហ្វ​ហ្គានី​ស្ថានដែល​កំពុង​ជាប់​គាំង​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ស្របពេល​ដែល​កិច្ច​ពិភាក្សា​រវាង​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាននិង​ក្រុមតា​លីបង់​បានជាប់​គាំង​ហើយ​រដ្ឋបាល​ថ្មី​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ពិចារណា​លើ​ជម្រើស​របស់ខ្លួន រុស្ស៊ី​​កំពុង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ព្យាយាម​ស្វែងរក​វិធី​ឆ្ពោះទៅមុខ​នៅក្នុង​ដំណើរការ​សន្តិភាព​។​

​អ្នកតំណាង​របស់​ទីក្រុង​មូ​ស្គូ​បាន​ធ្វើ​ទស្សនកិច្ច​ជា​ច្រើនជុំ ដោយ​បាន​ទៅ​ជួប​តួអង្គ​សំខាន់​ក្នុង​តំបន់​និង​ជួបប្រជុំ​ជាមួយ​មន្ត្រី​និង​ឥស្សរជន​តា​លី​បង់​ជាន់​ខ្ពស់​ហើយ​សូម្បី​សន្និសីទ​វីដេអូ​ថ្នាក់​រដ្ឋមន្ត្រី​របស់​​អង្គការ​ណា​តូ​នៅ​សប្តាហ៍​នេះ​ក៏​សន្និដ្ឋាន​ដែរ​ថា​មិន​មាន​ដំណោះស្រាយ​ងាយស្រួល​អំពី​វិធី​បញ្ចប់​សង្គ្រាម​ដែល​អូសបន្លាយ​យូរ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​នោះទេ​។​

​លោក​ហ្សា​មៀរ កា​លូ​ឡូ​វ ជា​ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​សម្រាប់​អា​ហ្វ​ហ្គានី​ស្ថាន បាន​ទៅ​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​កុម្ភៈ​ដើម្បី​ពិភាក្សា​ជាមួយ​ក្រុម​មន្ត្រី​។​រដ្ឋា​ភិ​​បាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​គឺជា​តួអង្គ​សំខាន់​ដែល​មាន​ឥទ្ធិពល​លើ​ពួក​តា​លី​បង់​។​

​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ខែ​កុម្ភៈ​ឆ្នាំ ២០២០ ដែល​រដ្ឋបាល​ត្រាំ​បាន​ចុះហត្ថលេខា​ជាមួយ​ពួក​តា​លី​បង់ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ប្តេជ្ញា​ដក​កងទ័ព​បរទេស​ទាំងអស់​ចេញ​ពី​អា​ហ្វ​ហ្គានី​ស្ថាន​នៅ​ថ្ងៃទី ១ ខែ​ឧសភា​ឆ្នាំ​២០២១ ដែល​បន្ទាប់​ពី​រយៈពេល ២០ ឆ្នាំ​បាន​ក្លាយជា​ជម្លោះ​យូរ​បំផុត​របស់​អាម៉េរិក​។​

​ប្រធានាធិបតី​ចូ បៃ​ដិន​ឥឡូវនេះ​កំពុង​ធ្វើការ​ពិនិត្យ​លើ​កិច្ចព្រមព្រៀង​នេះ ទោះបីជា​តា​លី​បង់​ព្រមាន​ថា​មិន​អាច​មាន​ការ​បន្លាយពេល​វេលា​កំណត់​ឡើយ ដោយ​គំរាម​ធ្វើសង្គ្រាម​ឡើងវិញ​ជាមួយ​សហរដ្ឋ​អាម៉េរិក​និង​អង្គការ​ណា​តូ ប្រសិនបើ​កាលបរិច្ឆេទ​ដកទ័ព​មិន​ត្រូវ​បាន​ឆ្លើយតប​។​

​ចាប់តាំងពី​កិច្ចព្រមព្រៀង​រវាង​អាម៉េរិក​និង​តា​លី​បង់​ត្រូវបាន​ចុះហត្ថលេខា​មក ពួក​តា​លី​បង់​បាន​គោរព​ការប្តេជ្ញា​ចិត្ត​របស់​ពួកគេ​មិន​វាយប្រហារ​កងទ័ព​ណា​តូ​និង​សហរដ្ឋ​អាម៉េរិក​ទេ ប៉ុន្តែ​កំពុង​ផ្តោត​គោលដៅ​វាយ​លើ​កងកម្លាំង​អា​ហ្វ​ហ្គានី​ស្ថាន​ឥតឈប់ឈរ ព្រោះ​ពួកគេ​ក៏​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​បះបោរ​នេះដែរ​៕

លោក​ហ្សា​មៀរ កា​លូ​ឡូ​វ (​ឆ្វេង​) ជួប​អគ្គមេបញ្ជាការ​កងទ័ព​ប៉ា​គី​ស្ថាន​លោក កា​ម៉ា ចា​វេត បាច​វ៉ា កាលពី​ថ្ងៃ​សុក្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular