ដោយៈយោធិន/ភ្នំពេញៈ កាលពីរាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១កងយោធាមួកខៀវ កម្ពុជានៃកងឯកភាពកងអនុសេនាធំវិស្វកម្មសំណង់លេខ៥៧៦ដែលមានកម្លាំងសរុប ចំនួន២០៤នាក់នៅក្នុងនោះមាននារី១៥នាក់បានចេញបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
ពិធីជូនដំណើរត្រូវបានប្រារព្ធឡើងជាផ្លូវការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ កងយោធាមួកខៀវមុនពេលឡើងយន្តហោះ ដែលចាត់ចែងឡើងដោយអង្គការសហប្រជាជាតិ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា ដោយសារតែការរីករាលដាលនៃមេរោគកូវីដ-១៩បណ្តាលឲ្យការប្តូរវេនកង កម្លាំងយោធាមួកខៀវសម្រាប់បេសកកម្មអង្គការសហប្រជាជាតិមានការអាក់ខាននិងត្រូវបានពន្យាពេលខុសពីការគ្រោងទុកដែលតែងធ្វើឡើងជាប្រចាំជារៀងរាល់មួយឆ្នាំម្តង ព្រមទាំងទាមទារឲ្យមានការអនុវត្តយ៉ាងម៉ឺងម៉ាត់ ទាំងការពិនិត្យសំណាកនិងការធ្វើចត្តា ឡីស័កទាំងកម្លាំងទៅបំពេញបេសកកម្មនិងកម្លាំងនិវត្តន៍មកពីតំបន់បេសកកម្មរយៈពេល១៤ថ្ងៃជាកំហិត។
ដើម្បីការពារខ្លួនក្នុងស្ថានការណ៍ដែលប្រឈមនឹងឧបសគ្គខ្ពស់ពិសេសការយល់ដឹងពីវិធាននៃការការពារប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ នាយឧត្តមសេនីយ៍សែមសុវណ្ណនីបាន ក្រើនរំឮកដល់កងយោធាមួកខៀវទាំងអស់ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវការធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងនៅក្នុងប្រទេស និងនៅតាមតំបន់បេសកកម្ម។ ត្រូវយកចិត្តទុកដាក់ផ្លាស់ប្តូរបទពិសោធន៍រវាងអ្នកចាស់ និងអ្នកថ្មី ទំនាក់ទំនងល្អជាមួយបណ្តាប្រទេសបរិច្ចាគកម្លាំងដោយប្រកាន់ខ្ជាប់ប្រពៃណី ទំនៀមទម្លាប់មូលដ្ឋាននៃប្រទេសបេសកកម្ម។
នាយឧត្តមសេនីយ៍សែមសុវណ្ណនី បានថ្លែងបន្តថាៈទោះបីជាតំបន់បេសកកម្មរបស់ អង្គការសហប្រជាជាតិជួបប្រទះគ្រោះថ្នាក់យ៉ាងណាក្តីក៏រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានៅតែប្តេជ្ញាបន្តចូលរួមបេសកកម្ម មនុស្សធម៌ខាងលើនេះជានិច្ច។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ននេះកម្ពុជាបានបញ្ជូនកងយោធា ចំនួន៥១ កងដែលមានកម្លាំងសរុបចំនួន៧.៥១៧ នាក់នៅក្នុងនោះមាននារីចំនួន៤៦៦ នាក់ទៅកាន់តំបន់បេសកកម្មចំនួន១១ក្នុង៩ប្រទេសរួមមានៈសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន លើជំនាញបោសសំអាតមីន វិស្វកម្មសំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលានយន្តហោះ កម្ទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។
បច្ចុប្បន្នកម្លាំងកម្ពុជាសរុបចំនួន៧៧៨នាក់ ដោយមាននារីចំនួន១០៤នាក់ បាននិងកំពុង បំពេញបេសកកម្មនៅប្រទេសចំនួន៥រួមមានៈសាធារណរដ្ឋស៊ូដង់ខាងត្បូង ស៊ូដង់ លីបង់ អាហ្វ្រិកកណ្តាលនិងម៉ាលី។
តាមការបញ្ជាក់ឲ្យដឹងផងដែរៈការចេញដំណើររបស់កងយោធាមួកខៀវលេខ៥៧៦នាពេលអធ្រាតនេះគឺជាកងទី៧សម្រាប់បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលដែលបានចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ២០១៤។ កងកម្លាំងយោធាមួកខៀវកម្ពុជាកងទី៦នឹងវិលមក ដល់កម្ពុជាវិញនារសៀលថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២១បន្ទាប់ពីបានបញ្ចប់បេសកកម្មនៅ សាធារណរដ្ឋអាហ្វ្រិកកណ្តាល៕/PC