ដោយៈសរិទ្ធ/ព្រះសីហនុ៖ បុរសជនជាតិចិន៣នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវចាប់ខ្លួនបាន នៅវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ក្រោយធ្វើសកម្មភាពប្រមាណ៤ម៉ោង ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅ ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះថា បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីជន ជាតិចិនមួយក្រុម ប្រដាប់ដោយកាំភ្លើង និងកាំបិត ធ្វើសកម្មភាពប្លន់ជនជាតិចិនដូចគ្នា ក្នុងម៉ាតមួយកន្លែងស្ថិតក្នុងក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បណ្ដាលឲ្យជនរងគ្រោះរងរបួសប៉ុន្តែករណីនេះមិនមានការបាត់ បង់សម្ភារ ឬទ្រព្យសម្បត្តិអ្វីនោះឡើយ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្តថា លោកបានបញ្ជាកម្លាំងជំនាញបើកការ ស្រាវជ្រាវបន្ទាន់ភ្លាមៗ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យដែលធ្វើសកម្មភាពដោយប្រើ ប្រាស់វិធានការជំនាញ ជនដៃដល់៣នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ស្រាវជ្រាវចាប់ខ្លួនបាន ក្រោយធ្វើសកម្មភាពប្រមាណ៤ម៉ោង ។
លោកស្នងការ បន្ថែមទៀតថា ជនដៃដល់ទាំង៣នាក់នោះរួមមាន៖ ទី១៖ ឈ្មោះ យ៉ាង បាវ កាង (YANG BAO QIANG) អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារ ហ្សុងហ័រវួយ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុជាជនដៃដល់ប្រើកាំបិតចាក់ទៅលើជនរង គ្រោះ, ទី២៖ ឈ្មោះ ស៊ូ ដុង ភីង (XU DONG PING) អាយុ៣០ឆ្នាំ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ជាជនដៃដល់ប្រើអាវុធខ្លីភ្ជង់គំរាមជនរងគ្រោះ និងទី៣៖ ឈ្មោះ លី ប៉េន (LI PEN) អាយុ២៩ឆ្នាំ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ជាអ្នកសមគំនិត។
ចំណែកជនរងគ្រោះឈ្មោះ ស៊ូ សេងចាង (XU SHENXIANG) អាយុ៤០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានរងរបួសធ្ងន់ត្រង់បាត ដៃខាងស្តាំ, ម្រាមដៃកណ្តាល, ចង្អុលដៃខាងស្តាំ និងរបួសស្មងជើងខាងស្តាំកំពុងសម្រាក ព្យាបាលនៅមន្ទីពេទ្យ ចិន ប៉ាយឈៀវ។
តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថា មូលហេតុដែលពួកគេធ្វើសកម្មភាពប្លន់ ព្រោះខ្វះខាតប្រាក់ចាយវាយ ទើបបបួលគ្នារៀបចំគម្រោងចេញប្លន់តែម្តង។ បច្ចុប្បន្នជន សង្ស័យទាំង៣នាក់កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការ បន្ដតាមនីតិវិធី៕/PC