ដោយៈ ដេប៉ូ-មុនីរ័ត្ន/ភ្នំពេញៈ សត្វទន្សោងឈ្មោលដ៏ធំ១ក្បាលដែលជាប្រភេទសត្វដ៏កម្រ ស្ទើរតែនឹងផុតពូជទៅហើយនោះត្រូវបានមន្ត្រីឩទ្យានុរក្សប្រចាំស្នាក់ការចល័តលេខ៩១ដើរល្បាតព្រៃប្រទះឃើញងាប់កាលពីថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២១ស្ថិតក្នុងភូមិសែនរុងរឿង៣ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងដែនជម្រកសត្វព្រៃព្រះរកាដែលជាតំបន់ ការពារ ធនធានធម្មជាតិ។
លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តបានប្រាប់អ្នកសាពត៏មាននៅព្រឹកថ្ងៃទី២០ ខែកុម្ភៈថា ហេតុបណ្តាលអោយសត្វទន្សោងឈ្មោល១ក្បាលដែលមានទំងន់រហូតដល់ទៅ ១០០០គ.ក.នេះបានងាប់នោះគឺដោយសារតែការជាប់អន្ទាក់ជើងខាងមុខប៉ែកខាងស្តាំដែលពួកអ្នកព្រានព្រៃបានដាក់អន្ទាក់ចោលដើម្បីទាក់នឹងចាប់សត្វព្រៃនោះ។
លោកបន្ថែមទៀតថា ការងាប់របស់សត្វទន្សោងឈ្មោលដ៏ធំ១ក្បាលខាងលើនេះ បើតាមការសន្និដ្ឋានរបស់លោកគឺ វាបានងាប់ប្រហែលរយះពេល០១យប់០១ថ្ងៃទៅហើយ ទើបមន្ត្រីឩទ្យានុរក្សបស់លោកចុះដើរល្បាតព្រៃជួបសាកសពនូវសត្វទន្សោងដ៏ធំ១ក្បាលខាងលើនេះ។
បច្ចុប្បន្នសាកសពសត្វទន្សោងដ៏ធំ១ក្បាលខាងលើនេះត្រូវបានមន្ត្រីឩទ្យានុរក្សចល័តស្នាក់ការលេខ៩១ដឹកទាំងយប់យកមកប្រគល់អោយមន្ទីរបរិស្ថានខេត្ត ដើម្បីសិក្សានិងស្រាវ ជ្រាវបន្ថែមទៀតទៅលើពពួកសត្វព្រៃដ៏កម្រហើយស្ទើរនឹងផុតពូជទៅហើយនោះ។
ជាមួយគ្នានោះលោកមាស ញឹម ក៏បានធ្វើកាអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចប្រជា ព្រានព្រៃទាំងអស់មេត្តាបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពបរបាញ់នឹងដាក់អន្ទាក់ដើម្បីចាប់សត្វព្រៃយកមកធ្វើជាមុខជំនួញដែលច្បាប់ហាមឃាត់ពីព្រោះកត្តាទាំងអស់ខាងលើវាប្រឈម ទៅនឹងទោសជាប់ពន្ធនាគារទៅតាមបទបញ្ញាតិនៃច្បាប់កាពារធនធានធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជា៕/PC