ដោយៈបញ្ញាសាស្ត្រ/ ភ្នំពេញៈ ក្រោយពីទទួលបានបទពិសោធន៍ ជាច្រើនក្នុងដំណើរកម្សាន្ត បែបផ្សងព្រេង តារាសម្តែងឆ្នើម មាន សូនីតា ត្រូវបានកម្មវិធីកម្សាន្ត មួយ ឈ្មោះថា «សាកថ្មជីវិត» អញ្ជើញនាង អោយធ្វើជាវាគ្មិនតែម្តង។
ប្រាប់ពីបទពិសោធន៍ ក្នុងដំណើរកម្សាន្ត កញ្ញា ថ្ពាល់ខួច រូបនោះបានប្រាប់ថា “និយាយ ដោយឥតលាក់បាំងបងគ្រាន់តែលឺឈ្មោះ និងដឹងពីខ្លឹមសារកម្មវិធីហ្នឹងខ្ញុំឆ្លើយអូខេភ្លាម ៗ ហ្មង!” ។
ហេតុផលមួយចំនួនដែលជំរុញឲ្យ មាន សូនីតា ឆ្លើយភ្លាមសម្រាប់ដំណើរកម្សាន្តខាងលើទី ១ នាងជា អ្នកចូលចិត្តការធ្វើដំណើរកម្សាន្តស្រាប់។ ទី ២ នាងពេញចិត្តខ្លឹមសាររបស់ កម្មវិធី ដែលនាងមិនដែលជួបសម្រាប់ដំណើរកម្សាន្តនានា ក្នុងអតីតកាលរបស់នាងទាំងដំណើរ កម្សាន្តក្នុង និងក្រៅស្រុក។
កម្មវិធីដំណើរកម្សាន្ត “សាកថ្ម ជីវិត” រៀបចំដោយក្រុម Amata-អមតា បានចេញដំណើរ កាលពីចុងខែមករា ២០២១ នាំយក មាន សូនីតា និងបុគ្គលសាមញ្ញ ជាង២០នាក់ផ្សេង ទៀតឆ្ពោះទៅកាន់រមណីយដ្ឋានល្បីៗមួយចំនួនក្នុងខេត្តកំពត ក្នុងដំណើរកម្សាន្ត២ថ្ងៃ ១យប់។ តាម សូនីតា កម្មវិធីនេះ ប្រមូលផ្ដុំ ដោយអ្នកដែលមានវិបត្តិផ្លូវចិត្តខូចចិត្ត ឬបាក់ ទឹកចិត្តនឹងបញ្ហាជាច្រើននៅក្នុងឆាកជីវិត។
សូនីតា លើកឡើងថា ចំណុចនេះ ហើយដែលនាងមិនធ្លាប់ជួបពីមុនមកក្នុងដំណើរ កម្សាន្តគឺ “កន្លងមកយើងដើរកម្សាន្តគ្រាន់តែ ដើម្បីលេងកម្សាន្តនឹងទេសភាព ឬកន្លែង កម្សាន្តផ្សេង ៗនិយាយរួម គឺ គ្រាន់តែផ្លាស់ប្ដូរបរិយាកាសតែលើកនេះ គឺខ្ញុំបានរាប់អានមិត្ត បានចែករំលែករឿងរ៉ាវផ្សេងៗជាមួយគ្នា…ចូលរួម កម្មវិធីហ្នឹង ខ្ញុំដូចរៀនបានច្រើន ទៀត ពី រឿងរ៉ាវជីវិតដឹងពីរបៀបរស់នៅប្រឈមនឹងបញ្ហារឹងមាំ!”។
រាជិនី ក្រមារូបនេះ បានបន្តថា នៅក្នុងដំណើរកម្សាន្តខាងលើមានសកម្មភាពលេងល្បែង កម្សាន្តវគ្គចែករំលែកបទពិសោធន៍ជីវិតដែលជួបបញ្ហា និងមានវគ្គពង្រឹងស្មារតី ជា ដើម ជា បច្ច័យឲ្យនាងក៏ដូចជាប្រិយមិត្តផ្សេងទៀតរៀនបានច្រើនពីការពង្រឹងខ្លួនទប់ទល់នឹងបញ្ហា យល់ដឹងពីបំណិនជីវិតជាដើម៕/PC