ដោយៈសរិទ្ធ/ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បានលោតសម្លាប់ខ្លួនពីលើអគារធនាគារ តៃវ៉ាន់បណ្តាលឲ្យ បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ជាង១២ថ្ងៃត្រង់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចស្តុបស្ពនអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនជាតិចិនខាងលើនេះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ មានសម្បុរ ស អាយុប្រហែល៣០ឆ្នាំពាក់អាវយឺតពណ៌ស ស្លៀកខោជើងខ្លីពណ៌ប្រផេះ។ តាមកាមរ៉ា សុវត្ថិភាពដែលបំពាក់នៅជុំវិញក្បែរកន្លែងកើតហេតុ បានបញ្ជាក់ឲ្យឃើញថា មុនពេល កើតហេតុគេឃើញបុរសជនជាតិចិន បានដើរចូលទៅក្នុងធនាគារតៃវ៉ាន់ហើយឡើងទៅ ជាន់ខាងលើមួយសន្ទុះក្រោយមករូបគេក៏បានបើកបង្អួចកញ្ចក់អើតចុះអើតឡើងប្រហែលជា៥នាទី ទើបសម្រេចចិត្តលោតទម្លាក់ខ្លួនចុះមកក្រោមបណ្តាលឲ្យបោកក្បាលផ្ទប់ជាមួយ និងខឿនថ្មស្លាប់ភ្លាមៗមួយរំពេច នៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់អូរបែកក្អម និងកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយកម្លាំងជំនាញការិយាល័យកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខណ្ឌសែនសុខបានចុះមកស្រាវជ្រាវនិងពិនិត្យសពជនរងគ្រោះ នៅកន្លែងកើតហេតុ។ ក្រោយពីពិនិត្យសពរួចរាល់សមត្ថកិច្ចជំនាញ បានបញ្ជាក់ឲ្យដឹងថា សពបុរសជនជាតិចិនខាងលើ ពិតជាលោតសម្លាប់ខ្លួនឯងពិតប្រាកដមែន។ សពត្រូវបាន សមត្ថកិច្ចដឹកយកមកតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីទំនាក់ទំនងទៅកាន់ស្ថានទូតចិន ដើម្បីស្វែងរកក្រុមគ្រួសារសាច់ញតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕/PC