ដោយៈ គ្រញូង / បាត់ដំបងៈ នគរបាលប្រឆាំងគ្រឿងញៀនខេត្ត កាលពីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យ ២នាក់ ទៅតុលាការក្រោយពេលកម្លាំងប្រឆាំង គ្រឿងញៀនខេត្ត និងនគរបាលស្រុកថ្មគោល សហការចាប់ខ្លួនបាន កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល។
លោក ផង់ សុភាព អធិការនគរបាល ស្រុកថ្មគោល បានឲ្យដឹងថាៈ ជនសង្ស័យប្រុសទាំង ២ នាក់ មានឈ្មោះ សំអាត សុផាក់ អាយុ ២៣ ឆ្នាំ មានលំនៅ នៅភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ និងឈ្មោះ រិន ពិសិទ្ធ អាយុ ៣១ ឆ្នាំ មានលំនៅ នៅភូមិនិគមក្នុង ឃុំជ្រោយ ស្តៅ ស្រុកថ្មគោល។ វត្ថុតាងដែលចាប់យកបាន រួមមាន -ម្សៅក្រាមពណ៌ សថ្លា ច្រកក្នុង ថង់ប្លាស្ទិក ពណ៌សថ្លា ចំនួន ៣ ថង់ ទម្ងន់ ៤,១៩ ក្រាម ទាំងសំបក សង្ស័យមានសារធាតុ ញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ដែកកេះ ៤ និងទូរស័ព្ទ ២ គ្រឿង (ចាស់) ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅកាន់តុលាការ ដើម្បីចាត់ការ តាមនីតិវិធី៕/V-PC