Home ព័ត៌មានជាតិ សន្តិសុខ ខណ្ឌ​រដ្ឋបាល​...

ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ ព្រមាន​ប្រជា​នេសាទ​ដទៃ ក្រោយ​ឃាត់ខ្លួន​អ្នកនេសាទ ខុសច្បាប់ ២​នាក់

ដោយៈ កាំ​ពី / ក្រចេះ​៖ កម្លាំង​ឆ្មាំ​ទន្លេ អភិរក្ស​សត្វ​ផ្សោត សហការ​ជាមួយ កម្លាំង​នគរបាល ប៉ុស្តិ៍ រដ្ឋបាល​សំបុក និង​ប្រជា​ការពារ​ភូមិ​ក្បាល​ជួរ បាន​បង្ក្រាប បទល្មើស​នេសាទ (​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ឆក់​) ដោយ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ២ នាក់ នៅតាម​ដង​ទន្លេមេគង្គ នៅ​ចំណុច​ក្បាល​គោល​បាក់ ស្ថិតនៅ​ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​យប់ ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ ។ ទន្ទឹមនឹងនេះ ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ ព្រមាន​ប្រជាពលរដ្ឋ​ដទៃ ឱ្យ​នេសាទ​ជា​លក្ខណៈ​គ្រួសារ បាន​ហើយ ប្រសិនបើ​នេសាទ​ខុសច្បាប់ ថ្ងៃ​ណាមួយ សមត្ថកិច្ច ឃាត់​ចាប់បាន នឹងត្រូវ​ផ្ដន្ទាទោស តាមច្បាប់ ស្តីពី​ជលផល ជាក់​ជាពុំខាន​។​

​តាម​របាយការណ៍​ខ័​ណ្ឌ​ជលផល​ខេត្ត បានបញ្ជាក់​ឱ្យដឹងថាៈ បុរស​ជា​ជនសង្ស័យ ទាំង​២​នាក់​នោះ មានៈ ១-​ឈ្មោះ អុក ផាន់​ណា អាយុ​៤១​ឆ្នាំ មាន​លំនៅ នៅ​ភូមិ​កា​កុ​ត ឃុំ​សំបុក ស្រុក​ចិត្រ​បុរី , ២ -​ឈ្មោះ វណ្ណ ចំរើន អាយុ ៣៣​ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។ សមត្ថកិច្ច​ជំនាញ បាន​រឹបអូស​វត្ថុតាង នៅនឹងកន្លែង រួមមាន ទូក​ធ្វើ​អំពី​ស្មាច់ ចំនួន ១​គ្រឿង ម៉ាស៊ីន​ចំនួន ១​គ្រឿង អាគុយ និង​អាំង​វែ​ទ័​រ​ឆក់​ត្រី (​ប្រភេទ​ស្រូប ឬ​ឆក់​ត្រជាក់​) ១​គ្រឿង​។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​ដឹក​មក ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ និង​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង ខេត្តក្រចេះ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​។​

​លោក ម៉ុក ពន្លក នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​ប្រាប់​តាម​ទូរស័ព្ទ កាលពី​ព្រឹក ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​ថាៈ ពាក់ព័ន្ធ​ការងារ ល្បាត​ទប់ស្កាត់ បង្ក្រាប និង​អភិរក្ស​សត្វ​ផ្សោត​នេះ គឺ​ក្នុងនាម​លោក ជា​ប្រធាន​ឆ្មាំ​ទន្លេ លោក​បាន​សហការ ជាមួយ​អង្គការ WWF យ៉ាង​ស្អិតរ​មួ​ត និង​បាន​ជំរុញ​ដល់ មន្ត្រី​ឆ្មាំ​ទន្លេ អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​ពាក់ព័ន្ធ និង​ប្រជា​ការពារ​ភូមិ ចុះ​ល្បាត​បទល្មើស​នេសាទ ជាប់​ជាប្រចាំ​ផងដែរ​។ ប៉ុន្តែ នៅតែមាន​ជនខិលខូច មួយចំនួន​តូច លួច​ធ្វើ​សកម្មភាព​នេសាទ ដោយ​ប្រើប្រាស​ឧបករណ៍​ខុសច្បាប់ ដែលជា​ហេតុ​ធ្វើ អោយ​ប៉ះពាល់​ដល់​សត្វ​ផ្សោត ងាប់​។

​លោក​បាន​អំពាវនាវ ពលរដ្ឋ​ទាំងអស់ ជួយ​រក្សា​ធនធាន ជលផល​ទាំងអស់គ្នា ដើម្បី​បន្ត ពូជពង្ស សម្រាប់​ពេលបច្ចុប្បន្ន និង​ថ្ងៃ​អនាគត និង​ដើម្បី​កូនចៅ​ជំនាន់ ក្រោយ​បានដឹង បាន​ស្គាល់​នូវ​ប្រភេទ សត្វ​ផ្សោត​ដ៏​កម្រ និង​បេតិកភណ្ឌ​ពិ​លោក​។ លោក​បាន​អំពាវនាវ ធ្វើយ៉ាងណា សូមកុំ​ធ្វើ​នេសាទ ខុសច្បាប់ ដូចជា ការប្រើប្រាស់​ឧបករណ៍​នេសាទ ឆក់​ត្រី ស្បៃ​មុង និង​អួន​ក្រឡា​ញឹក ជាដើម ។

​លោកនាយ​ខណ្ឌ បាន​បន្តទៀតថាៈ សំណូមពរ​ប្រជា​នេសាទ​ទាំងអស់ ធ្វើយ៉ាងណា នេសាទ​ជា​លក្ខណៈ​គ្រួសារ បាន​ហើយ កុំ​នេសាទ​ខុសច្បាប់ បើ​នេសាទ​ខុសច្បាប់ ថ្ងៃ​ណាមួយ សមត្ថកិច្ច ឃាត់​ចាប់បាន នឹងត្រូវ​ផ្ដន្ទាទោសតាមច្បាប់ ស្តីពី​ជលផល ជាក់​ជាពុំខាន​៕/V-PC

ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​

ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​

ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​

ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular