ដោយ: ម៉េងឆៃ / ភ្នំពេញ: កាលពីព្រឹកថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារពិសេស ទៅកាន់ជនរួមជាតិ។ សម្តេចបានប្រកាសពីករណីឆ្លងកូវីដ១៩ ក្នុងសហគមន៍ ជាលើកទី៣ ដែលសម្តេច ប្រសិទ្ធនាមថា «ព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២០ កុម្ភៈ»។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មកដល់ព្រឹកថ្ងៃទី២០ កុម្ភៈនេះ រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣២នាក់ ដែលជាជនជាតិចិន។ ការឆ្លងសហគមន៍ជាថ្មីនេះ ដោយសារតែមានអ្នកពាក់ព័ន្ធនឹងក្លិបកម្សាន្ត អិន ៨ បានទៅធ្វើតេស្ត រកកូវីដ ដើម្បីចេញទៅក្រៅប្រទេស ហើយវិជ្ជមានវីរុសកូវីដ១៩។
ដើម្បីទប់ស្កាត់ការឆ្លងសហគមន៍នេះ សម្តេច ហ៊ុន សែន បានប្រកាសបិទតំបន់មួយចំនួន នៅរាជធានីភ្នំពេញ ដូចជា ក្លិបកម្សាន្ត អិន៨ និង អាផាតមិន រួមទាំងផ្ទះមួយចំនួន ដែលមានការរស់នៅច្រើន។សម្តេចតេជោបញ្ជាក់ថា ការបិទតំបន់ទាំងនោះ គឺមិនអនុញ្ញាតឲ្យចេញចូលទេ។ ក្រៅពីនេះ ក៏ត្រូវធ្វើតេស្ត ហើយធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ហើយអាជ្ញាធរសមត្ថកិច្ច ស្វែងរកអ្នកពាក់ព័ន្ធជាមួយនឹងក្លិបកម្សាន្ត N8 ហើយធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់។
ក្លិបកម្សាន្ត អិន៨ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ កាលពីព្រឹកថ្ងៃទី២០ កុម្ភៈ អាជ្ញាធរសមត្ថកិច្ច ក៏បានបិទតំបន់កោះពេជ្រ ក្នុងរាជធានីភ្នំពេញ ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានចាត់ទុកថា ការរកឃើញកូវីដ១៩ថ្មី ក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២០ កុម្ភៈនេះ ជាព្រឹត្តិការណ៍អាក្រក់ និងធ្ងន់ធ្ងរ ដែលយើង ត្រូវតែបង្កើនការការពារបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា និងអំពាវនាវ ៦ចំណុច ដូចតទៅ៖ ១- ស្នើសុំការយោគយល់ពីអ្នកធុរកិច្ច និងការស្នាក់ការនៅរបស់ពលរដ្ឋ ដែលតម្រូវឱ្យមានការបិទអគារ ក្លិបកម្សាន្ត N8 និងតំបន់មួយចំនួន ដែលផ្ទុះករណីកូវីដ១៩ ជាចាំបាច់ ដោយមិនអនុញ្ញាតឲ្យចេញ-ចូល លើកលែងតែអ្នកដែលជាម្ចាស់ផ្ទះក្នុងតំបន់នោះ គឺឲ្យចូល តែមិនអនុញ្ញាតឲ្យចេញ។ ២- បន្តយកសំណាកធ្វើតេស្ត សម្រាប់អ្នកនៅក្នុងតំបន់មានផ្ទុះកូវីដ១៩ ហើយបន្ទាប់ពីធ្វើតេស្តហើយ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដែលចំនួននៃការធ្វើតេស្ត អាចនឹងមានចំនួនច្រើន។ ៣- អាជ្ញាធរ ត្រូវបន្តស្វែងរកអ្នកពាក់ព័ន្ធនឹងក្លិបអិន៨ ទោះទៅដល់ទីណាក៏ដោយ ដើម្បីស្វែងរកមកធ្វើតេស្ត និងការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។ ៤- ត្រូវធ្វើចត្តាឡីស័ក សម្រាប់អ្នក ដែលមានការពាក់ព័ន្ធទាំងអស់ និងត្រូវយកសំណាករបស់ពួកគាត់ មកធ្វើតេស្តផងដែរ។ ៥- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងក្លិបអិន៨ ទាំងអស់ និងពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ១៩ ទាំង ៣២នាក់នេះ ម្ចាស់ការ មកឱ្យពិនិត្យសំណាកជាចាំបាច់បំផុត។ ៦- សម្តេចតេជោអំពាវនាវដល់ពលរដ្ឋនៅភ្នំពេញ និងតំបន់ដទៃទៀត ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្តឹងក្នុងការអនុវត្តវិធានការ ៣ការពារ និង ៣កុំ ឲ្យបានជាប់លាប់ល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ទាក់ទងទៅនឹងការផ្ទុះនៃព្រឹត្តិការណ៍២០ កុម្ភៈនេះ សម្តេចតេជោ មិនទាន់ចេញបញ្ជាបិទពិធីមង្គលការ សាលារៀន ឬកន្លែងផ្សេងទៀតទេ។ ប៉ុន្តែសម្តេច សង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» នេះ ឲ្យបានល្អប្រសើរ។
សម្តេចតេជោ ជំរុញឲ្យពាក់ម៉ាស់នៅកន្លែងសាធារណៈទាំងអស់ ហើយរក្សាគម្លាតសុវត្ថិភាពឲ្យបានល្អប្រសើរ ហើយបើប្រជាពលរដ្ឋ គ្មានការចាំបាច់ សូមកុំចេញពីផ្ទះ។
ទោះជាមានការផ្ទុះនៃព្រឹត្តិការណ៍ ២០ កុម្ភៈនេះក៏ដោយ សម្តេចតេជោមិនលុបចោលកម្មវិធីចូលរួមសន្និបាតក្រសួងមហាផ្ទៃ និងសម្ពោធសណ្ឋាគារហៃយ៉ាត់ នៅក្នុងសប្តាហ៍ក្រោយនេះនោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំ កុំឱ្យពលករខ្មែរ ត្រឡប់ពីប្រទេសថៃ ដើម្បីមកចូលរួមបុណ្យចូលឆ្នាំខ្មែរ នៅខែមេសាខាងមុខនេះ ព្រោះនឹងត្រូវជាប់ធ្វើចត្តាឡីស័ក នៅព្រំដែន មិនបានចូលឆ្នាំនឹងគេទេ។ ម្យ៉ាងនៅពេលមកដល់កម្ពុជាហើយ ក៏មិនអាចវិលត្រឡប់ទៅកាន់ប្រទេសថៃ ដើម្បីធ្វើការងារវិញបានឡើយ។
សម្តេចតេជោសង្ឃឹមថា ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០ កុម្ភៈ នឹងត្រូវបិទបញ្ចប់នៅអំឡុងពេល១ខែ នៅពេលប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការ និងអនុវត្តវិធានការទាំងអស់គ្នា ដោយយកចិត្តទុកដាក់។
នៅប្រទេសកម្ពុជាយើង ឆ្លងកាត់ព្រឹត្តិការណ៍ឆ្លងសហគមន៍ ២លើករួចមកហើយ។ លើកទី១ ព្រឹត្តិការណ៍ឆ្លងសហគមន៍ ៣វិច្ឆិកា ដែលមានអ្នកឆ្លងត្រឹមតែ ៤នាក់ តែប៉ះពាល់ដល់សម្តេចនាយករដ្ឋមន្ត្រី រួមទាំងថ្នាក់ដឹកនាំកំពូលៗ ក្នុងជួររាជរដ្ឋាភិបាល ដែលត្រូវធ្វើតេស្ត និងធ្វើចត្តាឡីស័ក។ ចំណែកព្រឹត្តិការណ៍ឆ្លងសហគមន៍ លើកទី២ គឺព្រឹត្តិការណ៍ ២៨ វិច្ឆិកា ដែលមានអ្នកឆ្លងសរុប ៤១នាក់ ហើយថ្នាក់ដឹកនាំជាន់ខ្ពស់ រួមមាន សម្តេចប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង រួមទាំងអ្នកពាក់ព័ន្ធសរុបជិត ២ម៉ឺននាក់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ និងធ្វើចត្តាឡីស័ក។
នៅពេលនេះ ពេលចាប់ផ្តើមប្រកាសដំបូង គឺរកឃើញ ៣២នាក់ហើយ គិតចាប់ពីថ្ងៃទី១៨-ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។ រីឯអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២០ កុម្ភៈនេះ អាចមានច្រើន ហើយទំហំនៃការពាក់ព័ន្ធក៏ធំដែរ ព្រោះអ្នកឆ្លងកូវីដ១៩ ជាស្ត្រីជនជាតិចិន ដែលបានលួចចេញពីកន្លែងធ្វើចត្តាឡីស័ក នៅសណ្ឋាគារ សុខា ភ្នំពេញ គឺកើតឡើងតាំងពីថ្ងៃទី៨ ខែកុម្ភៈ មកម៉្លេះ។
យ៉ាងណាក៏ដោយ អ្នកពាក់ព័ន្ធនឹងក្លិបកម្សាន្តអិន៨ រួមទាំងអ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញ ជាជនជាតិចិនទាំងនេះ ត្រូវបានក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ ប្រកាសឲ្យទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ ហើយធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។ ក្នុងករណី អ្នកមិនមានកន្លែងធ្វើចត្តាឡីស័ក អាចទាក់ទងមកអាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ដើម្បីធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ។
ជាការពិតហើយ មែនទែនទៅ មិនថា ពេលនេះ ឬពេលណានោះទេ វិធានការអនាម័យ និងវិធានការការពារ តាមរយៈ «៣ការពារ និង ៣កុំ» នៅតែចាំបាច់ និងមានប្រសិទ្ធភាពគ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ។
វិធានការ ៣ការពារ រួមមាន៖ ១- ពាក់ម៉ាស់ ២- លាងដៃ ៣-រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលពីម្នាក់ ទៅម្នាក់ ចាប់ពី ១ម៉ែត្រកន្លះឡើង ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង។ ចំណែកវិធានការ ៣កុំ រួមមាន៖ ១- កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើន ២- កុំទៅកន្លែងមានមនុស្សច្រើនកុះករ និង៣- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា នៅពេលជួបគ្នា ជាដើម។
ដំណឹងការឆ្លងរាលដាលកូវីដ១៩ ក្នុងសហគមន៍ជាលើកទី៣ នៅភ្នំពេញ នាពេលនេះ បានកើតឡើងចំពេល ដែលកម្ពុជាកំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ដំណើរការចាក់វ៉ាក់សាំងនេះ បានចាប់ផ្តើម តាំងពីថ្ងៃទី១០ ខែកុម្ភៈ។ តែចំនួនអ្នកទៅចាក់វ៉ាក់សាំង ហាក់ដូចជា នៅតិចតួចនៅឡើយ ខណៈដែលក្រុមអាទិភាពមុនគេ ដែលត្រូវចាក់វ៉ាក់សាំងនេះ មានច្រើន។ ក្នុងនោះ បើគ្រាន់តែគិតពីចំនួនឥស្សរជន ក្នុងជួររាជរដ្ឋាភិបាល មន្ត្រីរាជការ ប៉ូលិស ទាហាន ពេទ្យ អ្នកកាសែត ជាដើម គឺអាចលើសពី ៣០ម៉ឺននាក់ ខណៈដែលវ៉ាក់សាំងដំបូងទទួលបានពីចិន ៦០ម៉ឹនដូស។ ម្នាក់ ត្រូវចាក់ ២ដូស។
អ្នកទៅចាក់វ៉ាក់សាំងតិចនេះ អាចមកពីការបំផុសពីក្រុមប្រឆាំង ថាមានគ្រោះថ្នាក់ ឬជាការពិសោធន៍ថ្នាំរបស់ចិន ក្នុងបំណងបង្អាប់វ៉ាក់សាំងកូវីដ ដែលប្រទេសជាច្រើន បានប្រើប្រាស់ ហើយសូម្បីតែប្រទេសមានលុយទិញហើយ ក៏រកទិញថ្នាំវ៉ាក់សាំងនេះ មិនបានផង។
ដូច្នេះអ្នកមិនហ៊ានចាក់វ៉ាក់សាំងកូវីដ មានន័យថា មិនជឿលើវ៉ាក់សាំងផង និងក៏មានន័យថា មិនជឿលើរាជរដ្ឋាភិបាល ហើយនិយាយឲ្យចំ គឺមិនជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ខណៈដែលសម្តេចខំរកវ៉ាក់សាំងមកហើយ ថែមទាំងឲ្យកូនសម្តេចចាក់មុនគេថែមទៀត។
ចាប់តាំងពីថ្ងៃទី១០កុម្ភៈ មកដល់ថ្ងៃទី២០កុម្ភៈ គឺអ្នកបានចាក់វ៉ាក់សាំងរួច ប្រមាណជិត ២ម៉ឺននាក់ មិនកើតមានបញ្ហាសុខភាពអ្វីទេ សូម្បីតែក្តៅខ្លួន វិលមុខ ក៏មិនមានដែរ។
យ៉ាងណាក៏ដោយ ការចាក់វ៉ាក់សាំងនេះ ត្រូវធ្វើតាមគោលការណ៍ស្ម័គ្រចិត្ត និងដោយមិនគិតថ្លៃ។ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋមន្ត្រីការបរទេស បានប្រកាសពីការស្នើសុំទិញវ៉ាក់សាំងកូវីដ ពីឥណ្ឌា ៥លានដូស ខណៈដែលក្រសួងសុខាភិបាល តាមរយៈអ្នកនាំពាក្យ បានប្រកាសថា នៅខែមីនា ឬក៏ខែមេសាខាងមុខ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ AstraZeneca របស់អង់គ្លេស ប្រមាណជាង ៤សែនដូស នឹងត្រូវអង្គការសុខភាពពិភពលោក តាមរយៈយន្តការ ខូវ៉ាក់ បញ្ជូនមកដល់កម្ពុជា។
សរុបមក នរណាយល់យ៉ាងណា ជារឿងរបស់អ្នកនោះ។ តែអ្វីចំពោះមុខ គឺរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងទ្រង់ទ្រាយធំ នៅសហគមន៍ប្រទេសរបស់យើង។ អ្នកជំងឺ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល។ អ្នកប៉ះពាល់ និងពាក់ព័ន្ធផ្សេងទៀត ត្រូវស្រាវជ្រាវរកឲ្យឃើញអស់ ហើយធ្វើតេស្ត និងធ្វើចត្តាឡីស័ក។ រីឯប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តវិធានការការពារ និងទស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដូចអ្វីដែលយើងបានអនុវត្តកន្លងមក៕សរន