ដោយៈ សរិទ្ធ / កណ្តាលៈ ទណ្ឌិតចំនូន ១០០ នាក់ ត្រូវបានបញ្ជូនចេញ ពីពន្ធនាគារខេត្តកណ្តាល ទៅកាន់មណ្ឌលកែប្រែទី៣ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដើម្បីមានឱកាសធ្វើការ បណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទា។ ការបញ្ជូនទណ្ឌិតនេះ គឺជាលើកទី២ ដែលកាលពីលើកទី១ ធ្វើឡើង នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ពន្ធនាគារខេត្តកណ្តាល បានបញ្ជូនទណ្ឌិត ចំនួន ១០០ នាក់ ផងដែរ ទៅកាន់មណ្ឌលកែប្រែ ភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ លោក ចាត ស៊ីនាង ប្រធានពន្ធនាគារ ខេត្តកណ្តាល បានប្រាប់ឱ្យដឹងថាៈ ការបញ្ជូនទណ្ឌិត ចេញពីពន្ធនាគារខេត្តកណ្តាល ទាំងពីរលើក ទៅកាន់មណ្ឌលកែប្រែ ភ្នំក្រវាញ និងត្រពាំងផ្លុងនេះ ដោយសារនៅពន្ធនាគារ ខេត្តកណ្តាល មានទីតាំងតូចចង្អៀត ពិសេសចង់ឱ្យ ជនមានទោសទាំងនោះ មានឱកាសធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទា ឡើងវិញ។
លោកវរសេនីយឯក ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានឱ្យដឹងដែរថាៈ ទណ្ឌិតចំនួន ១០០ នាក់ បញ្ជូនទៅកាន់មណ្ឌលកែប្រែ ត្រពាំងផ្លុងនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល បានរៀបចំកម្លាំង និងមធ្យោបាយ ការពារសុវត្ថិភាព និងដឹកបញ្ជូនទណ្ឌិត ចាប់ពីចំណុចមុខពន្ធនាគារខេត្ត និងតាមដងផ្លូវផងដែរ។ កងកម្លាំង ត្រូវការពារសុវត្ថិភាព ជូនទណ្ឌិត មានកងកម្លាំង នគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្ត និងកងកម្លាំងការពារ របស់ពន្ធនាគារ ខេត្តកណ្តាល ដឹកនាំដោយ ឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ លោក មាន ថាវរិន ប្រធាននាយកដ្ឋានសន្តិសុខ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួល ផែនកណ្តាលយុត្តិធម៌ នៃស្នងការដ្ខាននគរបាល ខេត្តកណ្តាល៕/V