ដោយ: ម៉េងឆៃ / ភ្នំពេញ: កាលពីថ្ងៃទី១៥ ខែកុម្ភៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារប្រកាសដាក់ចេញនូវបទបញ្ជាជាថ្មីម្តងទៀតឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមព្រំដែនកម្ពុជា-ថៃ ក៏ដូចជា ព្រំដែនកម្ពុជា-វៀតណាម និងព្រំដែនកម្ពុជា-ឡាវត្រូវពង្រឹងអនុវត្តការងារគ្រប់គ្រងពលករចេញ ចូលកម្ពុជាឲ្យបានហ្មត់ចត់។ នោះគឺតម្រូវឲ្យពួកគេត្រូវធ្វើចត្តាឡីស័កជាចាំបាច់ នៅតាមព្រំដែន។ សម្តេចតេជោក៏បានបញ្ជាឲ្យ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សហការជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាល កែប្រែអនុក្រឹត្យចាស់ ឬបង្កើតអនុក្រឹត្យថ្មីពាក់ព័ន្ធនឹងការដាក់ ទោសទណ្ឌ ក៏ដូចជាបង្កើនប្រាក់ផាកពិន័យលើអ្នកគេចវេះ មិនធ្វើចត្តាឡីស័ក។
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី បានថ្លែងសារពិសេស ទៅកាន់ជនរួមជាតិ។ សម្តេច បានប្រកាសពីករណីផ្ទុះឆ្លងកូវីដ១៩ ក្នុងសហគមន៍ ជាលើកទី៣ ដែលសម្តេច ប្រសិទ្ធនាម ហៅថា «ព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២០កុម្ភៈ»
កាលពីថ្ងៃទី១៥ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញលិខិត ក្រើនរំលឹកទៅកាន់អភិបាលរាជធានីខេត្ត ត្រូវពង្រឹងនូវការអនុវត្តិវិធានការចត្តាឡីស័ក ចំពោះប្រជាពលរដ្ឋ និងជនបរទេស ដែលបានឆ្លងដែន ចូលមកប្រទេសកម្ពុជា។ ការណែនាំនេះ គឺបន្ទាប់ពីក្រសួងសុខាភិបាល សង្កេតឃើញថា មានល្មើសនឹងការអនុវត្តវិធានការនេះ។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសផាកពិន័យ លើពលករខ្មែរ ដែលគេចវេះ មិនធ្វើចត្តាឡីស័កត្រឹមត្រូវ តាមវិធានការសុខាភិបាល។ សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ធ្វើឡើងបន្ទាប់ពីបានមើលឃើញមានពលករខ្មែរមួយចំនួន មិនបានចូលរួមសហការធ្វើចត្តាឡីស័ក អោយបានត្រឹមត្រូវនោះទេ នៅពេលឆ្លងដែន ចូលមកប្រទេសកម្ពុជា ដែលនាំឲ្យមានហានិភ័យខ្ពស់ ក្នុងការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ប្រទេសយើង។
សម្ដេចតេជោ ហ៊ុន សែន បានសម្រេចជាផ្លូវការ តាមរយៈអនុក្រឹត្យ ចុះថ្ងៃទី១៥ កុម្ភៈ ដកស័ក្តិ និងបណ្តេញលោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ការបណ្ដេញអធិការស្រុកកំរៀង រូបនេះ ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ កើតឡើង ក្រោយរកឃើញថា មានពាក់ព័ន្ធនឹងករណីដោះលែងមេខ្យល់នាំពលរដ្ឋ ឆ្លងដែនខុសច្បាប់។ មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី១៦ ខែកុម្ភៈ អតីតអធិការប៉ូលិសស្រុកកំរៀង ត្រូវបានតុលាការចោទប្រកាន់ និងបញ្ជូនទៅឃុំឃាំង នៅពន្ធនាគារ រង់ចាំការកាត់ទោស។ជាមួយនឹងការសម្រេចនេះ សកម្មភាពគ្រប់គ្រងពលករឆ្លងដែន និងការធ្វើចត្តាឡីស័ក នៅតាមព្រំដែនកម្ពុជា-ថៃ ព្រំដែនកម្ពុជា-វៀតណាម និងព្រំដែនកម្ពុជា-ឡាវ ត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង។
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី បានថ្លែងសារពិសេស ទៅកាន់ជនរួមជាតិ។ សម្តេច បានប្រកាសពីករណីផ្ទុះឆ្លងកូវីដ១៩ ក្នុងសហគមន៍ ជាលើកទី៣ ដែលសម្តេច ប្រសិទ្ធនាម ហៅថា «ព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២០កុម្ភៈ»
គិតចាប់ពីថ្ងៃចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កាលពីថ្ងៃទី១០កុម្ភៈ មកដល់ថ្ងៃទី២០ ខែកុម្ភៈអ្នកដែលបានចាក់ វ៉ាក់សាំងកូវីដ១៩រួចហើយបានលើកឡើងថាសុខភាពរបស់ពួកគេមានសភាពធម្មតាដោយមិនមានប្រតិកម្មណាមួយកើតឡើងនោះទេ។
ផ្ទុយទៅវិញ ក្រោយពីចាក់វ៉ាក់សាំងរួច បានធ្វើឲ្យពួកគាត់ មានសន្តិភាពផ្លូវចិត្ត និងទំនុកចិត្តខ្លាំងជាងមុនពេលមានការប្រាស្រ័យ ទាក់ទងជាមួយអ្នកដទៃ ឬទៅកាន់តំបន់ ដែលអាចមានមនុស្សម្នាច្រើន។ ប៉ុន្តែអ្នកចាក់វ៉ាក់សាំងកូវីដរួច ក៏នៅតែបន្តវិធានការការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា លាងដៃឲ្យបានញឹកញាប់ ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ជាដើម។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ ២ ដាច់ដោយឡែកពីគ្នា ស្តីពីការពង្រឹងវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ និងការកែសម្រួលមាត្រា៨ នៃអនុក្រឹត្យ ស្តីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូលរបស់ប្រទេសកម្ពុជា។
យោងតាមអនុក្រឹត្យទាំងពីរនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់បង្កើនប្រាក់ផាកពិន័យលើអ្នកគេចវេះ ពីការធ្វើចត្តាឡីស័ក ពី ១លានរៀលដល់៥លានរៀលនិងផាកពិន័យមេខ្យល់ពី១០លានរៀលទៅ៥០លានរៀល។ក្រៅពីការបង្កើនប្រាក់ផាកពិន័យលើអ្នកគេចវេះពីការធ្វើចត្តាឡីស័ក និងមេខ្យល់ នៅក្នុងអនុក្រឹត្យថ្មី ក៏បានកំណត់ទោសពិន័យលើអាជ្ញាធរសមត្ថកិច្ច រហូតដល់ ១០លានរៀល ទៅ ៥០លានរៀល ហើយក៏ត្រូវបញ្ជូនទៅតុលាការ កាត់ទោសតាមច្បាប់ព្រហ្មទណ្ឌថែមទៀតផងដែរ។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសកម្ពុលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានដាក់សំណើរផ្ទាល់មាត់ ទៅកាន់រដ្ឋមន្ត្រីការបរទេសឥណ្ឌា ស្នើទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ៥លានដូស។ សំណើរនេះ បានធ្វើឡើង ក្នុងកិច្ចសន្ទនាតាមទូរសព្ទរវាងប្រមុខការទូតនៃប្រទេសទាំងពីរ ដែលក្រសួងការបរទេស ប្រកាសកាលពីថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ។
ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានបន្តធ្វើជារៀងរាល់ថ្ងៃ ចាប់តាំងពីចាប់ផ្តើមដំបូង កាលពីថ្ងៃទី១០ ខែកុម្ភៈ។ទាំងក្រសួង សុខាភិបាល ក៏ដូចជា ក្រសួងការពារជាតិ បានបន្តចាក់វ៉ាក់សាំងកូវីដ ជូនដល់ក្រុមការងារអាទិភាពដំបូង ដែលរួមមាន៖ ឥស្សរជន ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល គ្រូពេទ្យ ប៉ូលិស ទាហាន អ្នកកាសែត ព្រមទាំងមន្ត្រីរាជការនិងមន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់ នៅរាជធានីភ្នំពេញ។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ ក្រសួងសុខាភិបាល បានបន្ថែមកម្មវិធីចាក់វ៉ាក់សាំងដល់មន្ត្រីរាជការ និងគ្រូពេទ្យនៅមន្ទីរសុខាភិបាលរាជធានី ភ្នំពេញ ដែលការចាក់វ៉ាក់សាំងនេះ ធ្វើឡើងនៅមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ។ ដោយឡែកក្រសួងការពារជាតិ នៅចុងសប្តាហ៍នេះ នឹងបន្ថែមកម្មវិធីចាក់វ៉ាក់សាំង ដល់កងទ័ព ដែលឈរជើងបំពេញការងារនៅខេត្តកោះកុង ជាប់ព្រំដែនថៃ។
កាលពីព្រឹកថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងសារពិសេស ទៅកាន់ជនរួមជាតិ។ សម្តេច បានប្រកាសពីករណីផ្ទុះឆ្លងកូវីដ១៩ ក្នុងសហគមន៍ ជាលើកទី៣ ដែលសម្តេច ប្រសិទ្ធនាម ហៅថា «ព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២០កុម្ភៈ»។
សម្តេច ហ៊ុន សែន ប្រកាសថា មកដល់ព្រឹកថ្ងៃទី២០ ខែកុម្ភៈ រកឃើញឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២០កុម្ភៈ ចំនួន ៣២នាក់។ អ្នកទាំងនោះ សុទ្ធតែជាជនជាតិចិន។ ការឆ្លងសហគមន៍នេះ ដោយសារតែអ្នកពាក់ព័ន្ធនឹងក្លិប N8 បានទៅធ្វើតេស្ត រកកូវីដ ដើម្បីចេញទៅក្រៅប្រទេស។
ដើម្បីទប់ស្កាត់ការឆ្លងសហគមន៍នេះ សម្តេច ហ៊ុន សែន បានប្រកាសបិទតំបន់មួយចំនួន នៅរាជធានីភ្នំពេញ ដូចជា ក្លិបកម្សាន្ត N8 និងអាផាតិន រួមទាំងផ្ទះមួយចំនួន ដែលមានការរស់នៅច្រើន។ តែរាជរដ្ឋាភិបាល មិនបិទសាលារៀនឬក៏ហាមឃាត់ការជួបជុំក្នុងពិធី នានា ដូចជា ការរៀបការនោះទេ។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបន្តវិធានការ”៣ការពារ និង ៣កុំ” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដូចជា ពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសុវត្ថិភាពពីម្នាក់ ទៅម្នាក់ ចន្លោះពី ១ម៉ែត្រកន្លះឡើងទៅជាដើម៕សរន