ប្រែសម្រួលៈវាសនា/បាងកក៖នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រី៩រូបទៀតបានរួចផុតការបោះឆ្នោតទម្លាក់ នៅក្នុងការបោះឆ្នោតសម្តែងការទុកចិត្តពីសមាជិកសភាកាលពីថ្ងៃសៅរ៍ទី២០កុម្ភៈ ក្រោយការជជីកសួរដេញដោលអស់៤ថ្ងៃ ចំពេលអ្នកប្រឆាំងតវ៉ានៅក្រៅសភាបន្តទាមទារអោយលោកចុះចេញពីតំណែង។
ញត្តិសម្តែងការមិនទុកចិត្តនាយករដ្ឋមន្ត្រីត្រូវបានច្រានចោលដោយសមាជិកសភា២៧២រូប នៅពេល២០៦រូបគាំទ្រ នេះបើតាមសេចក្តីប្រកាសផ្សាយតាមទូរទស្សន៍។
លោកឈួន លីកផៃ ប្រធានសភាជាតិ បានិយាយថា«ការបោះឆ្នោតនេះបង្ហាញថា សភាមានជំនឿចិត្តលើរដ្ឋាភិបាល»។
សាស្ត្រាចារ្យ ពុនចាដា ស៊ីរីវុនណាប៊ូត អ្នកវិភាគនយោបាយថៃម្នាក់នៅសកលវិទ្យាល័យ ម៉ាហ៊ីដូល ជិតក្រុងបាងកកបាននិយាយថា «ទោះជាពួកគេរួចផុតពីការបោះឆ្នោតទម្លាក់ក៏រដ្ឋមន្ត្រីខ្លះទទួលបានសន្លឹកឆ្នោតគាំទ្រតិចជាងរដ្ឋមន្ត្រីផ្សេងទៀត និងវាបង្ហាញសញ្ញាថាអាចនឹងមានការរុះរើគណៈរដ្ឋមន្ត្រីនៅប៉ុន្មានខែខាងមុខ»។
លោកស្រីបានបន្ថែមថា ទោះជាយ៉ាងណា ការឈ្នះការបោះឆ្នោតក្នុងសភានេះបង្ហាញថា រដ្ឋាភិបាលរបស់លោកប្រាយុទ្ធនឹងបន្តការងាររហូតចប់អាណត្តិ។
នេះជាបរាជ័យនៃការសម្តែងការមិនទុកចិត្តពីសភាជាលើកទី២ចាប់តាំងពីការបោះឆ្នោតសកលឆ្នាំ២០១៩ ។វានឹងអនុញ្ញាតអោយ អតីតមេដឹកនាំរដ្ឋប្រហារ ប្រាយុទ្ធ ចាន់អូចាបន្តកិច្ចខិតខំរបស់រដ្ឋាភិបាលលោកដើម្បីកំហិតផលប៉ះពាល់ពីការផ្ទុះកូវីដ១៩នៅរលកទី២ ដែលគំរាមបំផ្លាញការរើបរើសេដ្ឋកិច្ចថៃឡើងវិញ។
ក្នុងពេលជាមួយគ្នា បណ្តាក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យទំនងជានឹងបង្កើនយុទ្ធនាការតាមដងផ្លូវរបស់គេដើម្បីទាមទារអោយលោកប្រាយុទ្ធ ចុះចេញពីតំណែង សរសេររដ្ឋធម្មនុញ្ញថ្មីមួយ និងកែទំរង់របបរាជានិយម៕
នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ស្វាគមន៍ក្នុងអំឡុងសភាបើកការជជែកសួរដេញដោលមន្ត្រីរដ្ឋាភិបាលនៅសប្តាហ៍នេះមុនការបោះឆ្នោតសម្តែងការទុកចិត្ត