ដោយៈ ដេប៉ូ / ភ្នំពេញៈ ដើម្បីទប់ស្កាត់ ក៏ដូចជា បង្ការការរីករាលដាល នៃជំងឺកូវីដ-១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយធ្វើការផាកពិន័យ ចំពោះបងប្អូនពលករកម្ពុជា ដែលគេចវេះ មិនបានធ្វើចត្តាឡីស័ក ត្រឹមត្រូវ។
បើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ បានបញ្ជាក់ថាៈ យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ និងអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាល ជាអន្តរជាតិ នៃជំងឺ នៅតាមច្រកចេញចូល ក្រសួងសូមជម្រាបជូន បងប្អូនពលករទាំងអស់ មេត្តាជ្រាបថា ដើម្បីថែរក្សាសុវត្ថិភាព សុខភាព វិធានការសុខាភិបាលសាធារណៈ និងទប់ស្កាត់ការរីករាលដាលជំងឺកូវដ-១៩ ចូលក្នុងសហគមន៍ ជាពិសេសចំពោះ សុខភាពរបស់បងប្អូនពលករ និងក្រុមគ្រួសារផ្ទាល់ ដោយកំណត់ឱ្យបងប្អូនពលករ អនុវត្តដូចខាងក្រោម៖
១-មិនត្រូវលួចឆ្លងដែនខុសច្បាប់ ចូលមកប្រទេសកម្ពុជាឡើយ ដែលអាចមានហានិភ័យខ្ពស់ ចំពោះ អាយុជីវិតផ្ទាល់ខ្លួន និងការនាំជំងឺឆ្លង ចូលមក ប្រទេសកម្ពុជា។
២-ករណីត្រូវចូលមកប្រទេសកម្ពុជា ត្រូវអនុវត្តការធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ តាមវិធានការសុខាភិបាល ដោយមិនត្រូវគេចវេះ ជាដាច់ខាត។ ករណីគេចវេះ មិនព្រមធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ នឹងត្រូវទទួលរងការផាក ពិន័យចំនួន ១ ០០០ ០០០រៀល ឬច្រើនជាងនេះ និងទទួលទោសព្រហ្មទណ្ឌ ដូចមានចែង នៅក្នុងច្បាប់ និងបទប្បញ្ញត្តិ ព្រហ្មទណ្ឌ ជាធរមាន។
៣-សហការផ្តល់ព័ត៌មាន ដល់ស្ថានទូត ឬអាជ្ញាធរមានសមត្ថកិច្ច ដែលនៅជិត ពាក់ព័ន្ធនឹងមេខ្យល់ ដែលសន្យានាំបងប្អូនពលករឆ្លងដែន ចេញ-ចូលខុសច្បាប់ ប្រទេសកម្ពុជា។
សេចក្តីដូចបានជម្រាបជូន ខាងលើ សូមបងប្អូនពលករ មេត្តារក្សាភាពនឹងនរ និងចូលរួមអនុវត្តឱ្យត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា ការឆ្លងជំងឺកូវីដ១៩ នៅថ្ងៃទី២០ កុម្ភៈ គឺជាការឆ្លងសហគមន៍ទី៣ បន្ទាប់ពីការឆ្លង ចូលសហគមន៍ ចំនួន ៣២ នាក់ ។ ព្រឹត្តិការណ៍សហគមន៍លើកទី១ គឺថ្ងៃ ៣ វិច្ឆិកា ឆ្នាំ២០២០ និងលើកទី២ ថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២០៕/V