ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នគរបាលនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានចុះឃាត់ខ្លួនមេខ្យល់ ៣ នាក់ ប្រុស ស្រី ហើយបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណីនាំពលករ ឆ្លងដែនទៅធ្វើការនៅស្រុកថៃ ដោយខុសច្បាប់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថាៈ ក្រោមការបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កម្លាំងសម្ថកិច្ច បានទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ ជាច្រើននាក់ ក្នុងនោះ ចុះស្រាវជ្រាវ ឃាត់មេខ្យល់ប្រុស ស្រី ចំនួន ៣ នាក់ មានៈ ១.ឈ្មោះ ប៉ោច គឹមស៊ឹង ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិស្រះលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ , ២.ឈ្មោះ សេន សាវី អាយុ ៣៨ ឆ្នាំ ជាប្តី និង៣. ឈ្មោះ វ៉ាន់ សាលី អាយុ ៣៧ ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ សេន សាវី រស់នៅភូមិក្បាល ស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកស្រី បានបន្តថាៈ ឈ្មោះ ប៉ោច គឹមស៊ឹង នេះ ពាក់ព័ន្ធនឹងការដឹកជញ្ជូនពលករខ្មែរ ចំនួន ៩ នាក់ ជាអ្នកលក់ដូរ នៅផ្សាររុងឃ្លឿ ប្រទេសថៃ ដែលបម្រុងចូល តាមច្រកអូរបីជាន់ ប៉ុន្តែគេបានប្រាប់ចម្លើយ មុនអោយពលករទាំងនោះថា បើសមត្ថកិច្ច សួរនាំ ត្រូវឆ្លើយថា ទៅបន្ទាយឆ្មារ ព្រោះដើម្បីរួចផុតពីការឃាត់ខ្លួន។
ប៉ុន្តែពេលសមត្ថកិច្ច ឃាត់រថយន្តសួរនាំ ពលករទាំងនោះ បាននិយាយថា ទៅលក់ឥវ៉ាន់ នៅផ្សាររុងគឿ ដោយគេយកថ្លៃជូនផ្លូវ ចំនួន ៣.០០០ បាត / ម្នាក់ ៗ
ជនសង្ស័យ ប៉ោច គឹមស៊ឹង បានឆ្លើយសារភាពថាៈ ខ្លួនបានយកថ្លៃដឹកជញ្ជូន ទៅច្រកអូរបីជាន់ ចំនួន ១០០.០០០ រៀល / ម្នាក់ៗ ប៉ុណ្ណោះ ។
សមត្ថកិច្ច បានបន្តថាៈ ជនសង្ស័យទាំង ៣ នាក់ ត្រូវបានបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕/V