ដោយ: សុខុម / ស្ទឹងត្រែងៈ បុរសម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាល ឃុំសេកុង ស្រុកសៀមប៉ាង ឃាត់ខ្លួនបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុក ពាក់ព័ន្ធករណីប្រើអំពើហិង្សា ទៅលើភរិយារបស់ខ្លួន ព្រមទាំងដកហូតបានអាវុធកែច្នៃមួយដើម នៅវេលាម៉ោង ៨និង៣០ ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២១។
មន្ត្រីប៉ុស្តិ៍នគរបាលឃុំសេកុង បានបញ្ជាក់ថាៈ បុរសដែលត្រូវឃាត់ខ្លួន ឈ្មោះ ម៉ៅ ធី អាយុ ៥៩ ឆ្នាំ រស់នៅភូមិលុន ត្រើយខាងកើត ទន្លេសេកុង ឃុំសេកុង ស្រុកសៀមប៉ាង។ ស្ត្រីជាប្រពន្ធ ឈ្មោះ រវ៉ង់ តង់ អាយុ ៣០ ឆ្នាំ។
ប្រភព បានបន្តថាៈ នៅវេលាម៉ោង ១១ យប់ ថ្ងៃទី១៩ ខែកុម្ភៈ មានករណីហិង្សា កើតឡើង រវាងប្ដីប្រពន្ធ។ បន្ទាប់មក ស្ត្រីជាប្រពន្ធ ឈ្មោះ រវ៉ង់ តង់ ក៏បានដាក់ពាក្យបណ្ដឹង ទៅកាន់ប៉ុស្តិ៍នគរបាលឃុំសេកុង ហើយកម្លាំងនគរបាល បានឃាត់ខ្លួនបុរសនោះ នៅពេលព្រឹក ថ្ងៃទី២០ កុម្ភៈ បញ្ជូនសំណុំរឿង ទៅអធិការដ្ឋាននគរបាល ស្រុកសៀមប៉ាង និងបន្តមកកាន់ស្នងការដ្ឋាន នគរបាលខេត្ត ជាបន្តទៀត។
តាមការបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីឃាត់ខ្លួន បុរសជាប្ដី ក្នុងករណីហិង្សានេះ សមត្ថកិច្ច ក៏បានដកហូតអាវុធច្នៃមួយដើម និងឧបករណ៍ សម្ភារៈ ក្បាលឆក់ត្រីមួយ និងវិទ្យុទាក់ទង ចំនួន ៤ គ្រឿង៕/V